ខេត្តកណ្ដាល ៖ បុរសម្នាក់ត្រូវកម្លាំងនរគរបាលស្រុកស្អាងឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី២២ មីនា ២០១៦ បន្ទាប់ពីរូបគេធ្វើសកម្មភាពគប់សាំងដបដុតភ្លើងចូលទៅក្នុងរោងចក្រកាតដេរ «អ៊ីហ្គាមេន» ដើម្បីដុតបំផ្លាញចោល កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ មីនា ស្ថិតនៅភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង បណ្តាលឱ្យមនុស្សរងរបួសម្នាក់ ។
ជនសង្ស័យខាងលើ ឈ្មោះធា ចិត្រា ហៅឈឿន សុខល័ក្ខ អាយុ២២ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ។ ចំណែកឯជនរងគ្រោះឈ្មោះអន ប៊ុនធឿន អាយុ៤៩ឆ្នាំ ជាសន្តិសុខរោងចក្រ មានទីលំនៅក្នុងភូមិមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភបបន្តថា កាលពីម៉ោង០១ និង១០នាទីរំលងអធ្រាត្រឈានថ្ងៃទី២២ មីនា បន្ទាបពីជនសង្ស័យផឹកស្រាស្រវឹង ហើយមានចិត្តខឹងនឹងប្រធានសន្តិសុខរោងចក្រអ៊ីហ្គាមែន បានបញ្ឈប់ការងារខ្លួនពីសន្ដិសុខ ក៏បានយកក្រណាត់មុងជ្រលក់សាំងច្រកចូលក្នុងដបសាំងរួចដុតភ្លើងឆេះ ហើយគប់ដបពីខាងក្រៅរបងរោងចក្រសំដៅចូលក្នុងបរិវេណរោងចក្រ ។ ភ្លាមនោះ ក៏មានសន្តិសុខប្រចាំការបានឃើញទាន់ ក៏ពន្លត់ទាន់ ។
បន្ទាប់មក ជនសង្ស័យបានរត់គេចខ្លួន រហូតដល់ម៉ោង០៤ និង៤០នាទីរសៀលថ្ងៃដដែល ក៏ត្រូវនគរបាលឃាត់ខ្លួននាំមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការបន្ត ។
ចែករំលែកព័តមាននេះ