រាជធានីភ្នំពេញ ៖ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បានធ្វើការចុះចាប់ទំនិញក្លែងក្លាយជាច្រើនប្រភេទ មានដូចជា កាហ្វេ, តែ, ទឹកត្រី, ស្រា និងផលិតផលផ្សេងៗទៀត ដែលនាំចូលពីប្រទេសវៀតណាម មានទាំងទំនិញផុតកំណត់កាលបរិច្ឆេទប្រើប្រាស់រាប់រយគីឡូក្រាម ហើយក៏បានឃាត់ខ្លួនមិត្តភក្ដិម្ចាស់ទីតាំងម្នាក់ជាជនជាតិវៀតណាម នាំទៅកាន់នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីសាកសួរផងដែរ ។ រឹបអូសកាហ្វេក្លែងក្លាយជាង៣០០កេសនាំចូលពីវៀតណាម
ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង០៩ និង៥០នាទីព្រឹកថ្ងៃទី២២ មីនា ២០១៦ ស្ថិតនៅចំណុចផ្ទះលេខ១៩-២០ ស្ថិតនៅបុរីក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បើតាមមន្ត្រីប៉ូលិសបានឱ្យដឹងថា ទំនិញដែលបង្ក្រាបនេះ មានជាច្រើនប្រភេទដែលមានទម្ងន់រាប់រយគីឡូក្រាម និងបានបង្កឱ្យមានការប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់យ៉ាងធ្ងន់ធ្ងរ ប្រសិនបើមិនមានការគិតគូរទេនោះ ។ ទំនិញទាំងនោះ ត្រូវគេស្តុកសម្រាប់ចែកចាយទៅតាមទីផ្សារនានា នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានាទូទាំងប្រទេស ។
ទំនិញទាំងនោះ ត្រូវឈ្មួញនាំចូលពីប្រទេសវៀតណាម ដែលផុតកាលបរិច្ឆេទកំណត់ក្នុងការប្រើប្រាស់ ។ ប្រភពដដែលបន្តថា កម្លាំងបានដកហូតរួមមានទំនិញខាងលើមាន, កាហ្វេម៉ាក Vina Cafe ចំនួន៣៨៨កេស ស្មើរនិង៤១៥១គីឡូក្រាម (ហួសរយៈពេលប្រើប្រាស់) តែម៉ាកCoolea ចំនួន៧០កេស ស្មើរនិង៥៦០គីឡូក្រាម, មេស្រាចំនួន៤០ដប, ម៉ាស៊ីនវេចខ្ចប់ចំនួន២គ្រឿង, និងម៉ាស៊ីនចំហុយស្រា១គ្រឿង ។
បន្ទាប់មក បាននាំយកទៅរក្សាទុកនៅនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ។ ដោយឡែកវត្ថុតាងក្រៅពីនេះ សម្រេចចាក់សោផ្លុំបេទុកនៅក្នុងទីតាំងខាងលើ ព្រមទាំងមិត្តភក្ដិម្ចាស់ទីតាំងជនជាតិវៀតណាមម្នាក់ យកទៅធ្វើការសាកសួរ នៅនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
ចែករំលែកព័តមាននេះ