ខេត្តកំពត ៖ ករណីហិង្សាកើតឡើងនៅក្នុងគ្រួសារមួយ ដែលផ្តើមចេញពីបុរសប្តីខឹងទប់លែងបាន ក៏រត់ទៅយកកាំបិតផ្គាក់កាប់ទៅលើស្ត្រីជាប្រពន្ធជាច្រើនកាំបិត បណ្តាលឱ្យរងរបួសធ្ងន់សន្លប់ក្នុងថ្លុកឈាម រួចបុរសបង្កគេចខ្លួនបាត់ ដែលហេតុការណ៍នេះកើតឡើង កាលពីវវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ មីនា ២០១៦ ស្ថិតនៅចំណុចភូមិជ្រុងស្រឡៅ ឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស ។
ប្រភពឱ្យដឹងថា បុរសជាប្តីដៃដល់ឈ្មោះខែន បុណ្ណា អាយុ៤៦ឆ្នាំ និងស្ត្រីប្រពន្ធរងគ្រោះឈ្មោះសែម លាន អាយុ៣៤ឆ្នាំ មានកូន៣ប្រុស-ស្រី៣នាក់។
បើតាមប្រភពជំហានដំបូងឱ្យដឹងថា កាលពីរសៀលថ្ងៃទី២០ មីនា ទាំង២នាក់ប្តី-ប្រពន្ធខាងលើ នាំគ្នាទៅចូលរួមកាត់ចំណងដៃកូនស្ថិតនៅភូមិព្រៃទន្លេ ឃុំព្រៃទន្លេ ស្រុកបន្ទាយមាស ។ លុះពេលត្រឡប់មកផ្ទះវិញទាំងកណ្តាលអធ្រាត្រ ខណៈស្ត្រីជាប្រពន្ធទៅងូតទឹក ហើយប្តីក៏សួរប្រពន្ធដោយត្រង់ៗថា «ឯងមានលួចស្នេហាជាមួយតៃកុងឡានទេ?» ។ ពេលនោះត្រូវប្រពន្ធឆ្លើយវិញថា «ចុះត្រង់ឯងមានស្រី អញមានប្រុសវិញមិនបានឬ?» ។
សោយសារតែដខឹងប្រពន្ធបានឆ្លើយបែបនេះ បុរសជាប្តីទ្រាំលែងបាន ក៏រត់ទៅយកកាំបិតផ្គាក់កាប់ប្រហារប្រពន្ធទាំងកំរោល របួសជាច្រើនកន្លែង បណ្តាលឱ្យសន្លប់ក្នុងថ្លុកឈាម ។ ពេលដែលកាប់ប្រពន្ធរួច បុរសនោះបានដើរឆ្លងទៅព្រែកត្រើយខាងជើង ហើយទៅប្រាប់ឈ្មោះប៉ែត ថា អញកាប់ប្រពន្ធងាប់ហើយ ទៅមើលទៅ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង ។
បើតាមប្រភពមួយទៀតឱ្យដឹងថា បុរសជាប្តីឈ្មោះខែន បុណ្ណា កន្លងមក ក៏ត្រូវប្រពន្ធប្រចណ្ឌជាមួយស្ត្រីម្នាក់នៅផ្សារកំពង់ត្រាច ដែលជាអាជីវករលក់ដូរម្នាក់ ។ កាលណោះ ស្ត្រីជាប្រពន្ធបានទៅជេរដៀលលើស្ត្រីម្នាក់នោះយ៉ាងចាស់ដៃផងដែរ ។ បន្ទាប់ត្រូវឈ្មោះខែន បូណា ដោះស្រាយបញ្ចប់រឿងទៅ ។
ចែករំលែកព័តមាននេះ