ពលករខ្មែរ១៩នាក់ មានកុមារ២នាក់ បម្រុងឆ្លងដែនទៅប្រទេសថៃ និងអ្នកនាំផ្លូវម្នាក់ត្រូវនគរបាលឃាត់ខ្លួន
- បន្ទាយមានជ័យ
បន្ទាយមានជ័យ ៖ ពលករខ្មែប្រុសស្រីចំនួន១៩នាក់ ក្នុងនោះកុមារចំនួន០២នាក់បំរុងលួចឆ្លងដែនទៅប្រទេសថៃ និងអ្នកជូនផ្លូវ០១នាក់ត្រូវកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបឹងបេងសហការជាមួយកម្លាំងយោធាប្រតិបត្ដិការសឹករងខេត្ដបន្ទាយមានជ័យធ្វើការឃាត់ខ្លួននៅវេលាម៉ោង០៥និង១០នាទីព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ នៅចំណុចមាត់អូរព្រំដែន ស្ថិតក្នុងភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ បានឲ្យដឹងថា ៖ ពលករខ្មែរទាំង១៩នាក់ក្នុងនោះស្រីចំនួន០៦នាក់កុមារចំនួន០២នាក់ ដែលកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបឹងបេង សហការជាមួយ កម្លាំងយោធាប្រតិបត្ដិការសឹករង ខេត្ដបន្ទាយមានជ័យ ធ្វើការឃាត់ខ្លួនមកពី០៤ខេត្តក្នុងនោះ ១/-ខេត្តបន្ទាយមានជ័យចំនួន០៣នាក់,២/-ខេត្តបាត់ដំបងចំនួន០៩នាក់,៣/-ខេត្តត្បូងឃ្មុះចំនួន០១នាក់និង៤/-ខេត្តព្រៃវែងចំនួន០៦នាក់ ។

លោកមេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ បានបញ្ជាក់ថា ៖ នៅក្នុងចំណោមពលរទាំង១៩នាក់នោះ សមត្ថកិច្ចចម្រុះបានរកឃើញអ្នកជូនផ្លូវដើម្បីលួចឆ្លងដែនចូលទៅប្រទេថៃចំនួន០១នាក់ ឈ្មោះ ឃឹន សុឃី ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក សួង សៅ បានបញ្ជាក់បន្ថែមទៀតថា៖ចំពោះពលករទាំងនោះ និងអ្នកនាំផ្លូវបន្ទាប់ពីធ្វើការណែនាំស្ដីពីការឆ្លងរាលដាលរបស់មេរោគកូវីដ-១៩ និងធ្វើកិច្ចសន្យារួចបានបញ្ជូនពួកគាត់ទៅមណ្ឌលចត្ដាឡីស័កកម្រិត២ វិទ្យាល័យម៉ាឡៃ ដើម្បីយកសំណាកធ្វើតេស្ដរកមេរោគកូវិដ-១៩ មុននឹងប្រគល់ជូនផ្នែកជំនាញរបស់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីសួរនាំនិងចាត់វិធានការតាមនិតិវិធីចំពោះអ្នកនាំផ្លូវ ៕


<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ