ខេត្តបន្ទាយមានជ័យ ៖ ផ្ទះមួយខ្នងមានទំហំ៣ម៉ែត្រ គុណ៤ម៉ែត្រ ធ្វើអំពីឈើប្រក់ស្លឹក រួមទាំងលុយចំនួន១៦ម៉ឺនបាត និងសម្ភារៈក្នុងផ្ទះ ត្រូវបានក្លាយជាចំណីអគ្គិភ័យ បន្ទាប់ពីត្រូវកូនប្រសារប្រុសខឹងជាមួយឪពុកក្មេក ក៏ដុតផ្ទះចោលហើយគេចខ្លួនបាត់ ដែលហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង០២ និង១០នាទីរសៀលថ្ងៃទី២១ មីនា ២០១៦ ស្ថិតនៅភូមិចក្រី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
ម្ចាស់ផ្ទះខាងលើ ឈ្មោះញិប ផៅ ភេទប្រុស អាយុ៨៦ឆ្នាំ មានកូនប្រសាឈ្មោះឈុន សូត្រ (ជនបង្ក) អាយុ៣៥ឆ្នាំ រស់នៅក្នុងភូមិជាមួយគ្នា និងមានជំងឺសរសៃប្រសាទ (មានលិខិតបញ្ជាក់ពីគ្រូពេទ្យ) ។
ប្រភពបន្តថា មុនពេលកើតហេតុ បុរសជាកូនប្រសាមកលេងផ្ទះខាងលើ និងបានផឹកស្រាស្រវឹង ឃើញដូច្នេះ ឪពុកក្មេកបានចេញពីផ្ទះ ដើរទៅផ្ទះកូនប្រសាម្នាក់ទៀត ដែលនៅចម្ងាយពីផ្ទះគាត់៥ម៉ែត្រ ។ ពេលនោះស្រាប់តែឈ្មោះឈុន សូត្រ នេះ ខឹង ក៏យកដែកកេះមកដុត បណ្តាលឱ្យឆាបឆេះសន្ធោសន្ធៅតែម្តង ដែលមិនអាចមានអ្នកណាជួយពន្លត់ទាន់ទេ ព្រោះផ្ទះប្រក់ស្លឹកនិងជញ្ជាំងក៏ស្លឹកនោះ ។ ក្នុងហេតុការណ៍ឆេះនេះ មិនបណ្តាលឱ្យអ្នកណាម្នាក់រងគ្រោះថ្នាក់ដែរ តែទ្រព្យសម្បត្តិវិញគឺឆេះអស់ជាច្រើន។
ចែករំលែកព័តមាននេះ