ព្រឹកថ្ងៃទី២០ មីនា ២០១៦ លោកបណ្ឌិតទេសរដ្ឋមន្ត្រី ប៉ែន ស៊ីម៉ន ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យពុទ្ធាពិសេក ព្រះអង្គបរិនិព្វាន និងសមិទ្ធផលនានា ស្ថិតក្នុងភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត ដោយមានការចូលរួមពីលោកជំទាវ អ៊ុន សុគន្ធា តំណាងរាស្ត្រមណ្ឌលកំពត អាជ្ញាធរខេត្ត-ក្រុង ព្រះសង្ឃ ពុទ្ធិបរិស័ទ សិស្សានុសិស្សយ៉ាងច្រើនកុះករ។
លោក នាក់ សុវណ្ណារី អភិបាលក្រុងកំពត បានគូសបញ្ជាក់ថា សមិទ្ធផលដែលត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់តាមពុទ្ធានុញ្ញាតនៅពេលនេះ រួមមានប្រាសាទពុទ្ធិបរិស័ទ បូជនីយដ្ឋាន ព្រះអង្គបរិនិព្វាន មានបណ្តោយ១០.៨ម៉ែត្រ ទទឹង៤.២ម៉ែត្រ កម្ពស់១១.៦០ម៉ែត្រ ចំណាយថវិកាអស់២១.៥០០ដុល្លារអាមេរិក មហាកុដ្ឋ មួយខ្នងប្រវែង១៨ម៉ែត្រ ទទឹង១៣ម៉ែត្រ កម្ពស់១៣.៥ម៉ែត្រ អស់ថវិកា១២៥.៩០០ដុល្លារអាមេរិក ផ្លូវចូលវត្តត្រើយកោះមួយខ្សែរប្រវែង២៩៣ម៉ែត្រ ទទឹង៥ម៉ែត្រអស់ថវិកា២១.៩៧៥ដុល្លារអាមេរិក នាគ និងបង្គោលភ្លើងតាមបណ្តោយមាត់ព្រែកប្រវែង២១៦ម៉ែត្រ ចំណាយថវិកាអស់៥.៣២០ដុល្លារអាមេរិក ។
មានប្រសាសន៍ សំណេះសំណាលលោកបណ្ឌិតទេសរដ្ឋមន្ត្រី ប៉ែន ស៊ីម៉ន បានពាំនាំនូវការនឹករលឹកសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែផ្សាភ្ជាប់សុខទុក្ខ របស់សម្តេចជាមួយសុខទុក្ខរបស់ប្រជាពលរដ្ឋតាមគ្រប់រូបភាព បើទោះបីសម្តេច មានភារកិច្ចមមាញឹកក្នុងការដោះស្រាយប្រឈមនានាជាអាយុជីវិតជាតិ ក្នុងស្មារតីម្ចាស់ប្រទេសធានាឱ្យបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យជូនជាតិ មាតុភូមិក្តី ។
លោកបណ្ឌិតទេសរដ្ឋមន្ត្រី បានលើកឡើងពីអត្ថន័យនៃពិធីបុណ្យឆ្លងនានា និងតួរនាទីវត្តអារ៉ាមក្នុងសង្គមកម្ពុជា ដោយចាត់ទុកថា ការបុណ្យឆ្លងសមិទ្ធផលនានានៅពេលនេះ ពិតជាបានរួមចំណែកយ៉ាងធំធេងជាមួយព្រះសង្ឃក្នុងការធ្វើសង្ឃកម្មតាមពុទ្ធានុញ្ញាត ។ លោកបណ្ឌិតបានលើកឡើងពីការខិតខំរបស់រាជរដ្ឋាភិបាលកន្លងមក ដែលបង្កឱ្យមានការរស់រានកកើតឡើងវិញដំណាលគ្នានូវព្រះពុទ្ធសាសនា ក៏ដូចជាសាសនាផ្សេងៗទៀតនៅកម្ពុជា នាថ្ងៃទី៧ មករា ១៩៧៩ ។
លោកបណ្ឌិតបានជំរាបជូនពីកាតព្វកិច្ចពលរដ្ឋក្នុងការរួមគ្នា ថែរក្សាការពារគរុភ័ណ្ឌនានាក្នុងវត្ត ការការពារវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏ផូរផង់របស់ជាតិ ទល់នឹងការហូរចូលនូវវប្បធម៌របស់បរទេសជាដើម ។ តមកលោកបណ្ឌិតបានប្រគេនព្រះរាជក្រឹត្យ ប្រកាសនីយប័ត្រ ប្រគេនដល់ព្រះសង្ឃតាមឋានានុក្រម និងប្រគេនថវិកា១០លានរៀល ដល់ព្រះចៅអធិការវត្តត្រើយកោះ ជូនតាជី យាយជី ២០០នាក់ ម្នាក់ៗក្រណាត់ស០១ដុំ ប្រាក់១ម៉ឺនរៀល ក្រុមយុវជនកាយរិទ្ធិ១០០នាក់ ក្រុមយុវជនកាកបាទក្រហម១០០នាក់ ម្នាក់ៗប្រាក់១ម៉ឺនរៀល ជូនសៀវភៅសិក្សាភាសាអង់គ្លេស ភាសាថៃ ចំនួន២០០ក្បាល សម្រាប់សាលាបឋមសិក្សាត្រើយកោះ ៥០ក្បាល សាលាបឋមសិក្សាបឹងតាព្រាម៥០ក្បាល អនុវិទ្យាល័យត្រើយកោះ៥០ក្បាល សាលាព្រះរាជសម្ភារ៥០ក្បាល និងអញ្ជើញរាប់បាត្រព្រះសង្ឃ១០៨អង្គផងដែរ ៕
ចែករំលែកព័តមាននេះ