សេចក្តីថ្លែងការណ៍រួមក្នុងទិវាព្រៃឈើអន្តរជាតិអំពាវនាវការពារព្រៃឡង់
រាជធានីភ្នំពេញ ៖ ព្រៃឈើមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ផែនដី និងជីវិតនៅលើភពផែនដី ។ ព្រៃឈើជាសួតនៃពិភពផែនដី ហើយមាននាទីស្រូបយកឧស្ម័នកាបូនិក…
រាជធានីភ្នំពេញ ៖ ព្រៃឈើមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ផែនដី និងជីវិតនៅលើភពផែនដី ។ ព្រៃឈើជាសួតនៃពិភពផែនដី ហើយមាននាទីស្រូបយកឧស្ម័នកាបូនិក…
រាជធានីភ្នំពេញ ៖ ព្រៃឈើមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ផែនដី និងជីវិតនៅលើភពផែនដី ។ ព្រៃឈើជាសួតនៃពិភពផែនដី ហើយមាននាទីស្រូបយកឧស្ម័នកាបូនិក និងបង្កើតអុកស៊ីហ្សែនសម្រាប់ជីវិតនៅលើភពផែនដី ហើយក៏ជួយកាត់បន្ថយកណើនឧស្ម័នផ្ទះកញ្ចក់ផងដែរ ។ នេះជាការលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍រួមស្ដីអំពីទិវាព្រៃឈើអន្តរជាតិ«ព្រៃឡង់ ប្រទេសកម្ពុជា» ខណៈដែលព័ត៌មានពីការកាប់បំផ្លាញព្រៃឈើបានឈានដល់ចំណុចគួរឱ្យព្រួយបារម្ភ ។
សេចក្ដីថ្លែងការណ៍ដែលបានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ លើកឡើងថា ដោយសារតួនាទីដ៏សំខាន់់ទាំងនេះ និងការប្រឈមនឹងការបាត់បង់ឈើ រួមទាំងបម្រែបម្រួលអាកាសធាតុសកល មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តសេចក្ដីសម្រេចរួមមួយ (A/RES/67/200) កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១២ ដែលបានប្រកាសជាសាកលថា នៅថ្ងៃទី២១ ខែមីនា ជារៀងរាល់ឆ្នាំនឹងត្រូវបានចាត់ទុកជាទិវាព្រៃឈើអន្តរជាតិ ។
ដោយឡែកនៅប្រទេសកម្ពុជា ព្រៃឡង់ និងតំបន់ព្រៃឈើផ្សេងទៀត ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការរួមចំណែកធ្វើឱ្យប្រសើរឡើងសម្រាប់កាត់បន្ថយភាពក្រីក្រ ចីរភាពបរិស្ថាន និងសន្តិសុខស្បៀង ។
ព្រៃឡង់ មានសារសំខាន់បំផុតសម្រាប់មនុស្សប្រមាណ២០ម៉ឺននាក់ ដែលកំពុងរស់នៅនិងទទួលផលនៅជុំវិញព្រៃឡង់ ជាពិសេសវាមានសារសំខាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់ប្រជាសហគមន៍ជនជាតិដើមភាគតិចកួយ ដែលរស់នៅពឹងផ្អែកលើផលនិងអនុផលព្រៃឈើ ។ របរសំខាន់បំផុតសម្រាប់ប្រជាសហគមន៍កួយគឺ របររកជ័រឈើ (ជ័រច្បោះ និងជ័រចុង) ដែលជារបរសម្រាប់ចិញ្ចឹមជីវិតរបស់ពួកគេ ។
ព្រៃឡង់ ជាព្រៃដែលមានសារសំខាន់ សម្រាប់បឹងទន្លេសាប ក្នុងការផ្តល់ទឹកគ្រប់រដូវកាលដែលហូរចាក់តាមស្ទឹងសែន ស្ទឹងជីនិត ដែលយើងអាចនិយាយបានថា ព្រៃឡង់ គឺជាបេះដូងនៃបឹងទន្លេសាប ហើយទន្លេសាបជាបេះដូងនៃប្រទេសកម្ពុជា ។ នៅពេលដែលបឹងទន្លេសាបជន់លិចជារៀងរាល់ឆ្នាំ ព្រៃឡង់បានផ្តល់សារជាតិចិញ្ចឹមដ៏សំខាន់ ក្នុងការជួយបង្កើនផលិតផលកសិកម្ម និងមានតួនាទីសំខាន់ក្នុងការទ្រទ្រង់ធនធានជលផលផងដែរ ។ លើសពីនេះទៀត ព្រៃឡង់ក៏បានផ្តល់ទឹកដល់ទន្លេមេគង្គ ដែលហូរចាក់តាមស្ទឹងសៀមបូក និងបានហូរនាំយកនូវសារធាតុចិញ្ចឹមចាក់ចូលទៅក្នុងទន្លេ ។
ព្រៃឡង់ ជាតំបន់ដែលគ្របដណ្តប់ដោយតំបន់ព្រៃឈើដ៏ធំបំផុតរបស់កម្ពុជា ដែលមានស្លឹកឈើពណ៌បៃតងគ្រប់រដូវកាល ដែលមិនទាន់ស្ថិតនៅក្រោមកិច្ចការពារជាផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជានៅឡើយ ។ តំបន់នេះស្ថិតក្នុងចំណោមថ្នាក់ជាតំបន់មួយដ៏មានសក្តានុពល ក្នុងចំណោមតំបន់ជាច្រើនទៀតនៃទំនាបព្រៃស្បោងក្នុងតំបន់ឥណ្ឌូភូមា ដែលជាតំបន់ជីវចម្រុះសំខាន់ជាងគេមួយ ក្នុងចំណោមតំបន់សំខាន់ជាងគេបំផុតទាំង១០នៅលើពិភពលោក ពោលគឺស្ថិតក្នុងចំណោមតំបន់ ដែលមានភាពសម្បូរបែបបំផុតផ្នែកជីវសាស្ត្រ និងរងការគំរាមកំហែងបំផុតនៅលើភពផែនដីនេះ ។
ឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុសាកល ថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវផែនការយុទ្ធសាស្ដ្រ គឺមិនគ្រាន់តែចង់អភិរក្សព្រៃឈើប៉ុណ្ណោះទេ ប៉ុន្ដែចង់ការពារគម្របព្រៃបច្ចុប្បន្ន៥៧ភាគរយ(ឆ្នាំ២០១០) នៅកម្ពុជាផងដែរ ។ គោលបំណងរបស់រាជរដ្ឋាភិបាល គឺពិតណាស់ដើម្បីបង្កើតឱ្យមានគម្របព្រៃឈើនៅកម្ពុជា ដែលអាចកើនដល់៦០ភាគរយទូទាំងផ្ទៃប្រទេសនៅឆ្នាំ២០៣០ ។ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ដើម្បីទប់ស្កាត់និងបង្ក្រាបការកាប់បំផ្លាញ និងការជួញដូរឈើខុសច្បាប់ នៅពេលដែលស្ថានភាពនៃការកាប់បំផ្លាញនិងដឹកជញ្ជូនឈើកំពុងតែមានសកម្មភាពយ៉ាងខ្លាំង ។
ស្របពេលដែលសកម្មភាពទប់ស្កាត់ និងបទល្មើសព្រៃឈើកំពុងតែអនុវត្ដក៏ដោយ ក៏ស្ថានភាពកាប់បំផ្លាញព្រៃឡង់ ដែលបានរាយការណ៍ដោយបណ្ដាញសហគមន៍ព្រៃឡង់ទាំងបួនខេត្តរួមមាន ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងកំពង់ធំ ថា នៅតែមានសភាពធ្ងន់ធ្ងរក្នុងការកាប់ទន្ទ្រានព្រៃនៅឡើយ និងតំបន់ព្រៃឈើផ្សេងៗទៀតប្រឈមនឹងការបាត់បង់ ដែលទាមទារឱ្យរាជរដ្ឋាភិបាល និងគណៈកម្មធិការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ មានវិធានការតឹងរ៉ឹងបន្ថែមទៀត បើពុំដូច្នេះទេ ព្រៃឡង់នឹងឈានដល់ការវិនាសអន្ដរាយមិនខានឡើយ ។
តំណាងបណ្ដាញសហគមន៍ព្រៃឡង់ សមាគម អង្គការសង្គមស៊ីវិល បានសំណូមពរដោយទទូចដល់រាជរដ្ឋាភិបាលកម្ពុជា ឱ្យចាត់វិធានការសមស្របតាមសំណូមពរខាងក្រោម ៖
១-សូមឱ្យគណៈកម្មាធិការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ចាត់វិធានការនិងអន្តរាគមន៍ជាបន្ទាន់ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើក្នុងតំបន់ព្រៃឡង់ ។
២-សូមឱ្យរាជរដ្ឋាភិបាល ចាត់វិធានការដកហូតម៉ាស៊ីនរណារយន្តខុសច្បាប់ចេញពីភូមិ ឃុំ ស្រុក និងទីតាំងធ្វើអាជីវកម្មនៅជុំវិញព្រៃឡង់ ។
៣-ចាត់វិធានការតាមផ្លូវច្បាប់ដល់មន្ត្រី អាជ្ញាធរដែនដី និងមេឈ្មួញមួយចំនួន ដែលពាក់ព័ន្ធនឹងការធ្វើអាជីវកម្មឈើ និងការកាប់បំផ្លាញឈើក្នុងតំបន់ព្រៃឡង់ដោយខុសច្បាប់ ។
៤-សូមដាក់បង្ហាញសេចក្តីព្រាងអនុក្រឹត្យ ស្តីពីតំបន់ព្រៃការពារ និងអភិរក្សជីវចម្រុះព្រៃឡង់ និងដាក់ឱ្យមានការពិគ្រោះយោបល់ជាសាធារណៈជាមួយសហគមន៍ព្រៃឡង់ និងអ្នកពាក់ព័ន្ធ ។
៥-ដាក់ព្រៃឡង់ទាំងបួនខេត្តជាតំបន់គ្រប់គ្រងរួមគ្នា ដោយផ្តល់ភាពស្របច្បាប់តាមរយៈការដាក់បញ្ចូលសិទ្ធិ និងតួនាទីរបស់បណ្តាញសហគមន៍ព្រៃឡង់ ក្នុងអនុក្រឹត្យស្តីពីតំបន់ព្រៃការពារ និងអភិរក្សជីវចម្រុះព្រៃឡង់ ។
៦-សូមរក្សាទុកតំបន់ព្រៃឡង់ជាតំបន់សិក្សាស្រាវជ្រាវអប់រំ សម្រាប់បណ្តុះបណ្តាលធនធានមនុស្ស ក្នុងការលើកស្ទួយវិស័យអប់រំផ្នែកបរិស្ថាន ធនធានសេនេទិក រក្សាលំនឹងបរិស្ថាន និងជីវចម្រុះ ធនធានធម្មជាតិ និងអេកូទេសចរណ៍ ។
៧-សូមរាជរដ្ឋាភិបាល ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងរ៉ែ និងថាមពល ជាសេនាធិការ គួរតែពន្លឿនការទទួលស្គាល់សហគមន៍ដែលមានស្រាប់នៅជុំវិញតំបន់ព្រៃឡង់ ដូចជាសហគមន៍ព្រៃឈើ សហគមន៍តំបន់ការពារ សហគមន៍នេសាទជាដើម ដើម្បីឱ្យពួកគាត់មានសិទ្ធិស្របច្បាប់ក្នុងការចូលរួមការពារទប់ស្កាត់បទល្មើស និងប្រើប្រាស់ធនធានព្រៃឡង់ប្រកបដោយនិរន្តរភាព ។
៨-សូមឱ្យរាជរដ្ឋាភិបាលត្រួតពិនិត្យ និងធ្វើការស៊ើបអង្កេតលើការប្រើប្រាស់សម្បទានដី សង្គមកិច្ច ដីសម្បទានសេដ្ឋកិច្ច និងរោងសិប្បកម្មកែច្នៃនៅជុំវិញព្រៃឡង់ ៕
ចែករំលែកព័តមាននេះ