មន្ត្រីធំ២នាក់ជាប់ចោទឈូសភ្នំពករំលោភដីស្រែរាប់រយហិកតា
ខេត្តកោះកុង ៖ នៅត្រង់ចំណុចភ្នំពក ស្ថិតក្នុងភូមិសារ៉ាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង មានមន្ត្រីធំម្នាក់់ ដែលត្រូវបានប្រជាពលរដ្ឋស្ដាល់យ៉ាងច្បាស់ថា…
ខេត្តកោះកុង ៖ នៅត្រង់ចំណុចភ្នំពក ស្ថិតក្នុងភូមិសារ៉ាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង មានមន្ត្រីធំម្នាក់់ ដែលត្រូវបានប្រជាពលរដ្ឋស្ដាល់យ៉ាងច្បាស់ថា…
ខេត្តកោះកុង ៖ នៅត្រង់ចំណុចភ្នំពក ស្ថិតក្នុងភូមិសារ៉ាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង មានមន្ត្រីធំម្នាក់់ ដែលត្រូវបានប្រជាពលរដ្ឋស្ដាល់យ៉ាងច្បាស់ថា ឈ្មោះ ភឿង សុភ័ណ្ឌ ជារដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយ៍កម្ម កំពុងប្រើគ្រឿងចក្រឈូសពង្រាបខ្នងភ្នំពក ដើម្បីយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ។ ហើយការបង្ហាញសាវតាលោករដ្ឋលេខាធិការរបស់ប្រជាពលរដ្ឋឱ្យកោះសន្តិភាពបានដឹងពេលនេះ គឺដោយសារតែការឈូសឆាយនោះ បានរាលដាលប៉ះលើដីស្រែរបស់ពួកគាត់នៅក្បែរៗជើងភ្នំចំនួន៨៥គ្រួសារ ដែលមានផ្ទៃដីសរុបប្រមាណ១០០ហិកតាទៀតផង ។
ប្រជាពលរដ្ឋទាំងនោះបានអះអាងថា សកម្មភាពឈូសឆាយខាងលើនេះ បានកើតឡើងជាច្រើនខែមកហើយ តាំងពីចុងឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្ននេះ ។ ពួកគេនិយាយថា កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦ ពូកគាត់ជាច្រើននាក់ដែលតំណាងឱ្យអ្នកភូមិចំនួន៨៥គ្រួសារ បានធ្វើពាក្យសុំឱ្យលោកមេឃុំជួយរកដំណោះស្រាយពីសកម្មភាពរំលោភនេះ នៅក្នុងសាលាឃុំជ្រោយស្វាយអស់រយៈពេល១ថ្ងៃ ប៉ុន្តែមេឃុំមិនហ៊ានចេញមុខជួបប្រជាពលរដ្ឋឡើយ ។ ប៉ុន្តែនៅថ្ងៃទី២២ ខែមីនា មេឃុំបានចេញលិខិតជូនដំណឹងជាសាធារណៈមួយថា ផ្ទៃដីនៅចំណុចភ្នំពក សាលាឃុំមិនចេញលិខិតផ្ទេរសិទ្ធកាន់កាប់ ឬទទួលធ្វើពាក្យសុំកាន់កាប់ឱ្យប្រជាពលរដ្ឋ ឬបុគ្គលណាឡើយ ព្រោះដីនោះជាដីភ្នំ ។
ប្រជាពលរដ្ឋក្នុងភូមិសារ៉ាយជាច្រើននាក់បានបញ្ជាក់ថា ការចូលដាក់ពាក្យសុំរកដំណោះស្រាយនៅសាលាឃុំរបស់ពួកគាត់ គឺពុំមែនសុំយកដីភ្នំឯណា គឺទាមទារដីស្រែពួកគាត់ដែលនៅក្បែរជើងភ្នំត្រូវគេរំលោភយក មេឃុំមិនទទួលសំណើរបស់ពួកគាត់ទេ ។ មិនត្រឹមតែមិនទទួលពាក្យបណ្ដឹងរបស់ពួកគាត់ទេ ថែមទាំងហ៊ានគំរាមរឿងកម្មសិទ្ធិទៀត ដែលទំនងសង្ស័យត្រូវដង ត្រូវផ្លែ អ្នករំលោភដីទេដឹង ? ។
ការតវ៉ាក៏ដូចជាសំណូមពររបស់ពលរដ្ឋខាងលើ ត្រូវបានកប់ទុកមិនឱ្យអាជ្ញាធរថ្នាក់លើដឹងទេ ទោះបីប្រជាពលរដ្ឋកំពុងមានទុក្ខក៏ដោយ។
កោះសន្តិភាពបានជាមួយលោក មាស សុខជា អភិបាលរងស្រុកស្រែអំបិល ជួបលោក ជា នាង ប្រធានការិយាល័យភូមិបាលស្រុកស្រែអំបិលតាមទូរស័ព្ទ ជួបលោក រស់ វីរ៉ាវុឌ្ឍ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណល់ខេត្តតាមទូរស័ព្ទ គឺអស់លោកទាំង៣នាក់ឆ្លើយដូចប្រហាក់ប្រហែលគ្នាថា ពួកគាត់អត់បានដឹងអំពីករណីឈូសឆាយយកដីភ្នំ និងប៉ះពាល់ដល់ដីស្រែចម្ការប្រជាពលរដ្ឋនេះទេ ។
គួរឆ្ងល់ដែរ គ្រឿងចក្រឈូសឆាយដីភ្នំ ដីស្រែរាប់រយហិកតាប៉ុណ្ណឹងហើយ ឆ្លើយថាអត់ដឹង !
ចំណែកលោក ពេជ្រ ស៊ីយ៉ុន ប្រធានមន្ទីររ៉ែ និងថាមពលខេត្តបានឆ្លើយតាមទូរស័ព្ទថា អ្នកធំ ឈូសអី ឈូសទៅ គាត់អត់ហ៊ានហាមឃាត់ទេ ។ ប្រជាពលរដ្ឋបានបញ្ជាក់ទៀតថា ផ្ទៃដីនៅចំណុចភ្នំពក មានរាប់រយហិកតា ត្រឹមតែចំណុចខាងលើខ្នងភ្នំ ។ សព្វថ្ងៃមានមន្ត្រីធំ២នាក់ កំពុងចែកគ្នាមួយចំហៀងភ្នំម្នាក់ គឺខ្នងភ្នំខាងលិច លោករដ្ឋលេខាធិការកំពុងឈូសឆាយ ។ ចំណែកខ្នងភ្នំខាងកើតមានលោក សួន មាន មន្ត្រីក្រសួងបរិស្ថាន បានជីកប្រឡាយព័ទ្ធរួចហើយ ប៉ុន្តែមិនទាន់មានការឈូសឆាយនៅឡើយទេ ជីកបណ្ដើរសម្ងំស្ដាប់ខ្យល់បណ្ដើរ ។ ប្រភពដដែលនិយាយទៀតថា មន្ត្រីទាំង២រូបខាងលើបានប្រើឧបករណ៍GPS ចុចកំណត់យកផ្ទៃដីដែលខ្លួនត្រូវការ ទោះបីដឹងថា ប៉ះលើដីប្រជាពលរដ្ឋក៏ដោយ ហាក់ដូចជាបានរៀបចំដីទុកលក់ឱ្យក្រុមហ៊ុនណាមួយអ៊ីចឹង ។
មិនអាចសុំការបំភ្លឺបានទេ តាមរយៈទូរស័ព្ទពីលោករដ្ឋលេខាធិការដែលឈូសយកដីនេះ ។ ប្រសិនមានប្រតិកម្មបែបណាមួយ យើងនឹងចុះផ្សាយជូនបន្តទៀត ។
បន្តិចទៀត លោកជា សុផារ៉ា ឡើងកាន់ដំណែងជារដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ សង្ឃឹមថា នឹងជួយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ដែលត្រូវរដ្ឋលេខាធិការមួយរូប ក្នុងក្រសួងរបស់លោកទៅរំលោភដូចរៀបរាប់ខាងលើជាក់ជាមិនខាន ។ ចាំមើលទៀត ក្រោយពេលឈូសហើយ តើប្រើល្បិចបែបណា ? តើជាល្បិចទិញថោក លក់ឬមិនលក់ ហីទៅ ដូចសម័យមុនមែន ឬអត់ ? ឈូសរាបប៉ុណ្ណេះហើយ បើមិនលក់ទេ…ហីទៅ !
ពាក្យចាស់ពោលថា ច្របាច់កចិន លៀនអណ្ដាតខ្មែរ ប៉ុន្តែរឿងនេះ គឺច្របាច់.កខ្មែរទៅប៉ោងដុះពោះចិនឯណោះទេ…ឱ ! លោករដ្ឋលេខាធិការអើយ…សម័យនេះហើយ ទោះប្រើវេទមន្តណា ក៏គេចមិនរួចពីពលរដ្ឋថ្កោលទោសដែរ ៕
ចែករំលែកព័តមាននេះ