ជំនន់ទឹកភ្លៀងប៉ះពាល់៥ស្រុក ពលរដ្ឋជាង២ពាន់គ្រួសាររងផលប៉ះពាល់
- រតនគិរី
ជំនន់ទឹកភ្លៀងបានលិចលង់ បណ្តាលឱ្យរងផលប៉ះពាល់ដល់ស្រុកចំនួន០៥ នៅក្នុងខេត្តរតនគិរី ហើយពលរដ្ឋជាង២ពាន់គ្រួសាររងផលប៉ះពាល់ និងត្រូវបាន
ជំនន់ទឹកភ្លៀងបានលិចលង់ បណ្តាលឱ្យរងផលប៉ះពាល់ដល់ស្រុកចំនួន០៥ នៅក្នុងខេត្តរតនគិរី ហើយពលរដ្ឋជាង២ពាន់គ្រួសាររងផលប៉ះពាល់ និងត្រូវបាន
ខេត្តរតនគិរី ៖ ជំនន់ទឹកភ្លៀងបានលិចលង់ បណ្តាលឱ្យរងផលប៉ះពាល់ដល់ស្រុកចំនួន០៥ នៅក្នុងខេត្តរតនគិរី ហើយពលរដ្ឋជាង២ពាន់គ្រួសាររងផលប៉ះពាល់ និងត្រូវបានជម្លៀសចេញមកទីទួលសុវត្ថិភាពចំនួន៧៧គ្រួសារ ។ នេះបើតាមរបាយការណ៍មន្ទីរព័ត៌មានខេត្តរតនគិរី ជម្រាបជូនរដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ។
ជំនន់ទឹកភ្លៀង បានវាយប្រហារខេត្តរតនគិរី បណ្ដាលឱ្យស្រុកដែលនៅតាមបណ្តោយទន្លេស្រែពក និងទន្លេសេសានចំនួន០៥ស្រុក រងផលប៉ះពាល់រួមមាន ៖ ស្រុកលំផាត់ ស្រុកតាវែង ស្រុកអណ្តូងមាស ស្រុកកូនមុំ និងស្រុកអូរយ៉ាដាវ ហើយប្រជាពលរដ្ឋដែលរងផលប៉ះពាល់សរុបមានចំនួន២.០១១គ្រួសារ ក្នុងនោះអាជ្ញាធរបានជម្លៀសប្រជាពលរដ្ឋប្រមាណ ៧៧គ្រួសារទៅកាន់ទីទួលសុវត្ថិភាពហើយ។
បើតាមរបាយការណ៍របស់រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ក៏បានបង្ហាញថា មានផ្ទះសម្បែងប្រជាពលរដ្ឋចំនួន៩៨២ខ្នង, សាលារៀនចំនួន០៥ខ្នង, វត្តអារាមចំនួន៣កន្លែង, តូបលក់អីវ៉ាន់ចំនួន៧៥តូប និងរោងជាងសិប្បកម្មផ្សេងៗចំនួន១៣កន្លែងបានរងផលប៉ះពាល់។ ផ្ទៃដីស្រែចំនួន ១.០៧៧ហិកតា ក៏ត្រូវបានលិចលង់ធ្វើឱ្យប៉ះពាល់ដល់ស្រូវសន្ទូង១.២០៣ហិកតាផងដែរ។ ហើយក្នុងពេលនោះក៏បានជម្លៀសសត្វពាហនៈទៅទីទួលសុវត្ថិភាព ក្នុងនោះមានគោចំនួន២៤៨ក្បាល, ជ្រូកចំនួន១១៦ក្បាល និងមាន់ទាចំនួន១.០៦៥ក្បាល។
ជាមួយគ្នានោះ ទឹកក៏បានលិចលង់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍រួមមាន ផ្លូវក្រាលក្រួសក្រហមប្រវែង ១៥.៦០០ម៉ែត្រ, ស្ពានបេតុងចំនួន១១កន្លែង, លូកាត់ផ្លូវចំនួន១១កន្លែង និងខូចខាតចំនួន១កន្លែង, អណ្តូងស្នប់ចំនួន៩៣អណ្តូង, អណ្តូងលូចំនួន៣៦៨អណ្តូង និងបង្គន់អនាម័យចំនួន៤៨១បង្គន់។
បើគិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ម៉ោង១១និង៣០នាទីព្រឹកនេះ ទឹកទន្លេសេសាន ស្ថានីយកាចូន គឺទឹកមានកម្ពស់៨.៣៧ម៉ែត្រ ទឹកស្រកចុះ០.៥០ម៉ែត្រ ខណៈចំណុចប្រកាសអាសន្ន៨.៥០ម៉ែត្រ។ ចំណែកទឹកទន្លេស្រែពក ស្ថានីយលំផាត់ វេលាម៉ោង១រសៀលថ្ងៃនេះ ទឹកមានកំពស់ ១៣.៨១ម៉ែត្រ ទឹកឡើង០.០១ម៉ែត្រ ខណៈចំណុចប្រកាសអាសន្ន១២.៥០ម៉ែត្រ៕
ចែករំលែកព័តមាននេះ