ប្រទេសអ៊ីស្រាអែល ៖ ប្រទេសអ៊ីស្រាអែលកំពុងតែរៀបចំខ្លួនសម្រាប់ពេលដែលអាក្រក់បំផុត ដោយប្រទេសនោះនិយាយថា មិនចង់មានសង្គ្រាមជាមួយពួកហេសប៊ុលឡាហ៍លីបង់ឡើយ តែបើជម្លោះកើតមានជាថ្មីរវាងភាគីទាំង២ នោះអ៊ីស្រាអែលនឹងអាចទទួលគ្រាប់រ៉ុក្កែត ច្រើនបំផុតដល់ប្រមាណជា២.០០០គ្រាប់ក្នុង១ថ្ងៃ។ នោះជាការអះអាងកាលពីថ្ងៃទី១៧ ខែតុលា របស់អ្នកទទួលខុសត្រូវជាន់ខ្ពស់ម្នាក់នៃកងទ័ពអ៊ីស្រាអែល។
ក្នុងពេលមានបាតុកម្មធំៗកាលពីខែឧសភានៅក្រុងហ្សេរុយសាឡឹមខាងកើត ចលនាអ៊ិស្លាមប៉ាឡេស្ទីនក្រុមហាម៉ាស់ ដែលកាន់អំណាចនៅជ្រោយហ្គាហ្សា ធ្លាប់បានបាញ់គ្រាប់រ៉ុក្កែត ស្រោចមកលើបណ្ដាទីក្រុងអ៊ីស្រាអែល ដែលនាំឲ្យអីុស្រាអែលតបតវិញភ្លាមៗ នាំឲ្យមានសង្គ្រាមអស់ពេល១១ថ្ងៃ។ សរុបគ្រាប់រ៉ុក្កែតដល់ប្រមាណជា ៤.៤០០គ្រាប់ ត្រូវបានបាញ់ឆ្ពោះមកកាន់ដែនដីអ៊ីស្រាអែល មកពីតំបន់ហ្គាហ្សា ដោយគ្រាប់រ៉ុក្កែតដែលបាញ់មកនោះ មានលើសពីសង្គ្រាមចុងក្រោយឆ្នាំ២០០៦ជាមួយពួកហេសប៊ុលឡាហ៍ ដែលកាលនោះចំនួនគ្រាប់រ៉ុក្កែតដែលបាញ់ចេញពីលីបង់ មានប្រហាក់ប្រហែលគ្នានឹងគ្រាប់រ៉ុក្កែតដែលបាញ់ចេញពីហ្គាហ្សា តែសង្គ្រាមនោះមានរយៈពេលដល់ទៅ១ខែ។ប្រព័ន្ធការពារប្រឆាំងមីសីុលអីុស្រាអែលDOME DE FER ដែលដាក់ឲ្យប្រើប្រាស់ ចាប់
តាំងពីប្រមាណជា១ទសវត្សមកហើយបានស្ទាក់កម្ទេច ភាគច្រើននៃគ្រាប់រ៉ុក្កែតដែលបាញ់ចេញកាលពីខែឧសភាមកពីហ្គាហ្សា តែគ្រាប់រ៉ុក្កែតយ៉ាងតិច៣០០គ្រាប់អាចធ្លាក់ក្នុងបណ្ដាតំបន់មានមនុស្សរស់នៅរបស់អ៊ីស្រាអែល។
ក្នុងបទសម្ភាសន៍មួយឧត្ដមសេនីយURI GORDINរបស់អ៊ីស្រាអែលថ្លែងថា ជាលទ្ធផលបណ្ដាទីក្រុងអ៊ីស្រាអែលដូចជាទីក្រុង តែលអាវីវឬទីក្រុងអាសដូដភាគខាងត្បូងប្រទេស រងគ្រាប់រ៉ុក្កែតក្នុងចំនួនដ៏ច្រើន ពុំធ្លាប់មានចាប់តាំងពីការបង្កើតរដ្ឋអ៊ីស្រាអែលមក។ ឧត្ដមសេនីយរូបនោះបន្តថា ប្រសិនបើមានជម្លោះមួយ ឬសង្គ្រាមមួយជាមួយក្រុមហេសប៊ុលឡាហ៍ នោះយើងគិតថាប្រទេសយើងនឹងអាចរងគ្រាប់រ៉ុក្កែតក្នុង១ថ្ងៃៗ រវាង១.៥០០ទៅ២.៥០០គ្រាប់ បាញ់ចេញពីលីបង់មកកាន់អ៊ីស្រាអែល៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ