ខេត្តកំពង់ចាម ៖ បុរសម្នាក់ឈ្មោះរស់ ប៊ុនធឿន អាយុ៣៦ឆ្នាំ (ជនរងគ្រោះ) មានទីលំនៅភូមិលេខ២ ឃុំចំការអណ្តូង ស្រុកចំការលើត្រូវមនុស្ស២នាក់ បានព្រួតកាប់ដោយកាំបិត និងកណ្តៀវ បណ្តាលឱ្យរងរបួសធ្ងន់ តែរហូតមកដល់ព្រឹកថ្ងៃទី២១ មីនា គឺរយៈពេលជាង២ខែមកហើយ មិនឃើញមានចំណាត់ការទៅលើជនដៃដល់ទេ ទើបនាំគ្នាមកកាន់សាលាដំបូងខេត្ត ដើម្បីសួរនាំមន្ត្រីតុលាការឱ្យពន្លឿនរឿងក្តីឱ្យបានឆាប់រហ័ស ។
លោកប៊ុន ធឿន បានរៀបរាប់ប្រាប់កោះសន្តិភាពឱ្យដឹងថា កាលណោះ រូបលោកនិងសមាជិកក្រុមគ្រួសារជាច្រើននាក់ បាននាំគ្នាច្រៀងខារ៉ាអូខេនៅនឹងផ្ទះរបស់ខ្លួន ក្រោយពីជួបជុំញាតិមិត្តជិតឆ្ងាយ កាលពីល្ងាចថ្ងៃទី១៥ មករា កន្លងមក ។ ហើយឈ្មោះកិស មានផ្ទះនៅទល់មុខ ចម្ងាយពីគ្នាប្រហែលជិត៨ម៉ែត្រ បានមកស្រែកជេរប្រមាថលើរូបលោកនូវពាក្យអសុរោះ ។
លោកបន្តថា ដោយស្តាប់ឮបែបនោះ រូបលោកក៏បានចេញពីក្នុងផ្ទះ មកឈរដោយបានជេរតបតទៅវិញខ្លះដែរ ដោយខ្លាចមានអំពើហិង្សាកើតឡើង ក៏បានទាញទូរស័ព្ទ ដើម្បីហៅសមត្ថកិច្ចប៉ុស្តិ៍ឃុំចំការអណ្តូឱ្យមកជួយអន្តរាគមន៍ ។ តែមិនទាន់បានចុចទូរស័ព្ទផងត្រូវបានបុរសឈ្មោះកិល និងឈ្មោះសួស ដែលក្នុងដៃមានកាំបិត និងកណ្តៀវរត់មកកាប់លើគាត់ចំក្រោមត្រចៀកឆ្វេង ស្មាឆ្វេង កដៃឆ្វេង និងដើមទ្រូង បណ្តាលឱ្យឈាមហូរចេញមកស្រោចខ្លួន និងសន្លប់បាត់ស្មារតី ។
បន្ទាប់ពីកាប់រួច ក្រុមដៃដល់ទាំង២នាក់បានរត់គេចខ្លួនបាត់ផ្ទះ ចំណែករូបលោកត្រូវបានប្រពន្ធដឹកតាមរថយន្ត មកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែក ស្រុកចំការលើ តែដោយស្ថានភាពរបួសធ្ងន់ពេកនោះ ក៏ដឹកបន្តមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាម ។
ក្រោយពីបានព្យាបាលជាច្រើនថ្ងៃបានធូរស្រាល ក៏វិលត្រឡប់មកផ្ទះវិញ តែមិនអាចធ្វើការធ្ងន់កើតឡើយ ។ បន្ទាប់មក ក៏បានដាក់ពាក្យបណ្តឹងទៅព្រហ្មទណ្ឌកម្រិតស្រាលខេត្ត ដើម្បីឱ្យជួយអន្តរាគមន៍តាមចាប់ជនបង្ក ហើយថែមទាំងទារសំណងជំងឺចិត្តចំនួន៥.០០០ពាន់ដុល្លារផងដែរ ។
ចាប់តាំងពីថ្ងៃកើតហេតុ រហូតមកទល់ពេលនេះ គឺជាង២ខែមកហើយ ស្ងាត់ទៅៗទើបនៅព្រឹកថ្ងៃទី២១ មីនា នេះ បានមកកាន់សាលាដំបូងខេត្ត ជាមួយប្រពន្ធ មេត្តាឱ្យជួយពន្លឿនរឿងក្តីរបស់លោកឱ្យបានឆាប់ផង ព្រោះលេចឮថា អ្នកដែលកាប់រូបលោកនោះ នៅពេលថ្ងៃមិនហ៊ានមកផ្ទះទេ គឺចូលតែនៅពេលយប់ៗ ៕
ចែករំលែកព័តមាននេះ