ខេត្តមណ្ឌលគិរី ៖ លោកតាម្នាក់មានព្រះជន្ម១០៣ឆ្នាំទៅហើយ ដោយសារតែលោកចង់ទៅសំពះព្រះសង្ឃក្នុងវត្ត បានធ្វើដំណើរម្នាក់ឯងដោយថ្មើរជើង លុះដើរបានមួយស្របក់ លោកតាមានការនឿយហត់អស់កម្លាំង និងឈឺជើងទៀតនោះ ក៏បានឈប់សម្រាកតាមផ្លូវតែម្នាក់ឯង ដែលមិនទាន់អាចដើរទៅដល់វត្ត «អូរថែល» ស្ថិតក្នុងភូមិពូតាង ឃុំពូជ្រី ស្រុកពេជ្រចិន្តា ដែលនៅឆ្ងាយបន្តិចពីផ្ទះរបស់លោកតា ។
ខណៈនោះ ត្រូវក្រុមអ្នកសារព័ត៌មានកោះសន្តិភាពបានធ្វើដំណើរតាមផ្លូវ ក៏ប្រទះឃើញលោកតា ក៏បានឈប់រថយន្តចុះទៅសួរនាំ តែត្រូវលោកតាស្តាប់មិនឮ និយាយមកវិញខ្សាវៗថា ចង់ទៅវត្ត ក៏នាំគ្នាជូនលោកតាដឹកតាមរថយន្តទៅដល់វត្តតែម្តង ។
ពេលទៅដល់វត្តអូរថែលនោះ ត្រូវតាអាចារ្យម្នាក់រៀបរាប់ពីប្រវត្តិសង្ខេបរបស់លោកតាឱ្យដឹងថា គាត់មានឈ្មោះឡេង ឆេង អាយុ១០៣ឆ្នាំ ជាអតីតមេបញ្ជាការកាំភ្លើងធំ (ជំនាន់សម្តេចឪ) មានទីលំនៅក្នុងភូមិខាងលើ ។ សព្វថ្ងៃ គាត់រស់នៅជាមួយកូនៗ ដែលមានជីវភាពក្រខ្សត់ណាស់រកព្រឹកខ្វះល្ងាចទេ ហើយតាឡេង ឆេង នេះ គឺគាត់តែងតែមកវត្តជារឿយៗ ដើម្បីបានចំណីអាហារហូបរស់មួយពេលៗ និងបន្ទាប់មកទៀត មកស្តាប់ធម៌ជាមួយព្រះសង្ឃផងដែរ ។
ជាចុងក្រោយ លោកសាយ ករុណា អ្នកយកព័ត៌មានកោះសន្តិភាពប្រចាំខេត្តមណ្ឌលគិរី បន្ទាប់ពីបានឮនិងឃើញជាក់ស្តែងនោះ លោកមានក្តីអាណិត ក៏បានជូនថវិកាបន្តិចបន្តួចដល់លោកតាផងដែរ ។ ហើយសង្ឃឹមថា នឹងមានសប្បុរសជនដទៃទៀត ជួយលោកតាអាយុ១០៣ឆ្នាំនេះ ជាបន្តបន្ទាប់ទៀតនៃជីវិតចុងក្រោយ ។
ចែករំលែកព័តមាននេះ