រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលគេដឹងថា ជាមន្ត្រីអាវុធហត្ថខណ្ឌមានជ័យម្នាក់ ផឹកស៊ីស្រវឹងដកកាំភ្លើងបាញ់មេឃ១គ្រាប់ បង្កឱ្យមានការភ្ញាក់ផ្អើល ហើយត្រូវកម្លាំងអាវុធហត្ថចំនួន២ខណ្ឌចុះធ្វើការដេញតាមស្ទាក់ឃាត់ខ្លួនបានភ្លាមៗ កាលពីវេលាម៉ោង១២ និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ មីនា ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពឱ្យដឹងថា បុរសខាងលើ មិនត្រូវបានស្គាល់ឈ្មោះទេ ហើយមុនពេលកើតហេតុ បានជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1FE-6269 ចេញពីហាងផឹកស៊ីមួយកន្លែងនៅតាមបណ្តោយផ្លូវ២០០៤ រួចធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ។ ខណៈមកដល់មុខហាងយីហោ «សែនរីករាយ» បុរសនោះមិនដឹងយ៉ាងម៉េច ក៏ដកកាំភ្លើងពីចង្កេះបាញ់ឡើងលើ១គ្រាប់ បង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង ។
កម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ដែលយាមតាមហាងនៅផ្លូវ២០០៤ចេញដេញតាម និងរាយការណ៍តាមវិទ្យុទាក់ទងគ្រប់គោលដៅចេញជួយស្ទាក់ដេញចាប់បាន ដោយបុរសនោះបានជិះម៉ូតូរត់តាមផ្លូវណតប្រ៊ីតមកផ្លូវវេងស្រេង រួចបត់មករោងចក្រអគ្គិសនីទួលពង្រ ហើយជិះបត់ទៅខាងកើតប្រហែលជា១០០ម៉ែត្រក្រោយបុរីលឹម ឈាងហាក់ ក៏ត្រូវអាវុធហត្ថខណ្ឌមានជ័យឃាត់បានតែម្តង ។
ក្រោយពីឃាត់ខ្លួនភ្លាម ដោយមានការបញ្ជាពីថ្នាក់លើ កម្លាំងអាវុធហត្ថប្រញាប់ប្រញាល់បញ្ជូនជនបាញ់បោះនោះទៅទីបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ប្រហែលចង់គេចពីអ្នកសារព័ត៌មានហើយ ព្រោះជនបាញ់បោះ ក៏ជាមន្ត្រីកងរាជអាវុហត្ថមួយរូបដែរ ។
ចែករំលែកព័តមាននេះ