ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យានយន្ត ២២៩​គ្រឿង ដែល​ដឹក​លើស​ទម្ងន់ ក្រសួង​ប្រគល់​ជូន​ម្ចាស់​វិញ ប៉ុន្តែ​មិន​លើកលែង​ជា​លើក​ទី​២​ទៀត​ឡើយ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ប្រគល់​យានយន្ត​ចំនួន ២២៩​គ្រឿង ជូន​ម្ចាស់​វិញ​ហើយ គិត​ត្រឹម​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២១…

រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ប្រគល់​យានយន្ត​ចំនួន ២២៩​គ្រឿង ជូន​ម្ចាស់​វិញ​ហើយ គិត​ត្រឹម​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២១ ។

យានយន្ត​ចំនួន ២២៩​គ្រឿង ដែល​ប្រគល់​ជូន​ម្ចាស់​វិញ​នេះ ដោយ​យោង​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្រប​ពេល​ស្ថានភាព នៃ​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​-១៩ មាន​សភាព​ធូរស្រាល និង​ការ​រៀបចំ​កែសម្រួល និង​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ និង​វិធានការ​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​ជាតិ​របស់​រាជរដ្ឋាភិបាល ក្រោយ​វិបត្តិ នៃ​ជំងឺ​កូ​វី​ដ​-១៩ ។

យានយន្ត​ទាំង ២២៩​គ្រឿង ជា​យានយន្ត​ល្មើសច្បាប់ ដោយ​បាន​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​លើស​ពី ២០% នៃ​ទម្ងន់​អនុញ្ញាត ដែល​បាន​ឃាត់​ដោយ​ស្ថានីយ​ជញ្ជីង​អ​ចល័ត និង​ក្រុម​ចល័ត​ចម្រុះ ហើយ​រក្សា​ទុក​នៅ​តាម​ស្ថានីយ​ជញ្ជីង​អ​ចល័ត និង​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​តាម​បណ្តា​រាជធានី​-​ខេត្ត​មួយ​ចំនួន ។

សូម​រម្លឹក​ថា កាលពី​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២១ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឲ្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ដោះ​លែង​យានយន្ត​ចំនួន ២២៩​គ្រឿង​ខាងលើ ជូន​ទៅ​ម្ចាស់​យានយន្ត ដើម្បី​ប្រកប​អាជីវកម្ម​ឡើង​វិញ ដោយ​ស្រប​ពេល​ស្ថានភាព នៃ​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​-១៩ មាន​សភាព​ធូរស្រាល ហើយ​រាជរដ្ឋាភិបាល​បាន​រៀបចំ​កែសម្រួល និង​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ និង​វិធានការ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ក្នុង​បរិបទ​ក្រោយ​វិបត្តិ នៃ​ជំងឺ​កូ​វី​ដ​-១៩ ដូច​ជា ៖ ការ​បើក​ឲ្យ​ដំណើរការ​ឡើង​វិញ សាលារៀន ផ្សារ​ទំនើប ផ្សារ​សាធារណៈ តំបន់​ទេសចរណ៍ និង​ការ​ស្ដារ​សកម្មភាព​ធុរកិច្ច អាជីវកម្ម សេដ្ឋកិច្ច និង​សង្គម ផ្សេង​ៗ​ទៀត ។ ម្យ៉ាងវិញទៀត ដើម្បី​ស្ដារ​សេដ្ឋកិច្ចជាតិ​ឡើង​វិញ ជា​ពិសេស​ការ​គាំទ្រ​ដល់​ការ​រស់​ឡើង​វិញ​របស់​វិស័យ​ឯកជន និង​ជា​ការ​លើកលែង​បន្ធូរបន្ថយ និង​ផ្ដល់​ឱកាស​សារ​ជា​ថ្មី នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ ។

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ក៏​បាន​បញ្ជាក់​ជូន​ម្ចាស់​យានយន្ត ម្ចាស់​អាជីវកម្ម​ដឹក​ជញ្ជូន​ទាំងឡាយ មេត្តា​ជ្រាប​ថា ៖ «​ថ្វី​ត្បិត​តែ​រាជរដ្ឋាភិបាល​បា ន​អនុញ្ញាត​ឱ្យ​មានការ​ដោះ​លែង និង​បន្ធូរបន្ថយ​នា​ពេល​នេះ​មែន តែ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន នឹង​បន្ត​អនុវត្ត​ច្បាប់ និង​ទប់ស្កាត់​ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​យ៉ាង​តឹងរ៉ឹង​បំផុត ដោយ​មិន​មានការ​លើកលែង​ជា​លើក​ទី​២ ទៀត​ឡើយ ហើយ​ក្រសួង​នឹង​ខិតខំ​ធ្វើការ​ផ្សព្វផ្សាយ​ជូនដំណឹង ឱ្យ​បាន​ទូលំទូលាយ​បន្ថែម​ទៀត អំពី​ច្បាប់​និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​នានា​ដល់​សាធារណជន​ទូទៅ​ឱ្យ​បាន​យល់​ដឹង និង​ជ្រួតជ្រាប​កាន់តែ​ច្បាស់ ជា​ពិសេស​ច្បាប់​ស្តី​ពី​ផ្លូវថ្នល់ មាត្រា​២៦ មាត្រា​៦០ និង​សេចក្ដីជូនដំណឹង លេខ​០៤៩ ស​ជ​ណ សក​. គត​ល​ទ ស្តី​ពី​ការ​ពង្រឹង​វិធានការ​យ៉ាង​តឹងរ៉ឹង​បន្ថែម ចំពោះ​យានយន្ត​ដឹក​ជញ្ជូន​ធុន​ធ្ងន់ ដែល​បើកបរ​លើ​បណ្តាញ​ផ្លូវថ្នល់​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ