ទោះទឹកស្ទឹងសង្កែហក់ឡើងដល់កម្ពស់១៣.៥៥ម៉ែត្រក្តី តែបានស្រកបណ្តើរៗវិញហើយ
- បាត់ដំបង
ខេត្តបាត់ដំបង ៖ រដ្ឋបាលខេត្តបាត់ដំបងបានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈទឹកស្ទឹងសង្កែ កំពុងហក់ឡើងខ្លាំងដល់កម្ពស់១៣.៥៥ម៉ែត្រ ក្នុងនោះ នៅតាមផ្លូវមាត់ស្ទឹងសង្កែនៃក្រុងបាត់ដំបង ក៏ត្រូវទឹកស្ទឹងឡើងជន់ដល់ផងដែរ ។ តែយ៉ាងណាអាជ្ញាធរបានអះអាងថា ទឹកស្ទឹងដែលបានជន់ឡើងនេះបានស្រកទៅវិញបណ្ដើរៗហើយ គិតត្រឹមថ្ងៃទី១៧ តុលា ២០២១ ។

ក្នុងនោះ ក៏មានថ្នាក់ដឹកនាំខេត្តបាត់ដំបង ក៏បានចុះពិនិត្យមើលជាក់ស្តែង និងបានសង្កេតឃើញថា ទឹកជំនន់ក្នុងស្ទឹងសង្កែ និងតាមដងផ្លូវមួយចំនួនក្នុងក្រុងបាត់ដំបងបានលិចផ្លូវថ្នល់ ។ ចំណែកអភិបាលថ្មីនៃខេត្តបាត់ដំបង លោក សុខ លូ ក៏កំពុងសហការជាមួយមន្ត្រីជំនាញរៀបចំកម្លាំងទុករួចជាស្រេចក្នុងការត្រៀមជួយសង្គ្រោះបន្ទាន់ណាមួយ ។ លោក សុខ លូ ក៏បានបង្ហោះសារនៅក្នុងហ្វេសបុក(Facebooke)ផ្ទាល់ខ្លួនលោកថា ឆ្នាំក្រោយលោកនឹងធ្វើការបន្ថែមមួយចំនួនទៀត ដើម្បីទប់ស្កាត់នូវការលិចលង់ដោយសារទឹកភ្លៀងនេះនៅក្នុងក្រុងបាត់ដំបងឲ្យបានល្អជាងនេះ ។

ពាក់ព័ន្ធករណីនេះ លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបងបានប្រាប់ថា នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ នេះថា ទឹកស្ទឹងសង្កែហក់ឡើងនេះ គឺមិនទាន់ដល់កម្រិតប្រកាសអាសន្ននៅឡើយទេ។ បើតាមកម្ពស់ទឹកពីម្សិលមិញ កម្ពស់ទឹកបានឡើង ១៣.៩៥ម៉ែត្រ តែព្រឹកនេះបានស្រកមកវិញបន្តិចហើយ គឺនៅសល់ ១៣.៥៥ម៉ែត្រ ចំពោះទឹកដែលត្រូវប្រកាសអាសន្ននោះ គឺកម្ពស់១៤.៥ម៉ែត្រឯណោះ ។

លោក ឡុង ផលគុណ បានបញ្ជាក់ថា ទឹកស្ទឹងឡើងពីម្សិលមិញឡើង១៣.៩៥ម៉ែត្រ ទើបបណ្តាលឲ្យហូរចូលលូចូលតាមផ្លូវថ្នល់ក្នុងក្រុងបាត់ដំបង តាមកន្លែងដែលទំនាបដូចជាផ្សារបឹងឈូក ផ្លូវលេខ៣ ផ្លូវឡាអេ និងផ្លូវភ្លោះសេះស តែមកទល់ពេលនេះបានស្រកជាបណ្តើរៗហើយ គ្រាន់តែស្រកយឺតបន្តិច ដោយសារតែលូក្នុងក្រុងតូចៗជំនាន់មុន ហូរចុះមកវិញយឺតៗ តែពុំទាន់មានបញ្ហាដល់ការប្រកាសអាសន្ននោះឡើយ ហើយមកទល់ពេលល្ងាចនេះ ទឹកបានស្រកនៅកំពស់១២-២០ម៉ែត្រ និងកំពុងស្រកចុះជាបន្តទៅទៀត ។
















ចែករំលែកព័តមាននេះ