ភាពធាត់លើសទម្ងន់មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សម្ផស្សប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពផងដែរ ។
នៅសហរដ្ឋអាមេរិក អត្រាចំនួនអ្នកស្លាប់៣០០.០០០នាក់ក្នុងមួយឆ្នាំដែលជាប់ពាក់ព័ន្ធទៅនឹងបញ្ហាធាត់លើសទម្ងន់ ហើយជាង៨០ភាគរយនៃចំនួនអ្នកស្លាប់ទាំងនេះគឺមានលេខ BMIចាប់ពី៣០ឡើងទៅ ។
យោងតាមក្រុមអ្នកជំនាញឱ្យដឹងថា សភាពធាត់លើសទម្ងន់ផ្តល់ផលអាក្រក់ដល់សុខភាព ច្រើនយ៉ាងក្នុងនោះមានដូចជា ៖
១-រេស៊ីស្តង់អ័រម៉ូនអាំងស៊ុយលីន ៖ អាំងស៊ុយលីនជាធាតុសំខាន់ដើម្បីដឹកនាំស្ករក្នុងឈាមទៅចែកចាយតាមបណ្តាកោសិកាសាច់និងកោសិកាខ្លាញ់(ដែលបន្ទាប់មកត្រូវបានប្រើជាថាមពលរាងកាយ) ។
រេស៊ីស្តង់អាំងស៊ុយលីនគឺជាលក្ខខណ្ឌដែលប្រសិទ្ធភាពរបស់អ័រម៉ូនអាំងស៊ុយលីនក្នុងការដឹកនាំស្ករក្នុងឈាមទៅចែកចាយឱ្យបណ្តាកោសិកាសាច់ដុំនិងខ្លាញ់ត្រូវចុះអន់ថយ ។ តាមធម្មតា កោសិកាខ្លាញ់គឺងាយនឹងរេស៊ីស្តង់អាំងស៊ុយលីនខ្លាំងជាងកោសិកាសាច់ដុំ ។ ដូច្នេះមូលហេតុចម្បងមួយដែលនាំឱ្យរេស៊ីស្តង់អាំងស៊ុយលីនគឺសភាពធាត់ខ្លាំង ។
លំពែងបានចាប់ផ្តើមឆ្លើយតបជាដំបូងទៅនឹងរេស្តីស្តង់អ័រម៉ូនអាំងស៊ុយលីនតាមរយៈការផលិតអាំងស៊ុយលីនកាន់តែច្រើនឡើង។ ដរាបណាលំពែងនៅតែមានលទ្ធភាពផលិតអាំងស៊ុយលីនគ្រប់គ្រាន់យកឈ្នះរេស៊ីស្តង់នោះស្ករក្នុងឈាមនៅតែរក្សាក្នុងកម្រិតធម្មតាជាដដែល ។ ផ្ទុយមកវិញ នៅពេលលំពែងគ្មានលទ្ធភាពផលិតអាំងស៊ុយបានគ្រប់គ្រាន់ ពេលនោះកម្រិតស្ករក្នុងឈាមចាប់កើនឡើង ហើយទីបំផុតកើតជំងឺទឹកនោមផ្អែមប្រភេទ-២ ។
២-កើតជំងឺទឹកនោមផ្អែមប្រភេទ-២ ៖ សភាពធាត់លើសទម្ងន់ច្រើនឆ្នាំគឺបង្កើនភាគរយហានិភ័យកើតជំងឺទឹកនោមផ្អែមកាន់តែខ្ពស់ ។ ដូច្នេះបណ្តាបុគ្គលដែលមានរាងដូចផ្លែប៉ោម(ខ្លាញ់នៅបរិវេណចង្កេះច្រើន)នឹងជួបហានិភ័យខ្ពស់បំផុត ។
៣-លើសឈាម ៖ សម្ពាធឈាមឡើងខ្ពស់គឺជារឿងសាមញ្ញក្នុងចំណោមបណ្តាជនធាត់ៗ ។ ការសិក្សាស្រាវជ្រាវមួយរបស់ប្រទេសន័រវែសបានបង្ហាញថា ក្នុងចំណោមបុរសនិងស្ត្រីដែលមានរាងកាយធាត់ ស្ត្រីប្រឈមនឹងបញ្ហាលើសឈាមខ្លាំងជាងបុរស ជាពិសេសស្ត្រីដែលមានរាងដូចផ្លែប៉ោម ។
៤-គាំងបេះដូង ៖ ការសិក្សាមួយបានរកឃើញថា ហានិភ័យជំងឺបេះដូងបានកើនពី៣-៤ដងក្នុងចំណោមស្ត្រីដែលមានលេខ BMI លើសពី២៩ឡើងទៅ ។ ក្រុមអ្នកវិទ្យាសាស្ត្រ ហ្វាំងឡង់អះអាងថា រៀងរាល់ការឡើងទម្ងន់ខ្លួន១គីឡូក្រាមគឺបង្កើនហានិភ័យស្លាប់ពីជំងឺបេះដូង១ភាគរយ ។
៥-កើតជំងឺមហារីក ៖ ធាត់លើសទម្ងន់ត្រូវបានគេភ្ជាប់ទៅនឹងហានិភ័យកើតជំងឺមហារីកមួយចំនួនក្នុងនោះ មហារីកសុដន់ ពោះវៀន មហារីកស្បូន ប្រូស្តាត ថង់ប្រមាត់ជាដើម ។
ក្រៅពីនេះ សភាពធាត់ខ្លាំងក៏អាចបណ្តាលឱ្យលើសខ្លាញ់កូឡេស្តេរ៉ូល និងដាច់សរសៃឈាមខួរក្បាលផងដែរ ៕
ចែករំលែកព័តមាននេះ