ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ហើយ​ក្រុមឆក់​កាបូប និង​ធ្លាក់​ប្លន់​ម៉ូតូ​តាម​ផ្លូវជាតិ​​​យ៉ាង​កក្រើក​ក្រុង​កំពត

1 ខែ មុន
  • កំពត

កម្លាំង​សមត្ថកិច្ច​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្តកំពត បាន​វែកមុខ​ក្រុម​ក្មេង​ស្ទាវ​ជា​ចោរឆក់​កាបូប និង​ធាក់​ប្លន់​យក​ម៉ូតូ​ជន​រង​គ្រោះ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៣ នា​ពេល​កន្លង​មក​ថ្មី​ៗ​នេះ​យ៉ាង​ល្បី​ក្នុង​ក្រុង​កំពត និង​ទូ​ទាំង​ខេត្តកំពត ដោយ​ត្រូវ​

ខេត្តកំពត ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្តកំពត បាន​វែកមុខ​ក្រុម​ក្មេង​ស្ទាវ​ជា​ចោរឆក់​កាបូប និង​ធាក់​ប្លន់​យក​ម៉ូតូ​ជន​រង​គ្រោះ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៣ នា​ពេល​កន្លង​មក​ថ្មី​ៗ​នេះ​យ៉ាង​ល្បី​កក្រើក​​ក្នុង​ក្រុង​កំពត និង​ទូ​ទាំង​ខេត្តកំពត ដោយ​ត្រូវ​ឃាត់ខ្លួន​បាន​ក្រុម​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៩​នាក់ និង​វត្ថុ​តាង​មួយ​ចំនួន បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២១​កន្លង​មកនេះ​។

Picture

ជុំវិញ​ករណី​បង្ក្រាប​ខាងលើ លោក​វរសេនីយ៍ទោ ឈឹ​ម ឈាង នាយការិយាល័យ​ព្រហ្មទណ្ឌ​ក​ម្រឹត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត បានឱ្យ​ដឹង​ថា ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​បាន​ជោគជ័យ​នេះ ដោយសារ​អនុវត្ត​តាម​បទបញ្ជា និង​ការ​ចង្អុលបង្ហាញ​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត ដែល​បាន​ចាត់​ឱ្យ​លោក​វរសេនីយ៍ឯក លក ញ៉ា​វ ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ រួម​ទាំង​រូប​លោក​ផ្ទាល់ ដោយ​បាន​សហការ​ជាមួយ​កម្លាំង​នៃ​អធិការ​នគរបាល​ស្រុក​ដងទង់ ដើម្បី​ដឹកនាំ​កម្លាំង​ល្បាត និង​ដាក់​រនាំង​ត្រួតពិនិត្យ​នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៣ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​ដងទង់ ដែល​ជា​ចំណុច​ធ្លាប់​កើត​មាន​បទល្មើស​កន្លង​មក​។

Picture

លោក ឈឹ​ម ឈាង បាន​បញ្ជាក់​ទៀង​ថា ការ​ល្បាត និង​ដាក់​រនាំង​ត្រួតពិនិត្យ​បែប​នេះ ដោយសារ​តែ កាលពី​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២១ វេលា​ម៉ោង​៤​ទៀប​ភ្លឺ ក្រុម​ជនសង្ស័យ​ទាំងនេះ​បាន​ធ្វើ​សកម្មភាព​ធាក់​ប្លន់​យក​ម៉ូតូ​ពី​អ្នកដំណើរ​១​គ្រឿង​ម៉ាក C125 ឆ្នាំ​២០២០ លើ​ដងផ្លូវ​ជាតិ​លេខ​៣ ស្ថិត​ក្នុង​ឃុំ​ល្អាង ស្រុក​ដងទង់ រួច​ហើយ​ពួក​គេ​ក៏​បាន​ជិះ​ម៉ូតូ​ដែល​ធាក់​ប្លន់​បាន​នោះ យក​ទៅ​លក់​នៅ​ឯ​រាជធានី​ភ្នំពេញ ។ ចំពោះ​ករណី​ប្លន់​នេះ ពួក​គេ​ជិះ​ម៉ូតូ​ពី​៣​ទៅ​៤​គ្រឿង​ដើម្បី​ធ្វើ​សកម្មភាព លុះ​ប្លន់​បាន​សម្រេច ក្រុម​ជនសង្ស័យ​ក៏​ជិះ​ម៉ូតូ​ដែល​ប្លន់​បាន​យក​ទៅ​លក់​នៅ​រាជធានី​ភ្នំពេញ​ភ្លាម​ៗ​តែ​ម្តង​។

Picture

លោក​បាន​បញ្ជាក់​បន្ថែម​ថា លុះ​ដល់ទី​០៩ ខែតុលា ឆ្នាំ​២០២១ ក្រុម​សង្ស័យ​ខាងលើ ក៏​បាន​ប្លន់​ម៉ូតូ C125 ឆ្នាំ​២០១៧ មួយ​គ្រឿង​ទៀត នៅ​ចំណុច​ភូមិសាស្ត្រ​ស្រុក​ដងទង់ ដដែល ព្រោះតែ​សកម្មភាព​បែប​នេះ កម្លាំង​ក៏​សហការ​ចេញ​ល្បាត និង​ដាក់​រនាំង​ត្រួតពិនិត្យ​នៅ​ពេល​យប់ ក៏​បង្ក្រាប​ក្រុម​ជនសង្ស័យ​ចំនួន​៦​នាក់ នៅ​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២១ នៅ​ចំណុច​ឃុំ​ល្អាង ក្នុងស្រុក​ដងទង់ ខេត្តកំពត រួច​នាំ​មក​សាកសួរ​នៅ​ស្នងការ​ខេត្ត ទើប​ឈាន​ទៅ​បន្ត​សហការ​ជាមួយ​កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ហើយ​ស្រាវជ្រាវ​ឃាត់ខ្លួន​បក្សពួក​បាន​ចំនួន​៣​នាក់​ទៀត​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ​។

លោក ឈឹ​ម ឈាង បានឱ្យ​ដឹង​ដែរ​ថា ជនសង្ស័យ​ទាំង​៩​នាក់​ខាងលើ រួម​មានឈ្មោះ ៖ ទី​១-​ឈ្មោះ​យូ ហាន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​៥ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ,​ទី​២-​ឈ្មោះ​យី​ម រស្មី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​មួយ​រយ ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្តកណ្តាល​, ទី​៣-​ឈ្មោះ​យឿ​ន យ៉ិ​ន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ,​ទី​៤-​ឈ្មោះ​ចាន់ បូ​រី ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ទី​៥-​ឈ្មោះ​សុទ្ធ ស្រី​រ៉ាត់ ភេទ​ស្រី អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​, ទី​៦-​ឈ្មោះ​សេង ស្រី​លី​ន ភេទ​ស្រី អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ (​ឈ្មោះ​៦​នាក់​នេះ ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​បាន​នៅ​ខេត្តកំពត​)​។

Picture

លោក ឈឹ​ម ឈាង បានឱ្យ​ដឹង​បន្ត​ទៀត​ថា ទី​៧-​ឈ្មោះ​ហ៊ឹ​ម ខេ​ម​រិ​ន ហៅ​រិ​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ព្នៅ (​ភ្នំពេញ​), ទី​៨-​ឈ្មោះ​ថុ​ន ប៊ុ​ន​ថន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ និង​ទី​៩-​ឈ្មោះ​ហ៊ុន ហាន ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ (៣​នាក់​នេះ​ត្រូវ​ឃាត់ខ្លួន​នៅ​រាជធានី​ភ្នំពេញ​)​។ ក្រោយ​ពី​ស្រង់​ចម្លើយ​សារភាព ជនសង្ស័យ រួម​នឹង​វត្ថុ​តាង សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពត ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។

សូម​រំលឹក​ថា ជនសង្ស័យ​ស្រី​ប្រុស​ទាំង​៩​នាក់​ដែល​ត្រូវ​កម្លាំង​សមត្ថកិច្ច​ខេត្តកំពត សហការ​ជាមួយ​កម្លាំង​នគរបាល​ស្នងការ​រាជ​ធានី​ភ្នំពេញ ឃាត់ខ្លួន​បាន​នា​ពេល​នេះ គឺ​ពួក​គេ​បាន​ធ្វើ​ដំណើរ​ចូល​មក​ខេត្តកំពត​របៀប​ដូច​ភ្ញៀវ​ទេសចរណ៍​ដទៃ​ទៀត ដែល​មក​លេង​កំសាន្ត​ក្នុង​ខេត្តកំពត​ផង​ដែរ ប៉ុន្តែ​ពេល​ពួក​គេ​ចូល​មក​ដល់​ទឹកដី​ខេត្តកំពត​ភ្លាម គឺ​ពួក​គេ​ចាប់ផ្តើម​ធ្វើ​សកម្មភាព​ឆក់​កាបូប​តាំងពី​មុន​បុណ្យ​ភ្ជុំ​មក​ម្ល៉េះ រីឯ​កម្លាំង​សមត្ថកិច្ច​ក៏​ខំប្រឹង​ដុតដៃដុតជើង ដើម្បី​ធ្វើការ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ស្ទើរតែ​គ្មាន​ពេល​សំរាក ទើប​ឈាន​ទៅ​កំណត់​មុខសញ្ញា​ក្រុម​នេះ​បាន​ដោយ​ជោគជ័យ​៕