ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​ស្រព​ចាប៉ី​ដង​វែង​ឆ្នាំ​២០២១​បិទ​បញ្ចប់ ខណៈ​បេក្ខជន​លេខ​១​មក​ពី​ខេត្តបន្ទាយមានជ័យ

2 ឆ្នាំ មុន
  • ភ្នំពេញ

មហោស្រព​ចាប៉ី​ដង​វែង​ទូ​ទាំង​ប្រទេស​ឆ្នាំ​២០២១ ដែល​រៀបចំ​ដោយ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ​កាលពី​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១ ខណៈ​ពេល​ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​លើ​បេក្ខជន​មក​ពី​ខេត្ត

រាជធានី​ភ្នំពេញ ៖ មហោស្រព​ចាប៉ី​ដង​វែង​ទូ​ទាំង​ប្រទេស​ឆ្នាំ​២០២១ ដែល​រៀបចំ​ដោយ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ​កាលពី​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១ ខណៈ​ពេល​ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​លើ​បេក្ខជន​មក​ពី​ខេត្តបន្ទាយមានជ័យ​។

ក្រោយ​ការ​ប្រឡង​ដែល​ធ្វើ​ឡើង​រយៈពេល​៣​ថ្ងៃ​គឺ​ថ្ងៃ​ទី​១៥-១៦ ខែតុលា ឆ្នាំ​២០២១ ដែល​មានការ​ផ្សាយ​ផ្ទាល់​នៅ​លើក​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បេក្ខជន មួល សុ​ដា ជា​បេក្ខជន​មក​ពី​ខេត្តបន្ទាយមានជ័យ ត្រូវ​បាន​គណៈកម្មការ​ជ្រើសរើស​អោយ​ជាប់​ជ័យ​លា​ភី​លេខ​១ ដោយសារ​លោក​មាន​ទេព​កោសល្យ​ល្អ​លើ​ជំនាញ​ចាប៉ី​ដង​វែង​នេះ​។ សម្រាប់​បេកខជន​លេខ​២ បាន​ទៅ​លើ​បេក្ខជន​ឈ្មោះ សារី សិលា មក​ពី​ខេត្តព្រៃវែង និង​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​លើ​បេក្ខជន​ឈ្មោះ​រហ័ស​នាម​ថា តា​ពូថៅ​ឆែប មក​ពី​ខេត្តពោធិ៍សាត់​។

លោក ពេ​ជ្ជ សា​រ៉ាត ប្រធាន និង​ជា​គ្រូបង្រៀន​ចាប៉ី​ដង​វែង​នៅ​ក្នុង​សហគមន៍​ចាប៉ី​អមតៈ បាន​លើក​ឡើង​ថា ក្នុង​នាម​អ្នកជំនាញ​លើ​ចាប៉ី​ដង​វែង​ម្នាក់ លោក​សូម​សម្តែង​ការ​អបអរសាទរ​ដល់​ម្ចាស់​ជ័យ​លា​ភី​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង ហើយ​លោក​ក៏​សូម​លើកទឹកចិត្ត​ដល់​អ្នក​ដែល​មិន​បាន​ជាប់ សូម​អោយ​ខិតខំ​បន្ត និង​កុំ​បោះបង់​ចោល​ជំនាញ​ចាប៉ី​ដង​វែង​នេះ​។

លោក​បញ្ជាក់​ថា ការ​ប្រលង​ពិត​ណាស់ ត្រូវ​តែ​មាន​ជាប់ និង​ធ្លាក់ ហើយ​យើង​កុំ​គិត​ថា ប្រឡង​ដឹង​តែ​ធ្លាក់ តែ​ត្រូវ​គិត​ថា ការ​ចូលរួម​ប្រឡង​គឺជា​ឱកាស​សម្រាប់​យើង​បញ្ចេញ​សមត្ថភាព និង​បង្ហាញ​លក្ខណៈ​នៃ​ការ​អង្គុយ​ដេញចាប៉ី​ដង​វែង​ដោយ​ភាព​ជឿជាក់ និង​ស្វាហាប់​អោយ​មហាជន​បានឃើញ​។

លោក​បន្ថែម​ថា សម្រាប់​អ្នក​ជាប់​ជ័យ​លា​ភី គឺ​ពិតជា​សាក​សម ព្រោះ​បេក្ខជន​មាន​បំ​និ​ន​ជីវិត​ច្បាស់លាស់ និង​មានការ​ដាក់​អារម្មណ៍​ទៅ​តាម​ការ​ច្រៀង​ចម្រៀង​ចាប៉ី ព្រោះ​ការ​ច្រៀង​ចាប៉ី​ដង​វែង​មិនមែន​គ្រាន់តែ​ចេះ​ដេញ ហើយនឹង​ច្រៀង​វា​គ្រប់គ្រាន់​នោះ​ឡើយ​។ យ៉ាងណា​លោក​មើលឃើញ​ថា បេក្ខជន​ដែល​បាន​ចូលរួម​ប្រឡង​នា​ពេល​នេះ គឺ​សុទ្ធតែ​ល្អ ប៉ុន្តែ​ការ​ប្រឡង​គឺ​យើង​ត្រូវ​ស្វែងរក​បេក្ខជន​ដែល​ខ្លឹម និង​ល្អ​ផ្តាច់​គេ ដើម្បី​បាន​ទទួល​ជ័យ​លា​ភី​ឯក​។

បើ​តាម​លោក ពេ​ជ្ជ សា​រ៉ាត លោក​សូម​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ ជា​ពិសេស​ក្រសួង​វប្បធម៌​ដែល​បាន​ខិតខំ​រៀបចំ​កម្មវិធី​នេះ​ឡើង​បាន​យ៉ាង​ល្អ និង​ជោគជ័យ បើ​ទោះបី​ស្ថិត​នៅ​ក្នុង​បរិបទ​កូ​វី​ដ​នា​ពេល​នេះ​ក៏​ដោយ​។ លោក​បញ្ជាក់​ថា យើង​បាន​អាក់ខាន​នៃ​ការ​រៀបចំ​មហោស្រព​ចាប៉ី​ដង​វែង​នេះ ដោយសារ​ការ​រីក​រាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ប៉ុន្តែ​សម្រាប់​ឆ្នាំ​នេះ យើង​បាន​ពុះពារ​ធ្វើ​ឡើង ដែល​នោះ​គឺជា​ការ​ដាស់​ស្មារតី​ដល់​យុវជន​ខ្មែរ​ជំនាន់​ក្រោយ អោយ​ចូលរួម​បន្ត​ថែរក្សា​នូ​កេរ្តិ៍​តំណែល​សិល្បៈ​ដូនតា​យើង​ដែល​បាន​បន្សល់​ទុក​អោយ​។ ក្នុង​នាម​ជា​ប្រធាន​សមាគម​ចាប៉ី​អមតៈ​លោក តែងតែ​ចូលរួម​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​សម្រាប់​ការ​បណ្តុះបណ្តាល និង​បំផុស​យុវជន កុមារ​អោយ​យល់​ដឹង​ពី​សិល្បៈ​ចាប៉ី​ដង​វែង​នេះ​។

គួរ​បញ្ជាក់​ថា មហោស្រព​ចាប៉ី​ដង​វែង​ទូ​ទាំង​ប្រទេស​ឆ្នាំ​២០២១ ក្រោម​ប្រធានបទ «​យុវជន​ដើម្បី​វប្បធម៌​ជាតិ​» បាន​ធ្វើ​ឡើង​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​១៧ ខែតុលា ឆ្នាំ​២០២១ នៅ​សាល​មហោស្រព​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព រាជធានី​ភ្នំពេញ នឹង​ផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។

យោង​ម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ព្រឹត្តិការណ៍​មហោស្រព​ចាប៉ី​ដង​វែង​ទូ​ទាំង​ប្រទេស​ឆ្នាំ​២០២១​នេះ រៀបចំ​ឡើង​ក្នុង​គោលបំណង ដើម្បី​ចូលរួម​ថែរក្សា​លើក​ស្ទួយ​អភិរក្ស​តម្លៃ​សិល្បៈ​វប្បធម៌​ប្រពៃណី​ជាតិ អត្តសញ្ញាណ​ជាតិ សំដៅ​រួមចំណែក​អភិវឌ្ឍ​សង្គម និង​លើកកម្ពស់​កិត្យានុភាព​ជាតិ ជា​ពិសេស​ចាប៉ី​ដង​វែង ដែល​បាន​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូ​ណេ​ស្កូ​កន្លង​មក​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ