ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួនពលរដ្ឋ០៥នាក់ សង្ស័យលួចក្ងានលោកធំ ត្រូវ សមត្ថកិច្ចកំពុងស្រាវជ្រាវរកការពិត

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សំណុំរឿង​បាត់​សត្វ​ក្ងាន​ជិត​៣០​ក្បាល​ដែល​អ្នក​ភូមិ​អះអាង​ថា ជា​របស់​លោក​ឧត្តមសេនីយ៍​ផ្កាយ​៤ នគរបាល​ម្នាក់ ហើយ​ត្រូវ​កម្លាំង​នគរបាល​ស្រុក​បាណ​ន់ ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ប្រជាពលរដ្ឋ​បាន​ចំនួន​០៥​នាក់ កាលពី​ម្សិលមិញ​ដែល​ពាន់​ព័ន្ធ​ក្នុង​សំណុំរឿង​នេះ ។ ពេល​នេះ…

ខេត្តបាត់ដំបង ៖ សំណុំរឿង​បាត់​សត្វ​ក្ងាន​ជិត​៣០​ក្បាល​ដែល​អ្នក​ភូមិ​អះអាង​ថា ជា​របស់​លោក​ឧត្តមសេនីយ៍​ផ្កាយ​៤ នគរបាល​ម្នាក់ ហើយ​ត្រូវ​កម្លាំង​នគរបាល​ស្រុក​បាណ​ន់ ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ប្រជាពលរដ្ឋ​បាន​ចំនួន​០៥​នាក់ កាលពី​ម្សិលមិញ​ដែល​ពាន់​ព័ន្ធ​ក្នុង​សំណុំរឿង​នេះ ។

ពេល​នេះ សមត្ថកិច្ច​ជំនាញ​បាន និង​កំពុង​បើក​ការ​ស៊ើបអង្កេត​បន្ត​ដើម្បី​ស្វែងរក​ការ​ពិត តែ​មិន​ទាន់​ហ៊ាន​ធ្វើការ​ចោទប្រកាន់​ទៅ​លើ​ពលរដ្ឋ​ទាំង​០៥​នាក់​នោះ​នៅឡើយ​ទេ ។ នេះ​បើ​តាម​លោក ប៉ាន់ វ៉ា​ន់​នី អធិការ​ស្រុក​បាណ​ន់ ដែល​បាន​ថ្លែងប្រាប់​កោះសន្តិភាព តាម​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃ​ទី​១៦ តុលា​នេះ ។

លោក ប៉ាន់ វ៉ា​ន់​នី អធិការ​ស្រុក​បាណ​ន់ បាន​ប្រាប់​កោះសន្តិភាព​ថា មន្ត្រី​ប៉ុស្ដិ៍​រដ្ឋបាល​ចែង​មាន​ជ័យ​បាន​ទទួល​ពាក្យបណ្ដឹង​ពី​ឈ្មោះ ហូរ ស៊ី​នឿ​ន ហៅ ឆក ប្រុស អាយុ​៣៩​ឆ្នាំ ដែល​តំណាង​ឲ្យ​ម្ចាស់​កសិដ្ឋាន​នោះ​នៅ​ម៉ោង​១០​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​១៥ តុលា ដែល​បាន​អះអាង​ថា គាត់​បាន​បាត់​សត្វ​ក្ងាន​អស់​ចំនួន​២៨​ក្បាល​ពី​ទ្រុង ដែល​ស្ថិត​នៅ​ភួ​មិ​បុស្សខ្នុរ ឃុំ​ចែង​មាន​ជ័យ ស្រុក​បាណ​ន់ កាលពី​ថ្ងៃ​ទី​១២ តុលា ។

ដើមបណ្ដឹង​រូប​នេះ​បាន​អះអាង​ថា ខ្លួន​បានដឹង​ពីមុខ​សញ្ញា​លួច​ក្ងាន ទើប​ក្រោយ​ទទួល​ពាក្យបណ្ដឹង មន្ត្រី​របស់​លោក​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៥​នាក់​ជា​បន្តបន្ទាប់ ។

ប៉ុន្តែ​លោក​អធិការ​រូប​នេះ បាន​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ មន្ត្រី​ជំនាញ​កំពុង​សួរនាំ និង​កំពុង​ចុះ​ពិនិត្យ​ទ្រុង​ក្ងាន​របស់​ដើមបណ្ដឹង​នៅឡើយ ហើយ​យើង​ក៏​មិន​ទាន់​ហ៊ាន​ធ្វើការ​ចោទប្រកាន់​ពលរដ្ឋ​ទាំង​០៥​នាក់​ខាងលើ​នេះ​ថា បាន​លួច ឬ​មិន​បាន​លួច​នៅឡើយ​ដែរ ព្រោះ​មន្ត្រី​ជំនាញ​កំពុង​ចុះ​ពិនិត្យ​ទីតាំង​កើតហេតុ​នៅឡើយ ។

ដោយឡែក​ពលរដ្ឋ​ទាំង​០៥​នាក់​ដែល​ត្រូវ​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​កាន់​អធិការ​ស្រុក​បាណ​ន់ តាម​ការ​សង្ស័យ​របស់​ម្ចាស់​សត្វ​ក្ងាន​នោះ គឺ ១​ឈ្មោះ អ៊​ក ណុ​ប ប្រុស អាយុ​២៣​ឆ្នាំ ២​ឈ្មោះ វិត ថា ប្រុស​អាយុ​៣៥​ឆ្នាំ ៣​ឈ្មោះ ស៊ា​ម ចាន់​ឌឿ​ន ប្រុស​អាយុ​២៨​ឆ្នាំ ទាំង​០៣​នាក់​នេះ នៅ​ភូមិ​បុស្សខ្នុរ ឃុំ​ចែង​មាន​ជ័យ ស្រុក​បាណ​ន់ ៤​ឈ្មោះ ម៉ាត់ សុ​គ្រី ប្រុស​អាយុ​១៩​ឆ្នាំ និង​៥ ឈ្មោះ លី​ម សុ​ភី​ណាស់ ស្រី អាយុ​៣៧​ឆ្នាំ ទាំង​០២​នាក់​នៅ​ភូ​មិន​រា ឃុំ​ន​រា ស្រុក​សង្កែ ។

អ្នកស្រី វិត កុសល់ អាយុ​៤៦​ឆ្នាំ ដែល​ជា​ម្ដាយ​របស់​យុវជន​ឈ្មោះ អ៊​ក ណុ​ប ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃ​ទី​១៦ តុលា​នេះ​ថា «​អ្នក​ដែល​ត្រូវ​គេ​ចាប់ខ្លួន​ទាំង​០៥​នាក់​នោះ មានមុខ​របរ​នេសាទ​ត្រី​លក្ខណៈ​គ្រូ​សារ (​អ្នក​ដាក់​មង​) នៅ​តាម​ដងស្ទឹង​សង្កែ​»​។

គាត់​និយាយ​ថា បុរស​ម្នាក់​ឈ្មោះ ឆក ដែល​ជា​មេការ​ជំនិត​របស់​លោក​ធំ​ម្នាក់​ដែល​អ្នកស្រុក​ហៅ​ថា «​លោក​ឧកញ៉ា ឈ្មោះ សេង យូ​អ៊ា​ន់​» បាន​ចោទប្រកាន់​កូនប្រុស​គាត់ រួម​ទាំង​អ្នក​ភូមិ​ចំនួន​០៤​នាក់​ទៀត​ថា «​បាន​លួច​សត្វ​ក្ងាន​គាត់​» តែ​តាម​ពិត​សត្វ​ក្ងាន​ទាំងនោះ​ពួក​គេ​ចាប់​បាន​ពេល​វា​ជាប់​មង និង​ខ្លះ​ទៀត​កំពុង​អណ្ដែត​តាម​ទឹកស្ទឹង​ដែល​មាន​ចម្ងាយ​ពី​កន្លែង​ចិញ្ចឹម​របស់​លោក​ឧកញ៉ា​នោះ​ប្រហែល​ជាង​៤​គីឡូម៉ែត្រ​ឯណោះ​នៅ​ពេល​ពួក​គេ​នាំ​គ្នា​ជិះ​កាណូត​ទៅ​លើក​មង ។

អ្នកស្រី កុសល់ បាន​និយាយ​ថា សត្វ​ក្ងាន​ទាំងនោះ​ត្រូវ​កូនប្រុស​គាត់ និង​អ្នក​ភូមិ​ចាប់​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​១២ តុលា មាន​ខ្លះ​ងា​.​ប់​ដោយសារ​ជាប់​មង និង​ខ្លះ​ទៀត​កំពុង​ឈ្លក់ទឹក​ដែល​សរុប​មាន​ចំនួន​១៥​ក្បាល ។

អ្នកស្រី​បាន​បញ្ជាក់​ថា ក្រោយ​ពី​ចាប់​បាន​ពួក​គាត់​ក៏​បាន​ប្រកាស​សួរ​រក​ម្ចាស់​ក្ងាន​នៅ​ក្នុងភូមិ​ដែរ តែ​អ្នក​ចិញ្ចឹម​ក្ងាន​អត់​មាន​អ្នក​ណា​បាត់​ទេ រីឯ​ខាង​អ្នក​មើល​សត្វ​ក្ងាន និង​ចាំ​ដី​ឲ្យ​លោក​ធំ​(​លោក​ឧកញ៉ា​) ដែល​នៅ​ក្បែរ​នោះ​ក៏​មិន​បាន​មក​សួរនាំ​ដែរ​ទើប​អ្នក​ភូមិ​កាប់​ចែក​គ្នា​ហូប ហើយ​សល់​ប៉ុន្មាន​ក្បាល​ចែក​គ្នា​ចិញ្ចឹម ។ ប៉ុន្តែ​នៅ​ល្ងាច​ថ្ងៃ​ទី​១៤ តុលា ស្រាប់តែ​មាន​កម្មករ​មើលថែ​ដី​លោក​ឧកញ៉ា​ម្នាក់​បាន​ដើរមក​សួរ​រក​ក្ងាន ហើយ​អ្នក​ភូមិ​បាន​ប្រគល់​ក្ងាន​០១​ក្បាល ដែល​នៅ​រស់​ឲ្យ​បុរស​នោះ​យក​ទៅ​បាត់ ។

លុះ​នៅ​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​១៥ តុលា ស្រាប់តែ​មេការ​ម្នាក់​ឈ្មោះ ឆក បាន​បើកឡាន​មក​ឈប់​ក្នុងភូមិ រួច​ហៅ​ស្ត្រី ឈ្មោះ លី​ម សាវ​ភី​ណាស់ ឲ្យ​ឡើង​ឡាន​ទៅ​ជាមួយ​ខ្លួន ដោយ​មេការ​ឈ្មោះ ឆក នេះ​ប្រាប់​ថា «​ទៅ​ជួប​ដោះស្រាយ​ជាមួយ​មេ​ៗ» តែ​ពេល​ដឹក​ចេញ​ទៅ បែរជា​ដឹក​ស្ត្រី​រូប​នេះ​ទៅ​ប្រគល់​ឲ្យ​សមត្ថកិច្ច​នៅ​ប៉ុស្ដិ៍​ចែង​មាន​ជ័យ​ទៅ​វិញ ។

លុះ​ប៉ុន្មាន​ម៉ោង​ក្រោយមក​សមត្ថកិច្ច​បាន​បើករថយន្ត​មក​ចាប់​ពលរ​ដ្ខ​ចំនួន​០៤​នាក់ វ៉ៃ​ខ្នោះដៃ​រុញ​ឲ្យ​ឡើង​ឡាន​ដឹក​ទៅ​កាន់​ប៉ុស្ដិ៍​ជា​បន្តបន្ទាប់​ទៀត​ដោយ​អះអាង​ថា ពួក​គេ​បាន​លួច​សត្វ​ក្ងាន​លោក​ឧកញ៉ា (​លោក សេង យូ​អ៊ា​ន់​) ។

គាត់​បាន​បញ្ជាក់​ថា តាម​ពិត​អ្នក​ចាប់​បាន​សត្វ​ក្ងាន​នោះ​មិនដឹង​ថា ក្ងាន​ទាំង​១៥​ក្បាល​នោះ អណ្ដែត​មកពីណា​ទេ ហើយ​ក៏​មិនដឹង​ទៅ​ជាប់​មង​ពី​ពេល​ណា​ដែរ នៅ​ពេល​ពួក​គេ​ទៅ​លើក​មង ស្រាប់តែ​ឃើញ​សត្វ​ក្ងាន​ទាំងនោះ​ខ្លះ​ងាប់​ជាប់​មង និង​ខ្លះ​កំពុង​ឈ្លក់ទឹក ។ ហើយ​កន្លែង​ដែល​ក្ងាន​ជាប់​មង​នោះ​នៅ​ឆ្ងាយ​ពី​កន្លែង​ចិញ្ចឹម​ក្នុង​ដីចំការ​លោក​ឧកញ៉ា ប្រហែល​ជាង​៤​គីឡូម៉ែត្រ​ឯណោះ​។

កោះសន្តិភាព មិន​ទាន់​អាច​ស្វែង​ការ​ប្រភព​ណាមួយ​ពី​ម្ចាស់​សត្វ​ក្ងាន ដើម្បី​បំភ្លឺ​រឿង​នេះ​បាន​ភ្លាម​ៗ​នៅឡើយ​ទេ ជុំវិញ​ការ​ឃាត់ខ្លួន​ពលរដ្ឋ​ចំនួន​០៥​នាក់​សង្ស័យ​ថា បាន​លួច​សត្វ​ក្ងាន​លោក​ធំ​ម្នាក់​ដ៏​មាន​អំណាច ដែល​អ្នក​ភូមិ​មាន​ទម្លាប់​ហៅ​ថា «​លោក​ឧកញ៉ា​»​។ ប៉ុន្តែ​លោក ប៉ាន់ វ៉ា​ន់​នី អធិការ​ស្រុក​បាណ​ន់​បាន​ថ្លែង​ថា រហូត​មក​ដល់​ពេល​នេះ លោក​មិន​ទាន់​ហ៊ាន​ធ្វើការ​សន្និដ្ឋាន​ថា ពលរដ្ឋ​ទាំង​០៥​នាក់​ខាងលើ​នេះ បាន​លួច​ក្ងាន​គេ ឬ មិន​បាន​លួច​នោះ​ទេ តែ​លោក​បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​ចុះ​ទៅ​នាំ​ខ្លួន​ពលរដ្ឋ​ទាំងនេះ ដោយ​យោង​តាម​ពាក្យបណ្ដឹង​របស់​ឈ្មោះ ហូរ ស៊ី​នឿ​ន ហៅ ឆក ជា​អ្នក​មើលថែ​សត្វ​ក្ងាន​នោះ ដែល​បាន​ប្ដឹង​នៅ​ម៉ោងជាង​១០​ព្រឹក​ថ្ងៃ​ទី ១៥ តុលា​។

លោក​អធិការ​រូប​នេះ​បាន​បញ្ជាក់​ថា ម្ចាស់​ក្ងាន​បាន​ប្រាប់​ថា ក្ងាន​របស់​គាត់​មាន​ចំនួន​៣៦​ក្បាល តែ​បាន​បាត់​ចំនួន​២៨​ក្បាល កាលពី​ថ្ងៃ​ទី​១២ តុលា តែ​មិន​បាន​បញ្ជាក់​ពី​ពេលវេលា​នៃ​ការ​បាត់​ទេ​។ ជាមួយនឹង​ការ​ឃាត់ខ្លួន​មក​សាកសួរ យើង​បាន​ដកហូត​សត្វ​ក្ងាន​មក​វិញ​ចំនួន​០៣​ក្បាល​ប្រគល់​ឲ្យ​ម្ចាស់ ។ ប៉ុន្តែ​ពេល​នេះ មន្ត្រី​ជំនាញ​របស់​លោក កំពុងធ្វើការ​ពិនិត្យ​កន្លែង​ទ្រុង​ក្ងាន ដើម្បី​ស្វែងរក​ការ​ពិត​ថា តើ​សត្វ​ក្ងាន​ទាំងនោះ បាន​រួច​ចេញពី​ទ្រុង​ពេល​ទឹក​កំពុង​ជន់​ខ្លាំង ឬ​ត្រូវ​គេ​លួច​មែន ? លោក បាន​បញ្ជាក់​បន្ថែម​ថា ពេល​នេះ​លោក​កំពុង​រង​ចាំ​ការ​សម្រេច​របស់​ថ្នាក់លើ តើ​ត្រូវ​បន្ត​នីតិវិធី​បែប​ណា​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ