ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធនាការ​បង្ក្រាប​បទល្មើស​នេសាទ​ចាប់​បានតែ​វត្ថុ​តាង​​ តែ​គ្មាន​ឈ្មោះ​ជនល្មើស?

1 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបាត់ដំបង​៖ ស្ទើរ​រៀង​រាល់​ឆ្នាំ នា​រដូវ​កាល​បិទ​នេសាទ គេ​តែង​ឃើញ​អាជ្ញាធរ​ខេត្ត និងអាជ្ញាធរ​តាម​បណ្ដា​ស្រុក​ពាក់ព័ន្ធ​មួយ​ចំនួន តែង​បើក​យុទ្ធនាការ​ដឹកនាំ​កម្លាំង​ចម្រុះ ក្រោម​ឱវាទរបស់​ខ្លួនចុះ​បង្ក្រាប​បទល្មើស​នេសាទ ដែល​ជនល្មើស​បាន​ប្រើប្រាស់​ឧ​បករ​ណ៍​ខុសច្បាប់​ដាក់​ពង្រាយ​ចាប់​យក​ត្រី នៅ​តាម​តំបន់ហាមឃាត​នានា នៃ​បឹង​ទន្លេសាប​។…

ខេត្តបាត់ដំបង​៖ ស្ទើរ​រៀង​រាល់​ឆ្នាំ នា​រដូវ​កាល​បិទ​នេសាទ គេ​តែង​ឃើញ​អាជ្ញាធរ​ខេត្ត និងអាជ្ញាធរ​តាម​បណ្ដា​ស្រុក​ពាក់ព័ន្ធ​មួយ​ចំនួន តែង​បើក​យុទ្ធនាការ​ដឹកនាំ​កម្លាំង​ចម្រុះ ក្រោម​ឱវាទរបស់​ខ្លួនចុះ​បង្ក្រាប​បទល្មើស​នេសាទ ដែល​ជនល្មើស​បាន​ប្រើប្រាស់​
ឧ​បករ​ណ៍​ខុសច្បាប់​ដាក់​ពង្រាយ​ចាប់​យក​ត្រី នៅ​តាម​តំបន់ហាមឃាត​នានា នៃ​បឹង​ទន្លេសាប​។ ប៉ុន្តែ​រាល់​កិច្ច​ប្រតិបត្តិការ​ម្ដង​ៗ គេ​ឃើញ​ក្រុម​អ្នក​បង្ក្រាប​រឹបអូស​បាន​តែ​វត្ថុ​តាង (​ឧ​បករ​ណ៍​នេសាទ​ខុសច្បាប់​) តែ​ប៉ុណ្ណោះ​ សរសេរ​បញ្ចូល​ក្នុង​របាយ​ការ​ណ៍ និងរាយ​ការ​ណ៍ជូន​ថ្នាក់លើ តែ​មិន​ដែល​​ឃើញ​ចាប់​វាយ​ខ្នោះ​ជនល្មើស​បាន​ណា​បាន​ម្នាក់​ឡើយ សូ​ម្បី​តែ​ឈ្មោះ​ជនល្មើស ដែល​ជា​ម្ចាស់​វត្ថុ​តាង ក៏​គ្មាន​នៅ​ក្នុង​របាយ​ការ​ណ៍​ដែរ​។

Picture

ជាក់ស្ដែង កាលពី​ថ្ងៃ​ទី​១៤ តុលា កម្លាំង​ចម្រុះ​របស់​គណៈ​បញ្ជាការ​កងឯកភាព​រដ្ឋបាល​ស្រុក​មោង​ឬ​ស្សី បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​យ៉ាង​ព្រោងព្រាត​ពេញ​ផ្ទៃ​ទឹក​តាម​តំបន់​នានា នៃ​តំបន់​បឹង​ទន្លេសាប ហើយ​ថែម​ទាំង​រឹបអូស​បាន​នូវ​ឧ​បករ​ណ៍​នេសាទ​ខុសច្បាប់​ជា​ច្រើន​ ដែល​ជនល្មើស​ប្រើប្រាស់​ពង្រាយ​ស្ទាក់​យក​ត្រី តែ​កម្លាំង​ចម្រុះ​នេះ​រក​មិនឃើញ​មុខ​ម្ចាស់​បទល្មើស​ទេ សូ​ម្បី​តែ​ឈ្មោះ​ក៏​គេ​ឆ្លើយ​ថា មិន​ស្គាល់​ដែរ មិន​ខុស​ពី​ការ​បង្ក្រាប​កាលពី​ឆ្នាំ​មុន​ៗ​ឡើយ​ ។ យុទ្ធនាការ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ របស់​រដ្ឋបាល​ស្រុក​មោង​ឬ​ស្សី​ខាងលើ​នេះ បើ​យោង​លើ​របាយ​ការ​ណ៍ គឺ​កិច្ច​ប្រតិបត្តិការ​នេះ មាន​កម្លាំង​នគរបាល កម្លាំង​កង​រាជអាវុធហត្ថ មន្ត្រី​ជលផល យោធា រួម​ទាំង​មន្ត្រី​មូលដ្ឋាន​ផង ដែល​ដឹកនាំ​ដោយ​មន្ត្រី​រដ្ឋបាល​ស្រុក​។

Picture

កម្លាំង​ចម្រុះ​នេះ បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ជា​ច្រើន​កន្លែង នៅ​តាម​ភូមិសាស្ត្រ​នានា​ជាប់​បឹង​ទន្លេសាប​ដែល​ស្ថិត​ក្នុង ឃុំ​ព្រៃតូច និង ឃុំ​កកោះ ស្រុក​មោង​ឬ​ស្សី​។ លទ្ធផល នៃ​យុទ្ធនាការ​បង្ក្រាប​បទល្មើស​នេសាទ​រយៈពេល​មួយ​ថ្ងៃ​របស់​កម្លាំង​ចម្រុះ​ស្រុក​មោង​ឬ​ស្សី​ខាងលើ​នេះ បើ​យោង​លើ​របាយ​ការ​ណ៏​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​រឹបអូស​បាន​នូវ​វត្ថុ​តាង ដែល​ជា​ឧ​បករ​ណ៏​នេសាទ​ខុសច្បាប់​មាន​ដូច​ជា សាច់​មង​ប្រវែង ១,១៥០​ម៉ បង្គោល​ចំនួន​២០៥​ដើម និង ឡុ​ក​សម្រាប់​ស្ទាក់​ចាប់​ត្រី​ចំនួន​០៤​។ វត្ថ​តាង​ទាំងនេះ​មួយ​ចំនួន​ត្រូវ​បាន​ដឹក​យក​មក​រក្សា​ទុក រីឯ​វ្ថុ​តាង​មួយ​ចំនួន​ត្រូវ​បំផ្លាញ​ចោល​នឹង​កន្លែង ដោយឡែក​កូន​ត្រី​ចម្រុះ​ប្រមាណ​៥០​គីឡូ ក្រាម​បានព្រលែង​វិញ​ភ្លាម​ៗ​ ។ ប៉ុន្តែ​គេ​មិនឃើញ​មានឈ្មោះ​ម្ចាស់​បទល្មើស​ណា​ម្នាក់​សរសេរ​នៅ​ក្នុង​របាយ​ការ​ណ៍​ឡើយ​។

Picture

សូម​រំលឹក​ផង​ដែរ​ថា ពាក់ព័ន្ធ​នឹង​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​នេះ គឺជា​ប្រធានបទ​ដ៏​សំខាន់​បំផុត​មួយ ដែល​គេ​តែង​លើកយក​មក​ជជែក​គ្នា​បែកផ្សែង នៅ​ក្នុង​កិច្ចប្រជុំ គណៈ​បញ្ជាការ​កងឯកភាព​ខេត្ត​ម្ដង​ៗ​។ ប្រធានបទ​នេះ ជា​សំណុំរឿង​ដ៏​រសើប​បំផុត​សម្រាប់​ស្ថាប័ន​ពាក់ព័ន្ធ ឬ សមត្ថកិច្ច​ដែល​ចុះ​បង្ក្រាប​បទល្មើស ដែល​រឹបអូស​បាន​តែ​វត្ថុ​តាង តែ​ចាប់​ជនល្មើស​មិន​បាន សូ​ម្បី​តែ​ឈ្មោះ​ជនល្មើស​ក៏​គ្មាន​នៅ​ក្នុង​របាយ​ការ​ណ៍​។ គេ​នៅ​ចាំ​បាន​ថា នៅ​ក្នុង​កិច្ចប្រជុំ នៃ​គណៈ​បញ្ជាការ​កងឯកភាព​ខេត្ត តំណាង​អយ្យា​ការ នៃ​សាលាដំបូង​ខេត្ត ធ្លាប់​បាន​លើកយក​ប្រធានបទ​« ការ​បង្ក្រាប​បទល្មើស​នេសាទ » នេះ​មក​សួរ​ដេញដោល​មន្ត្រី​ជំនាញ និង កម្លាំង​ចម្រុះ​ដែល​ចុះ​បង្ក្រាប​បទល្មើស​យ៉ាង​ផុសផុល អំពី​ការ​«​រឹបអូស​បាន​វត្ថុ​តាង តែ​ចាប់​មិន​បាន​ជនល្មើស ឬ មិន​ស្គាល់ឈ្មោះ​ជនល្មើស​»​។ តំណាង​អយ្យការ​បាន​ចង្អុល​ចំ​ៗ អំពី​កំហុស​ឆ្អ​ង​របស់​សមត្ថកិច្ច​និង​ស្ថាប័ន​ពាក់ព័ន្ធ ពេល​និយាយ​ដល់​ចំណុច​នេះ​។

Picture

លោក​តំណាង​អយ្យការ​បាន​លើក​ឡើង​ថា «​ស្ទើរ​រៀង​រាល់​ឆ្នាំ កម្លាំង​សមត្ថកិច្ច ជា​ពិសេស​ មន្ត្រី​ស្ថាប័ន​ជំនាញ តែង​ចុះ​បង្ក្រាប​បទល្មើស​នេសាទ និង រឹបអូស​បាន​វត្ថុ​តាង​ច្រើន​សន្ធឹកសន្ធាប់ តែ​មិន​ដែល​ឃើញ​ចាប់​បាន​ជនសង្ស័យ​ណា​ម្នាក់​ទេ ហើយ​ក៏​គ្មាន​ឈ្មោះ​នៅ​ក្នុង​សំណុំរឿង​ដែល​បញ្ជូន​ទៅ​តុលាការ​ដែរ​»​។ ពាក់ព័ន្ធ​នឹង​ការ​បង្ក្រាប​បទល្មើស​នេសាទ រឹបអូស​បាន​វត្ថុ​តាង តែ​ចាប់​មិន​បាន​ជនល្មើស ឬ មិន​ស្គាល់ឈ្មោះ​ជនល្មើស​នេះ បើ​តាម​ប្រភព​ជា​ច្រើន​អនេក នៅ​តំបន់​ទន្លេសាប បាន​និយាយ​ថា ការ​បង្ក្រាប​បទល្មើស​នេសាទ​នេះ គេ​ធ្វើ​បាន​តែ​ទៅ​លើ​អ្នក​ប្រព្រឹត្ត​តូចតាច តែ​គេច​វែ​ស​មិន​ព្រម​សូកប៉ាន់ គ្មាន​ខ្សែ​គ្មាន​ខ្នង រីឯ​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​ធំ​ៗ ដែល​ប្រើប្រាស​ឧ​បករ​ណ៍​ខុសច្បាប់ កាប់​ព្រៃ​ប​ពង្រាយ​ស្ទាក់​ចាប់​ត្រ​វ​រាប់​សិប​គីឡូម៉ែត្រ មន្ត្រី​ជំនាញ ឬ កម្លាំង​ចម្រុះ​មើល​មិនឃើញ ហើយ​បើ​មើលឃើញ​រហូត​ជិះ​កាណូត​ឆ្លងកាត់​ពីលើ​បទល្មើស​ទៀត ក៏​កម្លាំង​ចម្រុះ​នេះ​មិន​ហ៊ាន​បង្ក្រាប​ដែរ ព្រោះ​ទីតាំង​បទល្មើស​ធំ​ៗ​ទាំងនេះ សុទ្ធ​ជា​របស់​ពួក​អ្នកមាន​លុយ មាន​ខ្សែ មាន​ខ្នង ហើយ​ក៏​អាច​មាន​ភាគហ៊ុន​មន្ត្រី​ខិលខូច​មួយ​ចំនួន ដែល​មាន​ស្នាក់​ការ​ប្រចាំការ​នៅ​តំបន់​ទន្លេសាប​នោះ​ផង​។

Picture

​ប្រភព​នានា​បាន​និយាយ​ដោយ​ចំហ​រថា តាម​ពិត​សមត្ថកិច្ច ឬ កម្លាំង​ចម្រុះ ដែល​ចុះ​បង្ក្រាប​បទល្មើស សុទ្ធតែ​បាន​ស្គាល់ឈ្មោះ​ម្ចាស់​បទល្មើស​ស្ទើរ​គ្រប់​ទីតាំង​។ ព្រោះ​មុន​ពេល​ចុះ​បង្ក្រាប កម្លាំង​សមត្ថកិច្ច​សុទ្ធតែ​បាន​ស៊ើប​ដឹង​ជា​មុខ​ថា កន្លែង​ណា​មាន​បទ​ល្មើស ជន​ណា​ជា​ម្ចាស់​បទល្មើស ចំណុច​ណា​មាន​បទល្មើស​តូច​ឬ​ធំ ? មាន​ច្រើន​ឬ​តិច ? ប៉ុន្តែ​ពេល​ចុះ​បង្ក្រាប គេ​ច្បាម​យក​តែ​មុខសញ្ញា​ណា​មាន​លក្ខណៈ​តូចតាច ដែល​ម្ចាស់​គេច​វែ​ស​មិន​បង់​សំណែន រីឯ​ទីតាំង​ដែល​មាន​បទល្មើស​ធំ​ៗ​គេ​បិទ​ភ្នែក​បើក​កាណូត​បង្ហូ​ស ព្រោះ​មាន​ផល​ប្រ​យោ​ជ​ន៏​ពី​កន្លែង​នោះ​។ ដូច្នេះ​ហើយ ទើប​ក្រោយ​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ម្ដង​ៗ គេ​ឃើញ​មាន​តែ​វត្ថុ​តាង​នៅ​ក្នុង​របាយ​ការ​ណ៏ តែ​គ្មាន​ឈ្មោះ​ជនល្មើស​។ បើ​តាម​ការ​កត់សម្គាល់ រហូត​មក​ដល់​ថ្ងៃនេះ គេ​មិនឃើញ​មាន​ជន​ប្រព្រឹត្ត​បទល្មើស​នេសាទ​ណា​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​អូ​សកយ​កមក​ប្រគល់​ឲ្យ​តុលាការ​កាត់ទោស​ឡើយ​៕ ​