រាជធានីភ្នំពេញ ៖ ករណីគណនីហ្វេសប៊ុកឈ្មោះ Ratana Ratana Pol បានបង្ហោះសារ ពាក់ព័ន្ធការជួសជុលអគារមន្ទីរពិសោធន៍ មិនទាន់ទទួលបានប្រាក់ ២៥% ចុងក្រោយ និងប្រាក់ឧបត្ថម្ភការងារក្រៅនៅឡើយ ដែលបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន យ៉ាងខ្លាំង ។
សូមជម្រាបថា កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ មានគណនីហ្វេសប៊ុកមួយឈ្មោះថា Ratana Ratana Pol បានបង្ហោះសារ ដែលមានខ្លឹមសារថា “សូមគោរពសម្តេចពុក សូមជួយកូនផង កូនគ្មានលទ្ធភាពសងថ្លៃពលកម្ម ជាង កម្មករ និងឥវ៉ាន់ទេ ព្រោះកូនទទួលជួសជុលអគារមន្ទីរពិសោធន៍ មិនទាន់ទទួលបានប្រាក់ ២៥%ចុងក្រោយ និងប្រាក់ឧបត្ថម្ភការងារក្រៅនៅឡើយទេ មកដល់ពេលនេះ សូមសម្តេចពុកជួយកូនផង” ចូលក្នុងទំព័រហ្វេសប៊ុក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងទំព័រហ្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ក្រសួងយ៉ាងធ្ងន់ធ្ងរ ។
ក្រសួង បានជម្រាបជូនអោយដឹងថា ម្ចាស់គណនីដែលបានបង្ហោះសារនេះ មានឈ្មោះថា ប៉ុល រតនា ជាប្រធានក្រុមម៉ៅការសំណង់ បន្តពីក្រុមហ៊ុនមួយដែលទទួលម៉ៅការ សាងសង់មន្ទីរពិសោធន៍សំណង់ និងសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ។
ក្រសួងបានបញ្ជាក់ជូនថា នេះជាលើកទី៣ហើយ ដែលក្រសួងទទួលបានបណ្តឹង លើករណីមិនទាន់ទូទាត់ថវិកាគម្រោងសាងសង់មន្ទីរពិសោធន៍សំណង់ និងសាធារណការ ហើយករណីនេះ បណ្តាលមកពីការមិនបានអនុវត្តត្រឹមត្រូវ តាមកិច្ចសន្យាសាងសង់ រវាងប្រធានក្រុមម៉ៅការសំណង់ និងក្រុមហ៊ុនទទួលម៉ៅការសាងសង់មន្ទីរពិសោធន៍សំណង់ និងសាធារណការ ។
ជាមួយគ្នានេះ ក្រសួង បានស្នើឲ្យភាគីទាំងពីរ គឺ លោក ប៉ុល រតនា និងក្រុមហ៊ុនទទួលម៉ៅការសាងសង់មន្ទីរពិសោធន៍សំណង់ និងសាធារណការ ដោះស្រាយបញ្ហានេះ ឲ្យបានសមស្របតាមលក្ខខណ្ឌ ដែលមានចែងនៅក្នុងកិច្ចសន្យាសាងសង់ ហើយមិនពាក់ព័ន្ធ នឹងមន្ទីរពិសោធន៍សំណង់ និងសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូនឡើយ ៕













ចែករំលែកព័តមាននេះ