អវិជ្ជាគឺជាកម្លៅកខ្វក់មិនដឹងការណ៍ពិតដែលជាហេតុនាំឲ្យច្រឡំកួចប្រកាន់មាំក្នុងផ្លូវខុស តើយើងមានវិធីសាស្ត្រលាងជម្រះនូវភាពអវិជ្ជានេះបានយ៉ាងដូចម្តេច ?
អវិជ្ជាឬកម្លៅមិនដឹងការណ៍ពិតជាកង្វក់របស់ចិត្តយ៉ាងល្អិតស្អិតជាប់ បើយើងយកចំពោះតែសីល ការសង្រួមរវាំងឥន្ទ្រិយ និងសមាធិមកលាងជម្រះនោះ គឺមិនអាចលាងជម្រះអវិជ្ជាបានទេ ។
ធម្មជាតិដែលអាចលាងជម្រះអវិជ្ជាបានគឺ មានតែបញ្ញាតែមួយមុខគត់ ។ បញ្ញាគឺសេចក្តីយល់ដឹងធម្មជាតិផ្សេងៗ តាមសភាពពិត យើងត្រូវព្យាយាមបណ្តុះបញ្ញាឲ្យដុះឡើងដោយការស្តាប់ ដោយការគិតពិចារណា និងដោយការអប់រំភាវនា ប្រសិនបើយើងធ្វើបានដូច្នេះជាប្រចាំ យើងនឹងដឹងការណ៍ពិតថា ធម្មជាតិទាំងឡាយមិនទៀងទាត់ ជាទុក្ខ ជាអនត្តា មិនមែនតួខ្លួនរបស់គេ របស់យើងទេ ហើយនៅពេលយល់ដឹងការណ៍ពិតបែបនេះ ភាពឆោតល្ងង់ក៏បាត់ទៅឯង ។
បន្ទាប់ពីនោះ យើងក៏លែងភាន់វង្វេងកួច ប្រកាន់មាំក្នុងរឿងហេតុផ្សេងៗតទៅទៀត កាលបើធម្មជាតិណានីមួយកើតឡើង តាំងនៅ ហើយរលត់ទៅតាមសភាវធម៌របស់វាជាធម្មតា ចិត្តយើងក៏មិនញាប់ញ័រ លះវៀរការសោយសោក ចិត្តរបស់យើងក៏ស្អាតបរិសុទ្ធ និងមានសេចក្តីសុខកើតឡើងឯង ៕ សាន សារិន
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ