មិនសូវជាមានអ្នកចង់ក្រោកពីគេងលឿនពេកនោះទេ ដោយសារតែការគេងគឺពិតជាស្រួលមែនទែន ជាពិសេសនៅពេលដែលយើងរវល់នឹងការងារអស់ពេលពេញមួយថ្ងៃ។ តែនៅថ្ងៃនេះ អ្នកប្រាកដជាត្រូវគិតឡើងវិញ ដោយសារតែការគេងយូរ អាចនឹងឆក់យកជីវិតរបស់អ្នកបាន។
ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា មនុស្សពេញវ័យដែលគេងលើសពី ៨ ម៉ោង ក្នុងមួយយប់ អាចប្រឈមនឹងហានិភ័យខ្ពស់ នៃជំងឺដាច់សរសៃឈាមខួរក្បាល។

អ្នកស្រាវជ្រាវបានរកឃើញថា អ្នកគេងយូរ គឺមាន ៤៦% ហាក់ដូចជាងាយកើតជំងឺដាច់សរសៃឈាមខួរក្បាល ជាងអ្នកដែលគេងបានត្រឹមតែ ៨ ម៉ោងគត់ក្នុងមួយយប់។
ទោះជាយ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវមិនដឹងថាតើ ការគេងយូរ គឺជាមូលហេតុ ផលវិបាក ឬរោគសញ្ញាភ្លាមៗ នៃការថយចុះសុខភាពខួរក្បាល ឬយ៉ាងណានោះទេ។
នៅក្នុងការស្រាវជ្រាវ អ្នកស្រាវជ្រាវបានមើលទៅលើមនុស្ស ៩៧០០ នាក់ ហើយបានសួរអំពីទម្លាប់ នៃការគេងរបស់ពួកគេ និងអត្រានៃការកើតជំងឺដាច់សរសៃឈាមខួរក្បាល ក្នុងរយៈពេលជិត ១០ ឆ្នាំនេះ។ បុរស និងស្ត្រី ដែលមានអាយុជាមធ្យម ៦២ ឆ្នាំ នៅពេលដែលការស្រាវជ្រាវបានចាប់ផ្តើមនោះ បានប្រាប់ពីរយៈពេល នៃការគេងរបស់ពួកគេ នៅចន្លោះឆ្នាំ ១៩៩៨ និង ២០០០ និងម្តងទៀតនៅ ៤ ឆ្នាំក្រោយ។ ពួកគេបានប្រាប់ពីរយៈពេល ដែលពួកគេបានគេងនៅពេលយប់ និងថាតើពួកគេបានគេងលក់ស្រួលប៉ុណ្ណា។
ប្រហែល ៧០ ភាគរយបាននិយាយថា ពួកគេបានគេងពី ៦ ទៅ ៨ ម៉ោងក្នុងមួយយប់។ ម្នាក់ក្នុងចំណោមមនុស្ស ១០ នាក់ បាននិយាយថា ពួកគេបានគេងលើសពី ៨ ម៉ោង។ អ្នកដែលគេងតិចជាង ៦ ម៉ោង ឬលើសពី ៨ ម៉ោងហាក់ដូចជាមនុស្សវ័យចំណាស់ ស្ត្រី និងមិនជាអ្នកធ្វើលំហាត់ប្រាណ។
អំឡុងពេលនៃការតាមដាន មនុស្ស ៣៤៦ នាក់ មានជំងឺដាច់សរសៃឈាមខួរក្បាល។ អ្នកដែលបានគេងយូរជាង ៨ ម៉ោង មានការកើនឡើង ៤៦ ភាគរយ នៃហានិភ័យជំងឺដាច់សរសៃឈាមខួរក្បាល ហើយអ្នកដែលគេងតិចជាង ៦ ម៉ោង មានការកើនឡើងហានិភ័យ ដល់ទៅ ១៨ ភាគរយ។ វេជ្ជបណ្ឌិត ឡេង បាននិយាយថា ប៉ុន្តែ ចំនួននៃក្រុមដែលបានប្រាប់ថា គេងតិចជាង ៦ ម៉ោងក្នុងមួយយប់នោះ គឺតិច៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ