ភ្នំពេញ៖ តាមការគ្រោងទុក នៅម៉ោង ៩ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ គណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា នឹងបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា តាមប្រព័ន្ធអនឡាញ ដោយមានរបៀបវារៈមួយចំនួន។ ក្នុងនោះ សេចក្តីព្រាងវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ដែលកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់ថ្នាក់ដឹកនាំកំពូលៗ ក៏ស្ថិតក្នុងរបៀបវារៈ ដែលគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ត្រូវលើកយកមកប្រជុំ នាព្រឹកថ្ងៃទី១៤តុលាផងដែរ។
រដ្ឋសភា បានប្រកាសថា បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា នាព្រឹកថ្ងៃទី១៤តុលា លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា នឹងធ្វើសន្និសីទសារព័ត៌មានដោយផ្ទាល់ នៅវិមានរដ្ឋសភា អំពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។
សូមរម្លឹកថា កាលពីថ្ងៃទី១១ ខែតុលា គណៈរដ្ឋមន្ត្រី បានបញ្ជូនសំណើធ្វើវិសោធនកម្ម មាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់រដ្ឋធម្មនុញ្ញបន្ថែម ទៅកាន់រដ្ឋសភា។
បន្ទាប់ពីបានទទួលសំណើធ្វើវិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម គឺរដ្ឋសភា នឹងកោះប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ដើម្បីបញ្ជូនសេចក្តីព្រាងច្បាប់នេះ ទៅគណៈកម្មការជំនាញ ពិនិត្យសិក្សា ហើយបន្ទាប់ពីសិក្សារួច គណៈកម្មការជំនាញ នឹងធ្វើរបាយការណ៍ ស្នើសូមដាក់ចូលក្នុងកិច្ចប្រជុំរដ្ឋសភាពេញអង្គ ដើម្បីពិភាក្សា និងអនុម័ត។
សូមរម្លឹកថា កាលពីព្រឹកថ្ងៃចន្ទ ទី១១ ខែតុលា ក្រុមប្រឹក្សាធម្មនុញ្ញ បានបើកកិច្ចប្រជុំ ពិនិត្យលើសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំជាតិកំពូលៗ រួមមាន នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា និងក្រុមប្រឹក្សាធម្មនុញ្ញ។
ក្រុមប្រឹក្សាធម្មនុញ្ញ ក៏បានក្រាបបង្គំទូលថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងថា ការស្នើសុំធ្វើវិសោធនកម្ម មាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ អាចធ្វើទៅបាន គឺស្របតាមបរិបទនៃសភាពការណ៍ជាក់ស្តែង និងពុំមានអ្វីប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ ព្រមទាំងធ្វើឡើងនៅពេលប្រទេសជាតិ មិនឋិតក្នុងភាពអាសន្ន៕


ចែករំលែកព័តមាននេះ