ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនិញ​ខូច​គុណ​ភាព​​ជិត​៣​តោន​ ដែល​ត្រូវ​​​ចាប់​បាន និង​ដកហូត​តាម​​​​បណ្តាទីផ្សារ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ទំនិញ​ខូចគុណភាព​ជិត​៣​តោន ដែល​ដូច​ជា នំ​ធុង និង​ទឹក​គោ​ជូរ ព្រមទាំង​ទឹកដោះគោ​ស្រស់ ត្រូវ​បាន​មន្ត្រី​ជំនាញ​ចាប់​បាន និង​ដកហូត​តាម​បណ្តា​ទីផ្សារ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ទំនិញ​ខូចគុណភាព​ជិត​៣​តោន ដែល​ដូច​ជា នំ​ធុង និង​ទឹក​គោ​ជូរ ព្រមទាំង​ទឹកដោះគោ​ស្រស់ ត្រូវ​បាន​មន្ត្រី​ជំនាញ​ចាប់​បាន និង​ដកហូត​តាម​បណ្តា​ទីផ្សារ ហើយ​យក​មក​ដុត​កម្ទេច​ចោល នៅ​រសៀល​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២១ នៅ​មុខ​ស្នាក់​ការ​មន្ទីរពិសោធន៍​ខ្នាត​តូច ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក សាន វិជ្ជា​សា​រ៉ា​វុ​ធ ប្រធាន​សាខា​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​ខេត្តបន្ទាយមានជ័យ ហៅ​ថា ក​.​ប​.​ប បាន​ប្រាប់​ឱ្យ​ដឹង​ថា ទំនិញ​ដែល​ត្រូវ​បាន​ដុត​កម្ទេច​ចោល គឺជា​ទំនិញ​ដែល​ខូចគុណភាព ហើយ​មាន​ទម្ងន់​២,៦៥៥​គីឡូក្រាម ដោយ​ក្នុង​នោះ​មាន​ដូច​ជា នំ​ធុង​ចំនួន​៦៨​ធុង ស្មើនឹង​២៧២​គីឡូក្រាម​, ទឹកដោះគោ Dutch Mill មាន​ចំនួន​២,០៧០​ដប ស្មើនឹង​ទម្ងន់​១,៧១៨​គីឡូក្រាម​, ទឹកដោះគោ​ស្រស់ Meji មាន​ចំនួន​៣០០​ដប ស្មើនឹង​៦០០​លី​ត្រ និង​យ៉ា​អ៊ួ​រ Dutch Nata Decoco មាន​ចំនួន​២១​យួរ ស្មើនឹង​៦៥,៥២​គីឡូក្រាម​។

លោក​បាន​បញ្ជាក់​ថា ទំ​ទិញ​ជិត​៣​តោន​ដែល​ត្រូវ​បាន​ដុត​កម្ទេច​ចោល​ខាងលើ​នេះ គឺជា​ទំនិញ​ហួសការ​បរិច្ឆេទ និង​ដឹក​ជញ្ជូន​គ្មាន​បច្ចេកទេស បណ្តាល​ខូចគុណភាព ហើយ​ត្រូវ​មន្ត្រី​សាខា ក​.​ប​.​ប សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ បាន​ធ្វើការ​បង្ក្រាប ខណៈ​ពេល​ដែល​ឈ្មួញ​លួចលាក់​នាំ​ចូល​តាម​ច្រករបៀង​ខុសច្បាប់ និង​ចុះ​ពិនិត្យ​តាម​ទីផ្សា​ក្នុង​ខេត្តបន្ទាយមានជ័យ រួច​បាន​ធ្វើការ​ដកហូត​រយៈពេល​៣​ខែ​ក្នុង​ឆ្នាំ​២០២១​នេះ​។

លោក សាន វិជ្ជា​សា​រ៉ា​វុ​ធ បាន​បញ្ជាក់​ថា ជា​ការ​ណែនាំ​ពី​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម និង​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ និង​សម្របសម្រួល​ពី​ឯកឧត្តម ព្រះរាជអាជ្ញា​អាយ្យ​ការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ និង​មន្ត្រី​ជំនាញ បាន​ធ្វើការ​ដុត​កម្ទេច​ទំនិញ​ដែល​ខូចគុណភាព​ជិត​៣​តោន​ចោល ដើម្បី​ការពារ​សុខុមាលភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ