ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​វាចា​នឹង​ថ្លែង

8 ឆ្នាំ មុន

ឧកញ៉ា​ម្នាក់​ដែល​គេ​ទើបតែ​បាន​ស្គាល់​តាម​ការ​ចុះ​ផ្សាយ​តាម​រយៈ​សន្តិភាព​…​មែនទែន​ទៅ​គួរ​ឱ្យ​ខ្មាស់​ខ្មោច​ណាស់ ។ កាលពី​បាន​ឧកញ៉ា​ថ្មី​ៗ…​ហេតុតែ​ចង់​ល្បីឈ្មោះ​…​ព្រោះ​ឈ្មោះ​ខូច​យូរហើយ​នោះ​…​បាន​បោក​អ្នកកាសែត​…​អ្នក​ទូរទស្សន៍​គួរ​ឱ្យ​ខ្មាស​…​

ឧកញ៉ា​ម្នាក់​ដែល​គេ​ទើបតែ​បាន​ស្គាល់​តាម​ការ​ចុះ​ផ្សាយ​តាម​រយៈ​សន្តិភាព​…​មែនទែន​ទៅ​គួរ​ឱ្យ​ខ្មាស់​ខ្មោច​ណាស់ ។

កាលពី​បាន​ឧកញ៉ា​ថ្មី​ៗ…​ហេតុតែ​ចង់​ល្បីឈ្មោះ​…​ព្រោះ​ឈ្មោះ​ខូច​យូរហើយ​នោះ​…​បាន​បោក​អ្នកកាសែត​…​អ្នក​ទូរទស្សន៍​គួរ​ឱ្យ​ខ្មាស​…​អៀនខ្លួន​ណាស់ ដែល​ចាញ់បោក​គាត់​… ពេល​បាន​ឧកញ៉ា​ថ្មី​ៗ…​បាន​ទៅ​លួ​ម​លោម​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​…​ប្រមូល​អស់អ្នក​ល្បី​ៗ​មក​ស្ដាប់​គាត់​ព្រោក​…​ប្រមូល​អស់ហើយ​អ្នកកាសែត អ្នក​ទូរទស្សន៍ ទាំង​អ្នក​វិទ្យុ​…​ដោយ​ទាំង​អ្នកកាសែត​កោះសន្តិភាព​ម្នាក់​ដែរ​…​ទៅ​ថតរូប ថត​សម្លេង​…​ថត​ការ​សន្យា​ជួយ​សមាគម​ឱ្យ​មាន​ប្រាក់​ទុក​ចំណាយ​…​ដោយ​មាន​ស្រី​ក្មេង​ម្នាក់​នៅ​អែប​គាត់​ផង ។

អ្នកកាសែត​សួរ​៖
-​លោក​ឧកញ៉ា ស្រី​ម្នាក់​នៅ​អម​លោក​ឧកញ៉ា​ឱ្យ​សរសេរ​ដាក់​ថា​ម៉េច ? ភរិយា​លោក​មែន ឬ​មិនមែន ?
លោក​ឧកញ៉ា​ដែល​ទើបបាន​ងារ​ថ្មី​ប្រាប់​ថា​៖
-​ដាក់​ថា លោក​ជំទាវ​ទៅ​ចុះ​…​មិនបាច់​សង្ស័យ​សួរ​ច្រើន​ទេ​…

អ្នកកាសែត​ទាំង​អ្នក​ទូរទស្សន៍​សង្ស័យ​ថា មិនមែន​ជា​ភរិយា​គាត់​ទេ​…​ប៉ុន្តែ​គាត់​ប្រាប់​ទៅ​ហើយ ក៏​ដាក់​តាម​ទៅ​…​គឺ​ដាក់​ថា មាន​វត្តមាន​លោក​ឧកញ៉ា​…​និង​លោក​ជំទាវ​…​ហេ ! ហេ !

រឿង​មួយ​នេះ​ក៏​កន្លង​ផុត​ទៅ​…​ចង់ឱ្យ​ដាក់​ថា ម៉ែ​ជំទាវ​ក៏​មិនដឹង​កែប្រែ​ម៉េច​ដែរ ។

ថ្ងៃក្រោយ​បន្តិច​មក​ទៀត លោក​ឧកញ៉ា​បាន​ចូលរួម​ក្នុង​កម្មវិធី​កឋិនទាន​មួយ​ដង្ហែ​ទៅ​ខេត្តព្រៃវែង​…​ហេតុតែ​ជក់ចិត្ត​ដិតអារម្មណ៍​ចង់ឱ្យ​ល្បី​…​ចង់​ស្ដារ​ឈ្មោះ​ខូច​…​ឬ​ចង់​អួត​ប្រាប់​នាង​ៗ​ថា ខ្លួនឯង​មិនមែន​ធម្មតា​នោះ ក៏​បាន​អញ្ជើញ​អ្នកសិល្បៈ​ដែល​ស្គាល់​ថ្ងៃមុន​…​រួម​ជាមួយ​ក្រុម​អ្នកកាសែត អ្នក​ទូរទស្សន៍ ដែល​ធ្លាប់​បោក​ប្រើ​បាន​ពី​ថ្ងៃមុន​នោះ​អមដំណើរ​ជាមួយ​ផង​ដែរ ។

អង្គ​កឋិន​បាន​ទៅ​ដល់​ខេត្តព្រៃវែង ដោយ​សុវត្ថិភាព​…​តាម​ការ​គ្រោងទុក​…​ក្រោយ​ពេល​សូត្រ​មន្ត​វេរ​កឋិនទាន​ចប់​…​លោក​ឧកញ៉ា​មហា​លោត​ផ្លោង​…​អម​ដោយ​ស្រី​ក្មេង​ម្នាក់​ទៀត ដែល​អ្នក​មិន​ស្គាល់​ស្មានថា កូនស្រី​គាត់​…​អ្នកកាសែត​ទាំងឡាយ​គ្មាន​អារម្មណ៍​នឹកនា​បែកឆ្វេង​ទេ​…​។

អ្នកកាសែត​កោះសន្តិភាព​ម្នាក់​មាឌ​ល្អិត​ដែល​មាត់ដាច និង​រហ័សរហួន​ជាងគេ​សួរ​ថា​៖
-​លោក​ឧកញ៉ា​ស្រី​ម្នាក់​ក្មេង​នៅ​អម​ជាមួយ​លោក​ឧកញ៉ា តើ​ឱ្យ​ដាក់​ថា​ម៉េច​…​ជា​កូន ឬ​សាច់ញាតិ ?
លោក​ឧកញ៉ា​ម្ចាស់​ដើមបុណ្យ​បញ្ចុះ​គោល​…(​ហ្អា សុំ​ទោស​!) មិនមែន​បញ្ចុះ​គោល​ទេ គឺ​កឋិនទាន បាន​ប្រាប់​ថា ៖
-​ក្មួយ​ឯង​ដាក់​ថា លោក​ជំទាវ​ទៅ​…​ជំទាវ​ខ្ញុំ​ហើយ​ហ្នឹង​…​ជួយ​ប្រាប់​អ្នកកាសែត ទូរទស្សន៍​ដទៃ​ទៀត​ផង​…​កុំឱ្យ​គេ​យល់​ច្រឡំ​…​ដាក់​ថា ជំទាវ​ទៅ អត់​ទាស់​ខុស​ទេ​…
បាន​លោក​ឧកញ៉ា​មហា​លោត​ផ្លោង​ជួយ​បំភ្លឺ​…​ជួយ​បញ្ជាក់​បន្ថែម​បែប​នេះ ធ្វើ​ឱ្យ​អ្នកកាសែត​មួយ​ក្រុម​ចាប់ផ្ដើម​ឆ្ងល់​…​មិនមែន​ត្រឹម​ឆ្ងល់​ធ្វើ​ក្បាល​ងីងើ​ទេ​…​ថែម​ទាំង​នាំ​គ្នា​អស់សំណើច​ថែម​ទៀត​…​ដូច​ជា​រក​វាចា​ថ្លែង​សឹងតែ​មិន​បាន​…​។

និយាយ​ពី​ក្រុម​អ្នក​សិ​ល្បះ​វិញ ដែល​លើកគ្នា​មិន​តិច​…​សុទ្ធតែ​តារា​…​អ្នកចម្រៀង​ល្បីឈ្មោះ​…​នឹកឃើញ​កាល​ជួប​គ្រា​ដំបូង​មាន​ស្រី​ម្នាក់​ប្រាប់​ថា ជា​លោក​ជំទាវ​ទៀត​គាត់​…​ពេល​នេះ​ជួប​មុខ​ស្រី​ក្មេង​ប្លែក​ម្នាក់​ទៀត ឱ្យ​ដាក់​ថា ជំទាវ​ទៀត​…​ពិតជា​មិនធម្មតា​របស់​គេ​មែន ។ ប៉ុន្តែ​មិន​មាត់​…​មិន​ហ៊ាន​សួរនាំ​ទេ​…​ព្រោះ​គាត់​ហ៊ាន​បង្ហាញ​…​ហ៊ាន​អះអាង​ប៉ុណ្ណោះ​ហើយ​…​សុំ​សរសើរ​គាត់​ទៅ​ចុះ​…​ហេ ! ហេ !

និយាយ​ឱ្យ​ឃើញជាក់ស្ដែង​…​ថ្ងៃ​កឋិន​នៅ​ស្រុក​ខាង​ប្រពន្ធ​ក្មេង​ខេត្តព្រៃវែង​…​ហេតុតែ​ចង់​លើកមុខ​មាត់​ឱ្យ​ប្រពន្ធ ឬ​ឱ្យ​លោក​ជំទាវ​ក្មេង​ស្បៃ​វែង​គ្រាន់បើ​នេះ​…​តារា​សិល្បៈ​ល្បី​ៗ​បាន​សម្ដែង​នូវ​ទឹកចិត្ត​ជ្រះថ្លា​…​ច្រៀង​កំដរ​បុណ្យ​ទាន​…​ញុ​ាំ​ង​ឱ្យ​ពិធី​នៅ​ស្រុក​ខាង​ស្រី​ក្មេង​មាន​ភាព​អធិក​អធម្ម​…​អ្នកស្រុក​ជិត​ឆ្ងាយ​មក​ជុំ​គ្នា​…​អបអរសាទរ​នាង​ក្មេង​ដែល​ចេះ​រក​ប្ដី​មាន​ងារ​ជា​ឧកញ៉ា​…​ទោះបី​ទំពែក​តិច​ៗ​ពីមុខ​ក្ដី​…​គឺ​គ្រ​នា់​បើ​មែន​កុំឱ្យ​តែ​ទំពែក​អា​ក្រោម​បាន​ហើយ ។

ពេល​ចប់​កម្មវិធី​ទាំង​អ្នកសិល្បៈ ទាំង​អ្នកកាសែត​និង​អ្នក​ទូរទស្សន៍​រួម​ជាមួយ​អ្នក​ហែហម​ដទៃ​ទៀត​ជុំ​គ្នា​…​ជាមួយ​ម្ចាស់​ដើមបុណ្យ​មុន​ឡើង​រថយន្ត​មក​ភ្នំពេញ​វិញ ក្រែង​បាន​សោហ៊ុយ​ខ្លះ​…​ព្រោះ​បុណ្យ​ឧកញ៉ា​ដែល​គាត់​អញ្ជើញ​ប៉ុណ្ណោះ​ហើយ​…​មិន​ឱ្យ​អត់​ទេ​…​យ៉ាង​ហោច ក៏​បាន​សោហ៊ុយ​ចាក់​សាំង​…​គុយទាវ​កាហ្វេ​តាម​ផ្លូវ​… ។ ពេល​ជុំ​គ្នា​ត្រូវ​លោក​ឧកញ៉ា​មហា​លោត​ផ្លោង សើច​ញឹ​ម​ៗ​ដាក់​…​ដោយ​និយាយ​ថា​៖

-​នាំ​គ្នា​អញ្ជើញ​ៗ​ចុះ ខ្ញុំ​ក៏​ទៅ​ដែរ​…​ចាំ​ទៅ​ដល់​ភ្នំពេញ​វិញ ខ្ញុំ​នឹង​ចាត់ចែង​ជូនសគុណ​នឿយហត់​ខ្លះ​…​កុំ​បារម្ភ​…

គ្មាន​អ្នកសិល្បៈ​ណាមួយ អស់សង្ឃឹម​ទេ​…​ហើយ​ក៏​គ្មាន​អ្នកកាសែត អ្នក​ទូរទស្សន៍​ណាមួយ អស់សង្ឃឹម​ដែរ​…​គិត​ថា ពេល​វិល​មក​ដល់​ភ្នំពេញ​វិញ​…​លោក​ឧកញ៉ា​របស់​យើង​ច្បាស់​ជា​ដោះស្រាយ​….​មិន​ខុស​បំណង​ឡើយ ។

មែនហើយ​…​បាន​មក​ដល់​ភ្នំពេញ​វិញ ស្ងាត់ឈឹង​ដូច​ចោរលួច​សេះ​…​សូ​ម្បី​តែ​មុខ​ក៏​អត់​បាន​ជួប​ដែរ​…​បិទ​ទាំង​ទូរស័ព្ទ​ទៅ​ទៀត​…​ឬ​ទូរស័ព្ទ​ចូល​អត់​លើក​…​ចប់​ទៅ​ហោង មិន​ខុស​ពី​គាត់​បោក​ប្រើ​ឡើយ ។

អ្នកសិល្បៈ​កំប្លែង​ម្នាក់​និយាយ​បែប​កំប្លុកកំប្លែង​ប្រាប់​កោះសន្តិភាព​ថា​៖
-​នែ អ្នកកាសែត​…​ប្អូន​ឯង​ដឹង​ទេ ? ពាក្យចាស់​ពោល​ថា ទំពែក​ពីមុខ​គេ​ថា ទំពែក​ចាងហ្វាង​…​ទំពែក​ខាង​ៗ​គេ​ថា ទំពែក​នេះ​ធ្វើ​ប្លង់តុង​សម្រាប់​តែ​គេ​ប្រើ​…​ឯ​ទំពែក​កែបកង់ ជា​ទំពែក​មនុស្ស​ខូច បើ​មិន​កូត​ក៏​បោក​…​។

អ្នកកាសែត​បានឮ​តារា​កំប្លែង​ម្នាក់​និយាយ​ប្រាប់​…​ដំណាល​បែប​នេះ ដល់​ប្រៀបធៀប​ទៅ​និង​លក្ខណសម្បត្តិ​លោក​ឧកញ៉ា​មហា​លោត​ផ្លោង​ម្នាក់​នេះ ទើប​ភ្លឺភ្នែក លាន់មាត់​ថា ៖

-​ពិតជា​មិន​ខុស​មែន​…​ទំពែក​គាត់ ជា​ទំពែក​កែបកង់​…​អ៊ីចឹង​បានជា​ពូកែ​បោក​ឈ្ងុយ​ម្លឹ​ង​ៗ…​អ៊ីចឹង​បាន​ខូច​ម្លឹ​ង​ៗ…​ចាប់ពី​ពេល​ហ្នុ​ង​មក​ដល់​ពេល​នេះ ទាំង​ក្រុម​អ្នកសិល្បៈ​ដែល​ធ្លាប់​បាន​ភ្លក់​…​ទាំង​ក្រុម​អ្នក​ទូរទស្សន៍ និង​ក្រុម​អ្នកកាសែត​…​បើ​នៅ​តែ​ចាញ់បោក​គាត់​ទៀត​…​ថ្ងៃក្រោយ​សុំ​កុំ​រាង !! អ្នកដឹង​រឿង ទើប​ដឹង​…​អ្នក​មិនដឹង ឬ​អ្នក​មុជ​មិន​ជ្រៅ ទៅ​មិន​ឆ្ងាយ​…​នៅ​តែ​មិន​បានដឹង​…​សុំ​ដំណាល​រឿង​ខ្លី​បន្តិច​ទៅ​ចុះ​… ឧកញ៉ា​អស្ចារ្យ​រ៉ុយ រ៉ុយ​…​មានកូន​ប្រុស​ម្នាក់​ទៅ​ជួយ​ការងារ គ្រាន់តែ​ឈ្មោះ​ប៉ុណ្ណោះ​…​កុំឱ្យ​ថា​បោះបង់​កូន​ចោល​…​មានកូន​នោះ​និយាយ​ប្រាប់​អ្នកកាសែត​ថា​៖

-​ប៉ា គាត់​លែង​ម៉ាក់​ខ្ញុំ​ទៅ​ហើយ​…​មិនមែន​លែងលះ​តាម​ច្បាប់​ទេ​…​គឺ​គាត់​លែង​រវល់​…​ឯ​ម៉ាក់​ខ្ញុំ​បាន​ត្រឹមតែ​ឈឺចាប់​ប៉ុណ្ណោះ​…​ប៉ា​ខ្ញុំ​គាត់​ធ្វើ​អី ធ្វើ​ទៅ ស្រេច​តែ​គាត់ ម៉ាក់​ខ្ញុំ​អត់​ហ៊ាន​ជ្រៀតជ្រែក​ទេ ។

កូនប្រុស​ដ៏​គួរ​ឱ្យ​អាណិត​ស្រឡាញ់​នេះ​ឆ្លើយ  ឆ្លង​ជាមួយ​អ្នកកាសែត​ថា​៖
-​ម៉ាក់​ខ្ញុំ​នៅ​តែ​ផ្ទះ​ទេ​…​ក្មេង​ៗ​ដែល​ប៉ា​ឱប​បណ្ដើរ​…​មិនមែន​ម៉ាក់​ខ្ញុំ​ទេ​…​គឺជា​ស្រី​របស់​គាត់​! ស្រី​គាត់​ច្រើន​ណាស់ ខ្ញុំ​ស្គាល់​មិន​អស់​…​ហើយ​ខ្ញុំ​ក៏​មិន​ចង់​ស្គាល់​ដែរ​…!

ថ្ងៃក្រោយ​នៅ​មានរឿង​និទាន​ប្លែក​ៗ​ទៀត​…​ព្រោះ​ជា​ទស្សនៈ​គ្មាន​វាចា​នឹង​ថ្លែង​ទេ​…​ខ្លី​ៗ​ដែល​និទាន​មិន​ចេះ​ចប់​…​ទុក​ឱ្យ​នាង​ស្បៃ​វែង​ប្រពន្ធចុង​ចំតិត​…​ជំ​ទាល​…​ជេរ​ប្រមាថ​តាម​ចិត្ត​ទៅ​ចុះ​…​ហេ ! ហេ !