ព្រះពុទ្ធជាឈ្មោះរបស់មនុស្សអស្ចារ្យ១នាក់ ដែលកើតក្នុងសក្យត្រកូល ជាតិជាក្សត្រនៅក្នុងមជ្ឈិមប្រទេស គឺប្រទេសដែលគេហៅសព្វថ្ងៃនេះថាជាស្រុកឥណ្ឌា បើគិតចំនួនឆ្នាំថយក្រោយពីឥឡូវនេះទៅទល់នឹងកាលសម័យដែលមនុស្សអស្ចារ្យនោះកើតឡើង ជាង២៥៦០ ឆ្នាំមកហើយ ។

មនុស្សអស្ចារ្យនោះមានឈ្មោះថា សិទ្ធត្ថៈ បានសោយរាជ្យតាំងពីព្រះជន្ម១៦ឆ្នាំដល់មកព្រះជន្ម២៩ឆ្នាំ បានពិចារណាឃើញច្បាស់នូវសេចក្ដីទុក្ខព្រួយដែលកើតឡើងអំពីជាតិគឺ ខន្ធ៥ អំពីជរាគឺចាស់គ្រាំគ្រា អំពីព្យាធិ គឺសេចក្ដីឈឺចាប់ អំពីមរណៈ គឺសេចក្ដីស្លា.ប់ ដោយប្រាជ្ញាដ៏ក្លាហានហើយមិនអាចនឹងទ្រាំនៅក្នុងនិវេសនដ្ឋាន ដែលជាទីជោកជាំដោយកាមគុណទាំង៥បានឡើយ ក៏ចេញបួសខំប្រែងស្វែងរកធម៌ដើម្បីនឹងរម្លត់បង់នូវសេចក្ដីទុក្ខព្រួយទាំងនោះ ដរាបដល់បានសម្រេចនូវប្រាជ្ញាដ៏ថ្លៃថ្លាវិសេសឈ្មោះថា «សម្ពោធិញ្ញាណ»ដែលយើងធ្លាប់ហៅមក ធ្លាប់ឮមកថាព្រះអង្គបានត្រាស់ដឹង ។

មនុស្សអស្ចារ្យនេះហើយ ដែលមាននាមថា ព្រះពុទ្ធ ប្រែថាព្រះអង្គចេះគ្មានសល់ ឬថាព្រះអង្គជ្រាបច្បាស់នូវសេចក្ដីពិតមែន ឬថាព្រះអង្គភ្ញាក់ហើយអំពីដេកលក់គឺសេចក្ដីល្ងង់ ។ ព្រះពុទ្ធជាម្ចាស់នេះ កាលដែលព្រះអង្គបានត្រាស់ហើយ ទ្រង់បានពិចារណាឃើញសត្តនិករគឺពពួកមនុស្សនិងទេវតា ដែលកើតឡើងក្នុងលោកមានសន្ដានក្រាស់ដោយមោហៈគឺសេចក្ដីល្ងង់ មិនដឹងថាខ្លួនធ្លាក់លិចនៅក្នុងសមុទ្រដ៏ធំពោលគឺសង្សារវដ្ដ ដែលជាទីប្រកបដោយទុក្ខភ័យមិនដឹងថាខ្លួនច្រឡោតនៅលើគំនរភ្លើងទាំង៥ ពោលគឺកាមគុណ៥ដែលជាគ្រឿងនាំបណ្ដាលឱ្យបានសេចក្ដីទុក្ខលំបាកសេចក្ដីរោលរាលជានិច្ច មានតែសេចក្ដីធ្វេសប្រហែស ឥតមានគំនិតគិតស្វែងរកឧបាយនឹងរលាស់ខ្លួនឱ្យរួចផុតពីក្នុងមហាសមុទ្រ ឬពីក្នុងគំនរភ្លើងនោះឡើយ ដោយសញ្ញាវិបល្លាស គឺសេចក្ដីសម្គាល់ខុសថាជាទីប្រកបដោយសេចក្ដីសុខស្រួលវិញ ។

ព្រះអង្គទ្រង់ឃើញថា សត្តនិករទាំងអស់ជាច្រើនមានគំនិតគិតធ្លោយយ៉ាងនេះ មកពីមោហធម៌ដែលស្រោបគំនិតសត្វបិទបាំងជិត ហើយដឹកនាំសត្វឱ្យធ្វើនូវអំពើខុសផ្សេងៗ មោហៈដែលបិទគំនិតមនុស្ស ហើយដឹកនាំមនុស្សសត្វទៅនោះ ឧបមាដូចជាសេចក្ដីល្ងង់របស់ពពួកសត្វមមាច សត្វកណ្ដូបជាដើម បិទបាំងមិនឱ្យស្គាល់ថាជាគ្រឿងក្ដៅឡើយ ហើយបណ្ដាលឱ្យអាចហ៊ានចូលទៅក្នុងភ្លើង ដរាបដល់សេចក្ដីវិនាស ។
ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ទ្រង់ពិចារណាឃើញដូច្នោះហើយ ក៏កើតមានព្រះទ័យប្រកបដោយមហាករុណា គឺសេចក្ដីអាណិតធំដល់ពួកមនុស្សសត្វទាំងនោះ ប្រាថ្នានឹងជួយដោះឱ្យរួចចេញពីសេចក្ដីងងឹតល្ងង់ ដើម្បីនឹងឱ្យកើតមានប្រាជ្ញាភ្លឺស្វាងឡើង នឹងបានស្គាល់ទុក្ខ-សុខ អាក្រក់-ល្អ និងគុណ-ទោស ហើយនឹងស្វែងរកឧបាយដោះខ្លួនឱ្យរួចចេញចាកគ្រឿងទុក្ខ ។ ទើបព្រះអង្គទ្រង់សម្ដែងធម៌ទេសនាប្រដៅសត្តនិករ រាប់ចំនួនឆ្នាំតាំងពីព្រះអង្គបានត្រាស់ហើយ ដរាបដល់ថ្ងៃដែលព្រះអង្គចូលបរិនិព្វានបានចំនួន៤៥ឆ្នាំគត់ ។

ធម៌ទេសនាជាពាក្យប្រដៅទាំងអស់របស់ព្រះសម្មាសម្ពុទ្ធនោះឈ្មោះថា «សាសនៈ» គឺដែលយើងធ្លាប់ហៅថា សាសនា ឬសាស្នា ប្រែថា ពាក្យឬធម៌ជាច្បាប់សម្រាប់ប្រៀនប្រដៅ ។ បើរួមពាក្យថា ពុទ្ធៈ ភ្ជាប់មកនឹងពាក្យថា សាសនា ជាពាក្យ១ម៉ាត់ ហៅថា ពុទ្ធសាសនា ប្រែថា ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ គឺច្បាប់សម្រាប់ប្រដៅមនុស្សសត្វមិនឱ្យល្ងង់ ឱ្យកើតមានប្រាជ្ញាស្គាល់គ្រឿងពិតមែន ឬឱ្យកើតមានចំណេះវិជ្ជា ឬថាច្បាប់សម្រាប់ប្រដៅសត្វឱ្យចេះគិតស្វែងរកឧបាយនឹងដោះខ្លួនឱ្យរួចពីគ្រឿងទុក្ខ ឱ្យបានដល់នូវសេចក្ដីសុខ ពាក្យប្រៀនប្រដៅទាំងអស់នេះហៅថាព្រះពុទ្ធសាសនា ៕ សាន សារិន
ចែករំលែកព័តមាននេះ