ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួនច្បារ ជាសក្តានុពល ក្នុងវិស័យទេសចរណ៍ ដែលកំពុងទាក់ទាញភ្ញៀវទេសចរ នៅស្រុកពួក

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ ស្រុក​ពួក ខេត្តសៀមរាប ជាស្រុកមួយដ៏ល្បីល្បាញពីមាន់អាំងឆ្ងាញ់ តែក្នុងបរិបទកូវិដ. ១៩ នេះ ស្រុកពួក បាន​ទាក់ទាញអារម្មណ៍ដល់ភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ ចូលទៅទស្សនាកម្សាន្ត…

ខេត្តសៀមរាប៖ ស្រុក​ពួក ខេត្តសៀមរាប ជាស្រុកមួយដ៏ល្បីល្បាញពីមាន់អាំងឆ្ងាញ់ តែក្នុងបរិបទកូវិដ. ១៩ នេះ ស្រុកពួក បាន​ទាក់ទាញអារម្មណ៍ដល់ភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ ចូលទៅទស្សនាកម្សាន្ត ដើម្បី ផ្តិត​យក​រូប​ភាព​ដ៏​ស្រស់​ស្អាត​នូវសួន​ផ្កាមួយកន្លែង ដែលមានឈ្មោះ «សួនច្បារ អ័រគីដេ» ស្ថិតនៅភូមិទឹកថ្លា ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។ សួនច្បារនេះ ចូលម្នាក់ ៤០០០រៀល ដោយយកលុយចាប់ពី ១០ឆ្នាំឡើង​ប៉ុណ្ណោះ។

សួនច្បារនេះ កំពុងបម្រើក្នុងវិស័យ​ទេស​ចរណ៍ ក្នុង​​មួយ​​ថ្ងៃ មាន​ភ្ញៀវចូលទស្សនា ពី ២០០នាក់​ ទៅ ៤០០នាក់ ដោយ​ឈរលើ​ស្មារតី​ប្រុង​ប្រយ័ត្ន​ខ្ពស់ ក្នុង​ការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និង​កាត់​ផ្តាច់​ខ្សែចម្លង​វីរុស កូវិដ ដោយអនុវត្តវិធានការ ៣កុំ ៣ការពារ​។

បងស្រី ព្រហ្ម វណ្ណា ម្ចាស់សួនផ្កា បានឱ្យដឹង នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ នេះថា បងស្រី បានប្រកបការងារដាំផ្កា លក់ផ្កា និង​កូនឈើគ្រប់ប្រភេទ មានរយៈពេល ២០ឆ្នាំមកហើយ តែក្នុងរយៈពេល ២ឆ្នាំមកនេះ ដោយនៅលើពិភពលោក ក៏ដូច​នៅកម្ពុជា ពិសេសនៅខេត្តសៀមរាបយើង ជួបនូវវិបត្តិជំងឺកូវិដ១៩ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់សេដ្ឋកិច្ចជាតិ ពិសេស​ក្នុង​វិស័យទេសចរណ៍ បានធ្វើឲ្យបណ្តាសណ្ឋាគារមួយចំនួនធំ ក្នុងខេត្តសៀមរាប ត្រូវបានផ្អាកធ្វើអាជីវកម្មរបស់ខ្លួន។

បងស្រីបានបន្តទៀតថា ដោយកត្តាទាំងនេះហើយ ធ្វើឱ្យគាត់បានបែរ មក​​រៀបចំជាសួនច្បារ ដោយបានដាំដុះផ្កា ក្នុងជំហ៊ាន​ដំបូង មាន​ផ្កា​ពុក​មាត់ឆ្មា និងផ្កាឈូករ័ត្ន ដាំបានកន្លះហិចតា លើផ្ទៃដីសរុប ៤ហិចតា។ ​ម៉្យាងទៀត បងស្រី នឹង​ដាំផ្កា​ផ្សេងៗ​ទៀត ដើមី្បបម្រើអារម្មណ៍ភ្ញៀវជាតិ-អន្តរជាតិ ក្រៅពីការទៅទស្សនានៅតាមប្រាង្គប្រាសាទនានា ក្នុង​ខេត្ត​សៀមរាប ឲ្យបាន​ប្លែកភ្នែកផងដែរ។

បងស្រី បាន​បន្ថែម​ថា សួនច្បារ​នេះ បានបើកបម្រើជូនដល់បងប្អូន ក្នុងស្រុក បានរយៈពេល ៤ថ្ងៃមកហើយ​ ក្រោយពេល​បុណ្យ​ភ្ជុំបិណ្ឌ ដោយយើងមានក្រុមការងារត្រួតពិនិត្យអ្នកចូលមកកម្សាន្តក្នុងសួន ដោយបានកំណត់​ចំនួនចេញចូល មិនឱ្យ​មាន​ការ​ពពាក់​ពពួនគ្នានោះឡើយ ព្រមទាំងបានធ្វើការវាស់កម្តៅ បាញ់អាល់កុល និង​ធ្វើការណែនាំឱ្យពាក់ម៉ាស់ ឲ្យ​​បានត្រឹម​ត្រូវ ទើប​អនុញ្ញាតឱ្យចូល ហើយកត្តាសំខាន់នោះ យើង​ផ្សព្វផ្សាយអប់រំបងប្អូន ឱ្យអនុវត្តនូវវិធានការ ៣កុំ ៣ការពារ និង​សេចក្តីណែនាំ​របស់ក្រសួងសុខាភិបាល ដោយផ្តោតសំខាន់ពីគម្លាតសុវត្ថិភាពបុគ្គល។

បងស្រីក៏បានឱ្យដឹងទៀតថា ក្នុងរយៈ​ពេល ៤ថ្ងៃនេះ មានភ្ញៀវចូលមកកម្សាន្ត ពី ២០០នាក់ ទៅ ៤០០នាក់ ក្នុងមួយថ្ងៃ ដោយគិត​កម្រៃតែមនុស្សធំប៉ុណ្ណោះ​ ម្នាក់ ១ដុល្លារ។ ការយកកម្រៃនេះ​ ក្នុងការបង្កើនការងារដល់ប្រជាពលរដ្ឋក្នុងភូមិទៀតផង។

សូម​បញ្ជាក់ថា សួនច្បារនេះ មានចម្ងាយពីក្រុង​សៀម​រាប ១៤​គីឡូម៉ែត្រ ដោយធ្វើដំណើរ តាម​ផ្លូវ​ជាតិលេខ​៦ ឆ្ពោះទៅស្រុកពួក ដល់សាលាបឋមសិក្សា​សម្តេច​ក្រុមព្រះ ហើយបទឆ្វេង ចូលតាមផ្លូវលំដីក្រហម ជាប់នឹងរបងសាលា ពីខាងលិច ចូលទៅ​ចម្ងាយ ៧០០ម៉ែត្រ ដល់សួនច្បារ អ័រ​គីដេ ដែល​មើលទៅប្រកបដោយផាសុខភាព អមទៅដោយសម្រស់ធម្មជាតិ​នៃវាលស្រែ​ដ៏​ខៀវស្រងាត់ទៀតផង​៕​ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ