ខេត្តកំពង់ចាម ៖ នៅយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦នេះ នៅផ្លូវតាមដងទន្លេមេគង្គ ទីរួមខេត្តកំពង់ចាម ពោរពេញទៅដោយមនុស្សម្នាយ៉ាងច្រើនកុះកររាប់ម៉ឺននាក់ ប្រកបទៅដោយទឹកមុខរីក រាយ កំពុងនាំគ្នាដើរទស្សនាការតាំងពិព័រណ៍ លក់ផលិតផលក្នុងស្រុក ភូមិមួយផលិតផលមួយ និងផលិតផលក្រៅប្រទេសផ្សេងៗទៀត ។
នៅសល់ប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ដែលពិធីបុណ្យទន្លេខិតចូលមកដល់គឺនៅថ្ងៃទី១១,១២,១៣ ខែមីនា ឆ្នាំ២០១៦ ខាងមុខនេះ ។ លោកឧត្ដមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្ត មានប្រសាសន៍ឱ្យដឹងថា លោកបានរៀបចំដាក់កម្លាំងចម្រុះពង្រាយគ្រប់ទីកន្លែង ហើយមិនអនុញ្ញាតិឱ្យរថយន្ដបើកឆ្លងកាត់មាត់ទន្លេនោះទេ ដើម្បីបញ្ចៀសកុំឱ្យមានការកកស្ទះចរាចរ ។ លោកបន្ដថា រូបលោករួមជាមួយវរសេនីយ៍ឯក សាន សុធា ស្នងការរងនគរបាលខេត្ត និងអធិការនគរបាលក្រុងកំពង់ចាម បានចុះត្រួតពិនិត្យមើកការពង្រឹងសុវត្ថិភាពដោយផ្ទាល់ នៅយប់ថ្ងៃទី០៩នេះ ។
លោកឧត្ដមសេនីយ៍ទោបានបន្ថែមថា ថ្ងៃស្អែកនេះ គ្រប់យានយន្តទាំងអស់ មិនអនុញ្ញាតឱ្យធ្វើចរាចរណ៍ឆ្លងកាត់តាមមាត់ទន្លេជាដាច់ខាត ព្រោះនាំឳ្យបាត់សណ្ដាប់ធ្នាប់ កន្លែងប្រារព្ធពិធី និងបង្កការកកស្ទះចរាចរ ។ គួរបញ្ជាក់ផងដែរថា នេះជាលើកទី២ហើយដែលមានពិធីបុណ្យទន្លេ កាលពីឆ្នាំកន្លងទៅបានប្រារព្ធឡើងនៅខេត្តក្រចេះ ៕
ចែករំលែកព័តមាននេះ