ខេត្តមណ្ឌលគិរី ៖ បំណែកសាច់សត្វខ្ទីងមួយក្បាល ត្រូវបានក្រុមមន្ត្រីព្រៃការពារមណ្ឌលគិរីល្បាតប្រទះឃើញកណ្តាលព្រៃ ក្នុងតំបន់ព្រៃការពារមណ្ឌលគិរី ហើយការសម្លាប់សត្វដ៏កម្រនេះ ត្រូវបានក្រុមមន្ត្រីជំនាញសង្ស័យថា មានការបាញ់សម្លាប់ដោយគ្រាប់កាំភ្លើង កាលពីព្រឹកថ្ងៃទី៩ មីនា ត្រង់ចំណុចអូរផ្លាយ ស្ថិតក្នុងឃុំស្រែហ៊ុយ ស្រុកកោះញែក ។
លោក ឡុង ប៊ុង ប្រធានព្រៃការពារមណ្ឌលគិរី បានឲ្យដឹងថា លោកមានការសោកស្តាយយ៉ាងខ្លាំងនៅពេលដែលសត្វកម្រនេះ ត្រូវបានគេបាញ់សម្លាប់ជាបន្តបន្ទាប់បែបនេះ ហើយករណីនេះត្រូវបានមន្ត្រីព្រៃការពារមណ្ឌលគិរី ដាក់ការសង្ស័យទៅលើក្រុមយោធាកងអនុសេនាធំទី៣ ហៅថាគ៣ ក្នុងស្រុកកោះញែកជាអ្នកបាញ់ប្រហារ ព្រោះបំណែកសាច់សត្វខ្ទីងនោះ មានទាំងក្បាល មានទាំងគ្រឿងក្នុង និងសាច់ត្រូវបានគេប្រលាក់ហាលព្រោងព្រៀតនៅក្បែរកន្លែងក្រុមយោធានេះស្នាក់នៅ ។ ចម្ងាយពីកន្លែងយោធាស្នាក់នៅ និងកន្លែងដែលមានហាលសាច់សត្វខ្ទីងនោះ ត្រឹមតែ៨៥ម៉ែត្រពីគ្នាប៉ុណ្ណោះ ។
លោកប្រធានព្រៃការពារមណ្ឌលគិរី បានបន្តថា ករណីសម្លាប់សត្វខ្ទីងនេះលោកសន្និដ្ឋានថា មិនមែនក្រុមព្រានព្រៃជាអ្នកសម្លាប់នោះទេ ព្រោះនៅចំណុចកើតហេតុមានមន្ត្រីយោធាយាមកាម ដូចច្នេះមិនអាចមានជនណាម្នាក់ហ៊ានបាញ់សម្លាប់សត្វខ្ទីងយកសាច់ទៅហាលនៅក្បែរកន្លែងយោធាស្នាក់នៅបានទេ ។
លោក ស្វាយ សំអ៊ាង អភិបាលខេត្ត បានឲ្យដឹងថា ករណីបាញ់សម្លាប់សត្វខ្ទីងខាងលើនេះ លោកស្នើឱ្យប្រធានអង្គភាពដែលមានប្រដាប់អាវុធទូទាំងខេត្តមណ្ឌលគិរី ជួយស្រាវជ្រាវរកឱ្យឃើញអ្នកជាប់ពាក់ព័ន្ធនឹងការបាញ់សម្លាប់សត្វខ្ទីងនេះ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕
ព័ត៌មានលម្អិតមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ