ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច៖ រកឃើញថ្មីៗ អ្នកស្លា.ប់ដោយកូវីដមួយចំនួន ជាអ្នកមិនបានចាក់វ៉ាក់សាំង ដោយជឿការឃោសនា ញុះញង់របស់ក្រុមអគតិ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីការទើបរកឃើញ អ្នកស្លាប់ ដោយសារកូវីដ មួយចំនួន ជាអ្នកមិនបានចាក់វ៉ាក់សាំង…

រាជធានីភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីការទើបរកឃើញ អ្នកស្លាប់ ដោយសារកូវីដ មួយចំនួន ជាអ្នកមិនបានចាក់វ៉ាក់សាំង ដោយសារតែ ជឿការឃោសនាញុះញង់របស់ក្រុមអគតិ។ មានអ្នកស្លាប់ខ្លះ មិនបានចាក់វ៉ាក់សាំងខ្លួនឯងហើយ ប្តី និងឪពុក ក៏មិនបានចាក់វ៉ាក់សាំងទៀត។

ក្នុងពេលដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដោយផ្ទាល់ នាព្រឹកថ្ងៃទី៨ ខែតុលានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបើកកិច្ចប្រជុំ នៅវិមានសន្តិភាព ហើយអនុញ្ញាតឲ្យទូរទស្សន៍ ថតផ្សាយនូវប្រសាសន៍ទាំងស្រុងរបស់សម្តេច។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «ចំនួនអ្នកស្លាប់ដោយសារកូវីដ១៩ កាលមុននោះ ចំនួន ២ភាគ ៣ គឺអត់បានចាក់វ៉ាក់សាំង ដោយសារតែវ៉ាក់សាំង ទើបមកដល់ ហើយទៅមិនទាន់ដល់គាត់។ ប៉ុន្តែឥឡូវនេះ ម្សិលមិញនេះ គឺបានឃើញថែមទៀត ហើយមរណភាព ១០នាក់។ ក្នុង ១០នាក់ គឺមាន ៥នាក់ មិនបានចាក់វ៉ាក់សាំង ហើយ ៥នាក់ បានចាក់វ៉ាក់សាំង។ យប់មិញ ខ្ញុំឲ្យសួរ ហើយបន្ទាប់មក រាយការណ៍ឲ្យខ្ញុំ! អ្នកមិនបានចាក់វ៉ាក់សាំង ដោយសារមូលហេតុអ្វី? នៅទីក្រុងភ្នំពេញ បានរកឃើញ ២ករណីហើយ គឺក្រុមក្បាលរឹង! និយាយឲ្យត្រង់អីចឹងតែម្តង! គឺក្រុមក្បាលរឹង! លទ្ធផលបានហើយ គឺថា លើកមុន បានស្លាប់ម្នាក់! ដោយសារក្រុមមិនព្រមចាក់វ៉ាក់សាំង។ យប់មិញ រាយការណ៍ឲ្យខ្ញុំថា ម្នាក់នេះ គឺមិនបានចាក់វ៉ាក់សាំងទេ ជាស្ត្រី ហើយស្ថិតនៅក្រុមប្រហាក់ប្រហែលនៃក្រុម ដែលមិនព្រមចាក់។ អីចឹង ខ្ញុំឲ្យស្រាវជ្រាវភ្លាម! ទាំងប្តី ទាំងឪពុក អត់ចាក់! អីចឹងទេ យើងចង់រកអាកន្លែងហ្នឹង! ដើម្បីយើងអប់រំ ពួកគាត់ ឲ្យទទួលវ៉ាក់សាំង ព្រោះនៅពេលខាងមុខ អាអ្វីក៏វ៉ាក់សាំងដែរ! មិនថា នៅតែកម្ពុជាទេ!»។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ កន្លងមក

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «ពាក្យវ៉ាក់សាំង កាតព្វកិច្ច ជាពាក្យដើមរបស់ខ្ញុំ! កម្មសិទ្ធិបញ្ញារបស់ខ្ញុំ! ឥឡូវត្រូវគេយកប្រើពេញពិភពលោក។ និយាយឲ្យពិតអាហ្នឹង! ខ្ញុំមិនមែនមោទកភាពទេ! មុនដំបូងអង្គការក្រៅរដ្ឋាភិបាលនៅក្នុងប្រទេសកម្ពុជា សុំឲ្យខ្ញុំដកអនុក្រឹត្យ ហើយថា ខ្ញុំបំពានសិទ្ធិគេ។ ប៉ុន្តែឥឡូវប្រធានាធិបតីបារាំង ដាក់ចេញនូវវិធានការច្បាប់ រហូតដល់កាត់ប្រាក់ខែគ្រូពេទ្យ ៣០០០នាក់ជាង ដែលមិនព្រមចាក់វ៉ាក់សាំង។ អាមេរិក ប្រធានាធិបតី ចូបៃដិន បានដាក់ចេញបទបញ្ជាឲ្យចាក់វ៉ាក់សាំង ចំពោះមន្ត្រីសហព័ន្ធ។ ឥឡូវដល់រដ្ឋ ឡូស អាន់ជើឡេស ដាក់កាតព្វកិច្ចវ៉ាក់សាំង ចំពោះកូនសិស្ស។ អីចឹង អាហ្នឹង ជាអ្វីដែរ?»។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «ពិតមែនតែហ៊ុនសែន និយាយមុន ប៉ុន្តែរង់ចាំមើលទៅ គ្រប់ប្រទេសទាំងអស់ នឹងលេងអាល្បែងវ៉ាក់សាំង កាតព្វកិច្ច ព្រោះបើមិនអីចឹង អ្នកឯង មិនអាចចូលចុះ ជាមួយគេទេ។ ឆ្លងកាត់ទៅប្រទេសគេ ទៅរៀនសូត្រ ក៏មិនអាចធ្វើទៅបាន។ គេមិនឲ្យទៅ។ អីចឹងទេ បានខ្ញុំគិតថា យើងត្រូវប្រឹងប្រែងរួមគ្នា ដើម្បីស្រាវជ្រាវ ព្រោះមានក្រុមមួយក្រុម ដែលបានឃោសនា មិនព្រមចាក់វ៉ាក់សាំង ហើយទៅឃោសនា មិនឲ្យគេចាក់វ៉ាក់សាំង។ ពិតមែនតែយើងចាក់បាន ១៣លាន ៤សែន ៥ម៉ឺននាក់រួចស្រេចទៅហើយ ដែលអត្រាគ្របដណ្តប់ជាង ៨៤% ប៉ុន្តែយើងមិនចង់ទុកឲ្យអ្នកប្រឆាំង ដែលជឿតាមការឃោសនាអកុសល ពួកគេស្លាប់ទេ! យើងចង់ឲ្យពួកគេរស់។ អីចឹងខ្ញុំចង់ផ្ញើតាមរយៈទូរទស្សន៍ ដែលផ្សព្វផ្សាយទៅនេះ សូមក្រុមអ្នកដែលប្រឆាំងទាំងឡាយ បានឃើញឧទាហរណ៍ហើយ នៅភ្នំពេញ មាន ២ករណី! ករណីមុន អាយុ ៤២ឆ្នាំ ដែលជាអតីតកម្មករ រួចហើយទៅនៅខាងភ្នំប្រសិទ្ធ ប៉ុន្តែដាក់ឈ្មោះក្នុងបញ្ជី មកដេកពេទ្យនៅភ្នំពេញ ស្លាប់។ ម្សិលមិញនេះ មានស្លាប់មួយទៀត នៅភ្នំពេញ ដល់សួរទៅថា ដូចជាលម្អៀងទៅរកក្រុមមិនព្រមចាក់។ ដល់ពេលឲ្យស្រាវជ្រាវ សួរថា តើឪពុក និងប្តី បានចាក់ ឬអត់? អត់ទាំងអស់។ អីចឹង យើងមិនចង់ឲ្យឪពុក និងប្តី ស្លាប់បន្តទេ។ ការចាក់វ៉ាក់សាំង ជួយច្រើនណាស់! កាត់បន្ថយនូវភាពធ្ងន់ធ្ងរនៃជំងឺ។ ប៉ុន្តែអ្នកដទៃទៀត ដូចជា លោកយាយ លោកតា គាត់មានវ័យចំណាស់ ខ្លះ ៨០ឆ្នាំ ខ្លះជាង ៩០ឆ្នាំ ខ្លះ៧០អីហើយ គាត់មានជំងឺរ៉ាំរ៉ៃ អាហ្នឹងគឺជារឿង…។ ប៉ុន្តែយើងត្រូវតែស្រាវជ្រាវថា មូលហេតុអី បានមិនព្រមចាក់វ៉ាក់សាំង? ក្នុងពេល ដែលវ៉ាក់សាំងរបស់យើង នៅសល់ ឥឡូវហ្នឹង! ក្នុងឃ្លាំងរបស់យើង សល់ ១១លានដូស សម្រាប់ប្រើប្រាស់ចាក់ដូសទី៣»។

រូបភាពកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «គេចាក់ដល់ដូសទី៣ហើយ ឯងអត់ព្រមចាក់។ អីចឹងថ្ងៃក្រោយទៅរស់នៅជាមួយនរណា? អាចថ្ងៃក្រោយ អាផ្ទះរបស់ខ្លួន ត្រូវគេបិទទៅទៀត! ព្រោះដោយសារថា ឯងវាឆ្លង នៅក្នុងផ្ទះហ្នឹង អីចឹងគេត្រូវតែបិទ។ អាហ្នឹងជាបញ្ហា! ដែលខ្ញុំសូមធ្វើការអំពាវនាវចំពោះបងប្អូនទាំងឡាយ ដែលជឿការញុះញង់ពីក្រុមអគតិ។ ឥឡូវមនុស្សខ្មែរ ឲ្យតែអ្វីដែលជាមោទនកភាពធំបំផុតរបស់យើង! កុមារដែលអាយុចាប់ពី ៦ឆ្នាំ ទៅ ១២ឆ្នាំ ដែលដំបូង ខ្ញុំព្រួយបារម្ភ ខ្លាចក្រែងថា ក្មេង វាខ្លាចម្ជុល។ យើងពិនិត្យតួលេខ ដែលខ្ញុំបាញ់ជូនជារៀងរាល់ថ្ងៃ គឺចំនួននេះ ទៅជាចាក់បានច្រើនជាងចំនួនកុមារ ដែលមានអាយុជាង ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ»។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា អ្នកមិនព្រមចាក់វ៉ាក់សាំងនេះ ជាអ្នកដែលនៅឯកោពីគេ ដែលថ្ងៃក្រោយ នឹងពិបាក។ កូនទៅរៀន ក៏ពិបាក។ ខ្លួនឯង ទៅធ្វើការនៅកន្លែងណា ក៏គេមិនទទួលដែរ។ គេមិនឲ្យដើរចូល។ អីចឹង ខ្ញុំសូមយកឱកាសនេះ អំពាវនាវដល់បងប្អូន ដែលចាញ់បោកគេ ព្រោះយើងទុកកន្លែងចាក់វ៉ាក់សាំង នៅគ្រប់ទីកន្លែង។ អីចឹងទៅចាក់ទៅ! កុំខ្មាស់ កុំអៀនអី!។ ការស្លាប់ មិនវិលមកវិញទេ! ហើយនឹងធ្វើឲ្យអ្នកនៅផ្ទះរបស់ខ្លួន និងក្រុមគ្រួសាររបស់ខ្លួន ក្លាយទៅជាជនរងគ្រោះ នៅពេលក្រោយថែមទៀត! ព្រោះវាគ្មានអាណា ទៅស្លាប់ជួសយើងទេវ៉ើយ! និយាយឲ្យច្បាស់ៗ ជាមួយគ្នា!»។

សម្តេចតេជោ ហ៊ុន សែន បន្តថា «ខំរកវ៉ាក់សាំង! ថវិកាមានតិចតួច បញ្ចេញថវិកាទៅទិញ និងស្នើសុំគេ យកវ៉ាក់សាំងមកសម្រាប់ការចាក់។ ប៉ុន្តែអ្វីដែលខ្ញុំកោតសរសើរ គឺបងប្អូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធរបស់យើង បានប្រឹងប្រែងណាស់ ក្នុងរយៈកាលនៃដំណាក់កាលកូវីដនេះ ហាក់ដូចជាសឹងថា ស្ទើរតែទន់ដៃទន់ជើងទៅហើយនៃការខិតខំ! ក្នុងនោះ ក្រុមគ្រូពេទ្យរបស់យើង នៅគ្រប់ទីកន្លែង បានខិតខំធ្វើការ»៕

រូបភាពក្រសួងការងារ
រូបភាពក្រសួងការងារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ