ខេត្តព្រៃវែង ៖ ក្មេងប្រុស៣នាក់ ក្នុងចំណោម៤នាក់បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ខណៈពួកគេនាំគ្នាលេងទឹកប្រឡាយ ដែលស្ថិតនៅខាងជើង ក្នុងភូមិប្រមាណជា៥០០ម៉ែត្រ ដែលហេតុការណ៍នេះបានកើតឡើង កាលពីម៉ោង១០ និង៤០នាទីព្រឹកថ្ងៃទី០៨ មីនា ស្ថិតនៅចំណុចប្រឡាយទឹក១កន្លែង ក្នុងភូមិស្មោងខាងជើង ឃុំស្មោង ស្រុកកំចាយមា ខេត្តព្រៃវែង ។
ប្រភពពីសមត្ថកិច្ចឱ្យដឹងថា កុមាររងគ្រោះដែលស្លាប់ទាំង៣នាក់ ១-ឈ្មោះអោម ថារ៉ូ ភេទប្រុស អាយុ១១ឆ្នាំ ទី២-ឈ្មោះសុខ វៀន ភេទប្រុស អាយុ៨ឆ្នាំ និងទី៣-ឈ្មោះទោង តូ ភេទប្រុស អាយុ៧ឆ្នាំ ទាំង៣នេះមានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។
ប្រភពពីអ្នកស្រុកនៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញកុមាររងគ្រោះទាំង៣នាក់ ព្រមទាំងកុមារាម្នាក់ទៀតឈ្មោះអោម នេត អាយុ៨ឆ្នាំ បាននាំគ្នាទៅលេងនៅមាត់ប្រឡាយ ត្រង់ចំណុចកើតហេតុខាងលើ គឺលេងបាយឡុកបាយឡ និងប៉ាវស៊ីងស៊ុងតាមរបៀបក្មេងៗ ហើយអ្នកស្រុកដែលបានឃើញនោះ ក៏មិនបានចាប់អារម្មណ៍អ្វីដែរ និងនាំគ្នាទៅធ្វើការរៀងៗខ្លួនទៅ។
លុះមួយសន្ទុះក្រោយមក ស្រាប់តែឃើញកុមារាឈ្មោះអោម នេត រត់ត្រហេបត្រហបមកប្រាប់ថា កុមាររងគ្រោះ៣នាក់ខាងលើលង់ទឹកហើយឱ្យទៅជួយផង ទើបអ្នកស្រុកផ្អើលឆោឡោនាំគ្នារត់ទៅកាន់កន្លែងកើតហេតុ ប៉ុន្តែពេលទៅដល់មិនឃើញកុមារទាំង៣នាក់នោះទេ ទើបសន្និដ្ឋានថា ច្បាស់ជាលិចក្នុងទឹកបាត់ទៅហើយ ហើយអ្នកស្រុកនាំគ្នាចុះរាវរក មួយសន្ទុះ ក៏រកឃើញកុមាររងគ្រោះទាំង៣នាក់ ប៉ុន្តែបានស្លាប់បាត់ទៅហើយ ទើបប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីតែម្តង ។
ចែករំលែកព័តមាននេះ