ខេត្តកំពង់ឆ្នាំង ៖ មានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីប្រជាពលរដ្ឋបានប្រទះឃើញធុងស្នោពណ៌.ស សម្រាប់ដាក់ទឹកកកមួយអណ្តែតលើទឹកទន្លេ ដោយមានជើងធូប កន្ទេល ភួយ នៅក្នុងធុងនោះទៀតផង ហើយក៏សន្មត់ថា ពិតជាមានសពទារកស្លាប់ក្នុងនោះជាក់ជាពុំខាន និងបានទៅរាយការណ៍ជូនសមត្ថកិច្ចចុះទៅពិនិត្យកន្លែងកើតហេតុ ។ ប៉ុន្តែពេលសមត្ថកិច្ចចុះទៅដល់បានព្យាយាមយកធុងស្នោនោះសែងមកពិនិត្យមើលលើគោក គឺគ្មានអ្វីសោះ ក៏នាំគ្នាហួសចិត្តគ្រប់គ្នា គិតថា ប្រហែលជាមានអ្នកណាមួយមានចេតនារំខានការងារប៉ូលិសជាពុំខាន ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៦ និង៤០នាទីយប់ថ្ងៃទី០៨ មីនា ២០១៦ ស្ថិតនៅត្រង់ស្ថានីយ៍បូមទឹក ក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
ប្រភពពីសមត្ថកិច្ចថា ប្រជាពលរដ្ឋជាច្រើននាក់ បានភ្ញាក់ផ្អើលដោយសារមានធុងស្នោធំមួយ ដែលគេប្រើសម្រាប់ដាក់ទឹកកកក្លាស្សេអណ្តែតលើទឹកទន្លេ ដោយមានកន្ទេល ភួយ និងអ្វីសំខាន់ទៀតនោះ គឺជើងធូប ដែលគេដោតជាប់នឹងធុងស្នោនោះ ហើយក៏នាំគ្នាសន្មត់ថា ពិតជាមានសពទារកត្រូវប្លុងចោលជាពុំខាន ។
ប្រជាពលរដ្ឋដែលទៅមើលធុងស្នោនោះបាននិយាយថា ប្រហែលជាមានអ្នកណាម្នាក់ គេធ្វើពិធីឧបកិច្ចអ្វីមួយហើយ តែខាងសមត្ថកិច្ចសង្ស័យថា ប្រហែលជាមានអ្នកណាម្នាក់ មានចរតនារំខានសមត្ថកិច្ច ព្រោះព័ត៌មាននេះមិនមែនឮតគ្នាត្រឹមខេត្តទេ គឺបានផ្សាយដល់វិទ្យុក្នុងស្រុកមួយថា «មានសពក្មេងអាយុប្រមាណ៤-៥ខែអណ្តែតទឹកទន្លេផ្សារក្រោម សុំឱ្យសមត្ថកិច្ចប្រញាប់ទៅមើល» ។
ចែករំលែកព័តមាននេះ