រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវអោយគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ រួមទាំងដៃគូអភិវឌ្ឍន៌ អង្គការក្រៅរដ្ឋាភិបាល សូមចូលរួមក្នុងកិច្ចការពារ លើកកម្ពស់សិទ្ធិស្ត្រី និងផ្តល់ឱកាសអោយស្ត្រីចូលរួមក្នុងការងារសង្គមប្រកបដោយសមធម៌ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីអំពាវនាវខាងលើបែបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៨ មីនា ២០១៦ ក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រារព្ធខួបលើកទី១០៥ នៃទិវាសិទ្ធិនារីអន្តរជាតិ ០៨ មីនា នៅវិមានសន្តិភាព ។
ក្នុងឱកាសនោះដែរ សម្តេចតេជោសែនក៍បានបញ្ជាក់ថា ស្ត្រីខ្លួនឯងត្រូវបង្កើនការអប់រំពង្រឹងសមត្ថភាពដើម្បីជួយខ្លួនឯងឱ្យមានភាពរឹងមាំ ដើម្បីជម្នះឱ្យបាននូវពាក្យថា«ស្ត្រីមិនអាចធ្វើការងារធំដុំបាន»។ ដូច្នេះ គ្រប់ ស្ត្រី យុវតីទាំងអស់ ត្រូវខិតខំប្រឹងប្រែងជួយខ្លួនឯងតាមរយៈការអប់រំ អភិវឌ្ឍន៌សមត្ថភាពដើម្បីជួយគ្រួសារ និងសង្គម។
ទិវានារីអន្តរជាតិ ០៨មីនា ឆ្នាំនេះគឺប្រារព្ធឡើងក្រោមប្រធានបទ «វិនិយោគលើសមភាពយេនឌ័រ ដើម្បីកិច្ចអភិវឌ្ឍប្រកបដោយចីរភាព» មានទិសដៅបង្កើន និងពង្រឹងភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីនិងការយល់ដឹងអំពីសិទ្ឋិមនុស្សរបស់ស្ត្រី និងក្មេងស្រី ការចូលរួមពេញលេញនិងស្មើភាពរបស់ស្ត្រីនៅក្នុងការធ្វើសេចក្តីសម្រេចចិត្តនៅគ្រប់កម្រិត ការពង្រឹងយន្តការគណនេយ្យភាពសំរាប់សមភាពយែនឌ័រ (Gender) និងការបន្តលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងវិស័យសេដ្ឋកិច្ច ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ និងកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាព ។
គួរបញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ឋសាស្ត្រចតុកោណដំណាក់កាលទី១ ទី២ ទី៣ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា ដែលកំណត់យកអភិបាលកិច្ចល្អជាស្នូល និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍន៌ធនធានមនុស្ស ក្នុងនោះបានលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្ត្រី ដោយបានចាត់ទុកស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ ៕
ចែករំលែកព័តមាននេះ