ការពិត គេអាចទុកភាពឆាប់ចាស់និងស្លាប់មុនអាយុឱ្យនៅឆ្ងាយពីខ្លួនបុគ្គលម្នាក់ៗបាន តាមរយៈការប្រឆាំងនឹងជំងឺរ៉ាំរ៉ៃមួយចំនួនតួយ៉ាងដូចជា ជំងឺបេះដូង មហារីក និងជំងឺទឹកនោមផ្អែមជាដើម ។ វត្តមាននៃជំងឺទាំងនេះនឹងអាចធ្វើឱ្យបុគ្គលរស់នៅធុញទ្រាន់នឹងពិភពលោកបាន ។ ដូច្នេះ ដើម្បីគេចផុតពីជំងឺកាចសាហាវទាំងនេះ គេគួរចាប់យកទម្លាប់មួយចំនួនដូចខាងក្រោម ៖
១-បញ្ចូលបណ្តាផ្លែឈើនិងបន្លែចម្រុះពណ៌ក្នុងរបបអាហារប្រចាំថ្ងៃ ៖ បណ្តាបុគ្គលដែលទទួលទានបន្លែ ផ្លែឈើគ្រប់ប្រភេទជួបអត្រាកើតជំងឺរ៉ាំរ៉ៃយ៉ាងទាបបំផុត ។ ជាធម្មតា បន្លែ-ផ្លែឈើផ្ទុកទៅដោយវីតាមីន និងសារធាតុរ៉ែដែលរាងកាយត្រូវការចាំបាច់ ហើយអ្វីដែលរឹតតែពិសេស វាជាអាហារដែលមិនធ្វើឱ្យរាងកាយធាត់លើសទម្ងន់។
ពណ៌ផ្សេងៗគ្នារបស់ផ្លែឈើ និងបន្លែគឺបង្ហាញពីវត្តមានផ្សេងគ្នានៃសារធាតុចិញ្ចឹម និងសមាសធាតុប្រឆាំងអុកស៊ីដកម្មផងដែរ ។ អ្វីទាំងនេះហើយដែលគុណសម្បត្តិរបស់បន្លែ និងផ្លែឈើប្រឆាំងនឹងភាពចាស់ទៅតាមអាយុ ។ ជាឧទាហរណ៍ Anthocyanins គឺជាសមាសធាតុប្រឆាំងអុកស៊ីដកម្មដែលធ្វើឱ្យផ្លែប្លូ៊បឺរីមានពណ៌ខៀវចាស់ ។ មួយវិញទៀត បណ្តាផ្លែឈើពណ៌នេះត្រូវគេដឹងថា មានកម្លាំងប្រឆាំងនឹងការលូតលាស់នៃកោសិកាមហារីក ។
២-ទទួលទានអាហារដែលសម្បូរអាស៊ីតខ្លាញ់អូមេហ្គា-៣ ៖ អាស៊ីតខ្លាញ់អូមេហ្គា-៣ Eicosapen taenoic(EPA) និងអាស៊ីត Docosahexaenoic (DHA) គឺជាប្រភពនៃភាពវ័យក្មេងដែលធម្មជាតិបានផ្តល់ឱ្យ ។
កាលពីពេលកន្លងទៅ វេជ្ជបណ្ឌិត Ramin Farzaneh-Far និងសហការីរបស់ខ្លួននៅមន្ទីរពេទ្យ San Francisco General Hospital បានបង្កើតការសិក្សាស្រាវជ្រាវមួយមើលពីប្រសិទ្ធភាពអាស៊ីត EPA និង DHA ទៅលើក្រូម៉ូសូមដែលបណ្តាលឱ្យចាស់ ។ ជាលទ្ធផលដែលចុះផ្សាយក្នុងព្រឹត្តិបត្រ JAMA ពួកគេបានរកឃើញថា បណ្តាបុគ្គលដែលក្នុងឈាមផ្ទុកអាស៊ីត EPA និង DHA កម្រិតខ្ពស់ ប្រឈមហានិភ័យកើតជំងឺបេះដូងទាបបំផុតខណៈអត្រាចាស់ទៅតាមអាយុរបស់ក្រូម៉ូសូមមានដំណើរយ៉ាងយឿត ។
៣-ដុសសម្អាតធ្មេញឱ្យបានស្អាតល្អរាល់ថ្ងៃ ៖ អនាម័យមាត់ធ្មេញជាផ្នែកមួយសំខាន់នៃសុខភាពប្រចាំថ្ងៃ ។ ទោះជាយ៉ាងនេះក្តី ការដុសសម្អាតត្រឹមច្រាសគឺមិនគ្រប់គ្រាន់ឡើយ។ គេគួរប្រើខ្សែកូតកោសសម្អាត ឬឧបករណ៍សម្អាតចន្លោះធ្មេញផងដែរ ។ ឧបករណ៍ឬខ្សែសម្អាតចន្លោះធ្មេញ មិនត្រឹមតែផ្តល់ផលល្អដល់អញ្ចាញឡើយ ប៉ុន្តែវាក៏ជួួយឱ្យអាយុវែងផងដែរ ។ វិធីសម្អាតបែបនេះ វាជួយកម្ចាត់បាក់តេរីមិនឱ្យមានឱកាសពូនផ្តុំក្នុងកំណកដុំកំបោរនៅតាមចន្លោះនិងជើងធ្មេញ ទប់ស្កាត់បាននូវការជ្រៀតចូលក្នុងចរន្តឈាម ។ ដូច្នេះ ឱកាសរបស់វាក្នុងការបង្កឱ្យរលាកនិងបង្កើនហានិភ័យជំងឺបេះដូងត្រូវបានបំផ្លាញចោល ។
៤-ឧស្សាហ៍ផឹកតែបៃតង ៖ តែប្រភេទនេះមិនត្រឹមអាចជួយប្រឆាំងនឹងជំងឺមហារីកប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជួយបញ្ចុះទម្ងន់ខ្លួនទៀតផង ។ ការទទួលទាន១ពែងបន្ទាប់ពីបាយរួចអាចជួយទប់ស្កាត់ការឡើងទម្ងន់និងបញ្ចុះសារធាតុខ្លាញ់ ។ តែបៃតងផ្ទុកសមាសធាតុប្រឆាំងអុកស៊ីដកម្មមួយប្រភេទឈ្មោះ Epigallocatechin gallate (EGCG)។
៥-ហាត់ប្រាណឱ្យបានទៀងទាត់រាល់ថ្ងៃ ៖ អសកម្មរាងកាយក៏ដូចជាការបាត់បង់សាច់ដុំបានកើតឡើង ជាពិសេសនៅពេលអស់លោកអ្នកមានវ័យកាន់តែចាស់ទៅ ។ ដូច្នេះដើម្បីទប់ទល់ការផ្លាស់ប្តូរគុណភាព និងបរិមាណសាច់ដុំទាក់ទិននឹងការវិវឌ្ឍអាយុនេះគឺត្រូវធ្វើយ៉ាងណាឱ្យរាងកាយមានសកម្មភាពជាប់ជាប្រចាំ ។ ការដើរនៅពេលព្រឹកព្រលឹមគឺជាវិធីល្អបំផុតបង្កើនចលនាទូទៅរបស់រាងកាយយ៉ាងមានប្រសិទ្ធភាព៕
ចែករំលែកព័តមាននេះ