ខេត្តកោះកុង ៖ នៅវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ ថ្ងៃទី៥ ខែមីនា កម្លាំងកងទ័ពជើងទឹកលំហសមុទ្រ ខណៈចេញល្បាតលើផ្ទៃសមុទ្រ ស្ទាក់ចាប់បានទូកនេសាទ១គ្រឿង ដែលប្រើឧបករណ៍នេសាទខុសច្បាប់គឺគ្រាប់បែកច្នៃ នៅចំណុចកោះឆ្លាម ស្ថិតក្នុងដែនសមុទ្រចន្លោះខេត្តកោះកុង និងខេត្តព្រះសីហនុ ។
លោកវរសេនីយ៍ទោ ជា ស៊ីធុនឡាយ ដែលបានដឹកនាំកម្លាំងក្រោមឱវាទចំនួន៧នាក់ ចុះប្រតិបត្តិការបង្ក្រាបទូកនេសាទខុសច្បាប់ខាងលើនេះ ថ្លែងថា ទូកល្មើសខាងលើត្រូវបានឃាត់ចាប់នៅត្រង់ចំណុចផ្ទៃសមុទ្រ១១o០៧ និង១០២o៤៨ ស្ថិតនៅក្បែរកោះឆ្លាម ។ បន្ទាប់ពីឃាត់ចាប់ទូកនេះបានភ្លាម ទាំងអ្នកបើកបរទូកម្នាក់ និងកម្មករទូកចំនួន២នាក់ ត្រូវបានបញ្ជូនមកប្រគល់ឱ្យខណ្ឌរដ្ឋបាលជលផលកោះកុង តាមនីតិវិធី ។
លោក ឡាង គីរី នាយខណ្ឌរដ្ឋបាលជលផលកោះកុង ថ្លែងថា កម្លាំងសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនករណីនេះទៅសាលាដំបូងខេត្ត នារសៀលថ្ងៃទី៧ ខែមីនា ដែលក្នុងនោះមានទូកម៉ាស៊ីនកម្លាំង១៣៨សេះចំនួន១គ្រឿង វិទ្យុទាក់ទងម៉ាកស្តារ៍ចំនួន១ ឧបករណ៍មើលហ្វូងត្រីចំនួន១ GPS ចំនួន១ ម៉ាស៊ីនខ្យល់ជ្រមុជទឹក និងសម្ភារ១ឈុត ធុងក្លាស្សេចំណុះ៣០០លីត្រចំនួន៨ធុង រួមនឹងមនុស្សចំនួន៣នាក់ ១-ឈ្មោះ ហ៊ឹម ហឿន ភេទប្រុស អាយុ៣៥ឆ្នាំ ជាអ្នកបើកទូក ២-ឈ្មោះ ឡេង សឿន ភេទប្រុស អាយុ២៨ឆ្នាំ ជាកម្មករទូក ៣-ឈ្មោះ សុខ នៅ ភេទប្រុស អាយុ៣៨ឆ្នាំ ជាកម្មករទូក ។
នៅចំពោះមុខសមត្ថកិច្ច ជនទាំង៣សារភាពថា ពួកគេពិតជាប្រើគ្រាប់បែកច្នៃបោកចូលសមុទ្រយកត្រីប្រាកដមែន ហើយម្ចាស់ទូកនិងកម្មករទាំង៣នាក់សុទ្ធតែមានទីលំនៅក្នុងក្រុងព្រះសីហនុ ។ ប្រភពពីប្រជានេសាទជាច្រើននាក់និយាយថា ទូកប្រើឧបករណ៍នេសាទបែបនេះមានច្រើន ប៉ុន្តែយូរៗទើបឃើញចាប់ម្តង ៕
ចែករំលែកព័តមាននេះ