រាជធានីភ្នំពេញ ៖ មន្ត្រីយោធាថ្នាក់ផ្កាយ១ម្នាក់ ត្រូវកម្លាំងអាវុធហត្ថខណ្ឌមានជ័យឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពបាញ់១គ្រាប់ភ្ជុចដីគំរាមបុរសម្នាក់ ដោយសង្ស័យថា ជាចោរចូលលួចអីវ៉ាន់ក្នុងផ្ទះខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៩ និង៣០នាទីយប់ថ្ងៃទី៦ មីនា ២០១៦ ស្ថិតនៅចំណុចភូមិព្រែកទាល់ ក្រុម០៦ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
បុរសបង្កឈ្មោះប៊ុត សំណាង អាយុ៥១ឆ្នាំ ជាមន្ត្រីយោធា មានឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ។ ចំណែកខាងជនរងគ្រោះដែលត្រូវលោកយោធាផ្កាយ១យល់ច្រលំថាចោរ ឈ្មោះហ៊ុក សេងម៉េងលី អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះលេខ ៣៦៥A ក្រុម០៦ ក្នុងភូមិ-កើតហេតុខាងលើ ។ ក្នុងករណីដដែលនេះ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងប្តឹងទាមទារថ្លៃសំណងជំងឺចិត្តពី បុរសជាជនបង្ក ប៉ុន្តែការចរានេះយ៉ាងណានោះ ពុំត្រូវបានទម្លាយឱ្យដឹងទេ ព្រោះមានការលាក់លៀម ។
យោងតាមការរៀបរាប់របស់បុរសខាងលើឱ្យដឹងថា ដំបូងឡើយនៅវេលាកើតហេតុ គាត់បានឮសំឡេងចេញពីរបងផ្ទះរបស់គាត់ ដោយគាត់សង្ស័យថា មានចោរចូលផ្ទះ ។ ភ្លាមៗ រូបគាត់បានទាញកាំភ្លើងមួយដើមម៉ាក K59 លេខ៨៥៩៦ ស្ទុះចេញមកក្រៅ ដើម្បីតទល់ជាមួយចោរ ។ ប៉ុន្តែខណៈចេញមកក្រៅ គាត់ពុំឃើញអ្វីឡើយ តែបែរជាឮសំឡេងឆ្កែព្រូសក្បែររបងផ្ទះ ក៏ស្ទុះរត់ទៅមើលស្រាប់តែឃើញបុរសម្នាក់នៅក្បែរនោះ ត្រូវឆ្កែកំពុងឆ្កែព្រូសដាក់ ។
ឃើញដូចនេះ បុរសជាជនបង្ក ក៏បានបាញ់ភ្ជុចទៅនឹងដីគំរាមបុរសដែលត្រូវឆ្កែព្រូសនោះ ដោយស្មានថា ជាចោរដែលចូលផ្ទះរបស់ខ្លួន ។ ភ្លាមៗនោះ ជនរងគ្រោះដោយភ័យស្លន់ស្លោ ក៏បានព្យាយាមរត់យករួចខ្លួន រួចទៅប្តឹងកម្លាំងអាវុធហត្ថខណ្ឌមានជ័យ ចុះអន្តរាគមន៍ឃាត់ខ្លួន យកទៅទីបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញភ្លាមៗ ដើម្បីធ្វើការសាកសួរនាំបន្ថែម ។
លោកវរសេនីយ៍ទោ មាំង សុខលុច នាយការិយាល័យកណ្តាលយុត្តិធម៌នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រាប់ភ្នាក់ងារកោះសន្តិភាពតាមរយៈទូរស័ព្ទនៅវេលាល្ងាចថ្ងៃទី៧ មីនា នេះថា ករណីនេះលោកពុំបានដឹងឡើយ ហើយសំណុំរឿងនេះ ក៏ពុំមែនលោកជាអ្នកកាន់ដែរ ពោលគឺថ្នាក់លើជាអ្នកចាត់ការទាំងស្រុង ហើយមកទល់ពេលនេះ លោកក៏មិនដឹងថា បុរសជាជនបង្ក ត្រូវបានគេចាត់ការ ឬសម្រេចដោះលែងយ៉ាងណានោះទេ ៕
ចែករំលែកព័តមាននេះ