ជិះម៉ូតូទៅលេងផ្សារណាត់ទឹកដីថៃ ត្រូវសមត្ថកិច្ចថៃចាប់យកម៉ូតូ
ខេត្តបន្ទាយមានជ័យ ៖ បុរស២នាក់បានរៀបរាប់ប្រាប់អ្នកយកព័ត៌មាននៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតឲ្យដឹងថា កូនរបស់ពួកគាត់ត្រូវបានសមត្ថកិច្ចថៃចាប់យកម៉ូតូ…
ខេត្តបន្ទាយមានជ័យ ៖ បុរស២នាក់បានរៀបរាប់ប្រាប់អ្នកយកព័ត៌មាននៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតឲ្យដឹងថា កូនរបស់ពួកគាត់ត្រូវបានសមត្ថកិច្ចថៃចាប់យកម៉ូតូ…
ខេត្តបន្ទាយមានជ័យ ៖ បុរស២នាក់បានរៀបរាប់ប្រាប់អ្នកយកព័ត៌មាននៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតឲ្យដឹងថា កូនរបស់ពួកគាត់ត្រូវបានសមត្ថកិច្ចថៃចាប់យកម៉ូតូខណៈនាំគ្នាជិះឆ្លងព្រំដែនចូលទៅលេងផ្សារណាត់ ស្ថិតស្រុកគោកធ្យូង ខេត្តស្រះកែវ ទឹកដីថៃ កាលពីរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៦ ។
បុរសទាំង២នាក់ខាងលើម្នាក់ឈ្មោះ ទិត្យ ហ៊ាន អាយុ៤៣ឆ្នាំ មានទីលំនៅភូមិបឹងស្នោរ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងម្នាក់ទៀតឈ្មោះ ជ ស៊ីផូ អាយុ៣៧ឆ្នាំ មានទីលំនៅភូមិនិមិត្ត០១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។
បុរសឈ្មោះ ទិត្យ ហ៊ាន ប្រាប់ថា កូនរបស់គាត់ឈ្មោះ មី ដាលុច ភេទប្រុស អាយុ១៧ឆ្នាំ ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួនក្នុងស្រុកគោកធ្យូង ខេត្តស្រះកែវ ខណៈពេលជិះម៉ូតូម៉ាក MSX ពណ៌ខ្មៅលាយស ស៊េរីឆ្នាំ២០១៥ ចូលទៅរកទិញទំនិញនៅចំណុចគេបើកផ្សារណាត់ ។ បុរសខាងលើបន្តថា ម៉ូតូដែលត្រូវសមត្ថកិច្ចថៃចាប់នោះគាត់ទិញពីស្តង់លក់ម៉ូតូមួយនៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុងតម្លៃ២៤៥០ដុល្លារ ដែលស្តង់លក់ម៉ូតូនោះមានម្ចាស់ឈ្មោះ សៀត ចាប ភេទប្រុស ។
ដោយឡែកឈ្មោះ ជ ស៊ីផូ ប្រាប់ថា កូនរបស់គាត់ឈ្មោះ កែម សម្ភត៌ ភេទប្រុស អាយុ១៦ឆ្នាំ ត្រូវបានសមត្ថកិច្ចថៃចាប់យកម៉ូតូម៉ាក MSX ពណ៌ស ស៊េរីឆ្នាំ២០១៥ ខណៈកូនគាត់ជិះទៅរកទិញទំនិញចំណុចគេបើកផ្សារណាត់ ក្នុងស្រុកគោកធ្យូង ខេត្តស្រះកែវ ដូចជនរងគ្រោះខាងលើដែរ ។ ឈ្មោះ ជ ស៊ីផូ ប្រាប់ថា ម៉ូតូរបស់គាត់ទិញពីឈ្មោះ ធា ភេទប្រុស ជាអ្នកទិញលក់ម៉ូតូនៅក្រុងប៉ោយប៉ែត ក្នុងតម្លៃ៤៨.០០០បាតប្រាក់ថៃ ហើយគាត់បានទៅបង់ពន្ធអស់ប្រាក់ជាច្រើនថែមទៀត ។
បុរសទាំង២នាក់ខាងលើបានប្រាប់ថា ម៉ូតូពួកគាត់សុទ្ធតែបានបំពេញកាតព្វកិច្ចពន្ធជូនរដ្ឋត្រឹមត្រូវអស់ហើយ ហើយឈ្មោះ ទិត្យ ហ៊ាន ប្រាប់ថា ម៉ូតូរបស់គាត់មានទាំងស្លាកលេខទៀតផង ។ ក្រោយសមត្ថកិច្ចថៃចាប់កូនគាត់កាច់យកស្លាកលេខបានមកវិញ មិនតែប៉ុណ្ណោះពួកគាត់ថា ក្រោយសមត្ថកិច្ចថៃចាប់កូនពួកគាត់ គេតម្រូវឲ្យយកប្រាក់ទៅលស់ម្នាក់៣៥.០០០បាតទើបគេព្រមដោះលែង ចំណែកម៉ូតូសមត្ថកិច្ចថៃមិនឲ្យវិញទេ ដោយគេថា ជាម៉ូតូដែលបាត់ហើយកំពុងតាមរក ។
លោកស្រី ស៊ិន ណាំយ៉ុង អ្នកគ្រប់គ្រងទីតាំងទទួលពលករបញ្ជូនពីថៃនៅក្រុងប៉ោយប៉ែត ប្រាប់ឲ្យដឹងកាលពីល្ងាចថ្ងៃទី០៦មីនាថា យុវជនរងគ្រោះទាំង២នាក់ខាងលើ (មី ដាលុច និង កែម សម្ភត៌) ត្រូវបានគេបញ្ជូនតាមរថយន្តទ្រុងមកដល់កម្ពុជាវិញហើយ ហើយឪពុកម្តាយយុវជនទាំង២នាក់ប្រាប់ថា ពួកគាត់បានបង់ប្រាក់លោះកូនពួកគាត់អស់ប្រាក់ម្នាក់៣៥.០០០បាតប្រាក់ថៃ(ម្នាក់ជិត១០០០ដុល្លារ)ទើបសមត្ថកិច្ចថៃព្រមដោះលែងវិញ ។
ករណីខាងលើ ឈ្មោះ សៀត ចាប ជាអ្នកលក់ម៉ូតូឲ្យឈ្មោះ ទិត្យ ហ៊ាន បានប្រាប់តាមទូរស័ព្ទថា ម៉ូតូនោះគាត់ទិញពីគេដែរ ។ ឈ្មួញម៉ូតូរូបនេះបន្តថា ម៉ូតូបច្ចុប្បន្នមាន២ប្រភេទ ខ្លះទិញហើយជិះចូលដីថៃបាន តែខ្លះមិនអាចជិះចូលទៅដីថៃបានទេ ដែលការលើកឡើងបែបនេះមិនដឹងថាមានន័យយ៉ាងដូចម្តេចទេ ។ ចំណែកឈ្មោះ ធា ដែលលក់ម៉ូតូឲ្យឈ្មោះ ជ ស៊ីផូ មិនអាចទាក់ទងសុំការបំភ្លឺបានទេ ។
ពលរដ្ឋគ្រប់រូបមុនទិញម៉ូតូពីតាមហាង ឬស្តង់គួរគាប្បីសាកសួរអ្នកលក់ឲ្យបានច្បាស់លាស់ ប្រយ័ត្នក្លាយជាជនរងគ្រោះដូចគ្រួសារទាំង២ខាងលើ ៕
ចែករំលែកព័តមាននេះ