រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៧ មីនា ២០១៦ មានប្រជាពលរដ្ឋមកពីសហគមន៍ដីធ្លីបឹងកក់ជាង៥០នាក់ បាននាំគ្នាយកញត្តិដាក់ជូនស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដើម្បីឱ្យស្ថានទូតជួយអន្តរាគមន៍ទៅរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយដោះស្រាយឱ្យពួកគាត់ជាង៧គ្រួសារដែលសាលារាជធានីភ្នំពេញមិនទាន់បានដោះស្រាយនៅឡើយ បន្ទាប់ពីដាក់ជូនស្ថានទូតរួចហើយ ពួកគាត់បន្តទៅធនាគារពិភពលោកទៀត ដោយមានបំណងយកកង់រថយន្តដុត ប៉ុន្តែត្រូវកម្លាំងខណ្ឌដូនពេញធ្វើការរារាំង ។
ដោយឡែក នៅព្រឹកថ្ងៃដដែលនេះដែរ ប្រជាពលរដ្ឋមកពីសហគមន៍ផ្លូវរថភ្លើងប្រមាណជាង១០០នាក់ឯណោះវិញ បាននាំគ្នាយកញត្តិដាក់ជូនទៅក្រសួងសាធារណការនិងដឹកជញ្ជូន ដើម្បីឱ្យក្រសួងមេត្តាជួយដោះស្រាយឱ្យពួកគាត់ ដែលពួកគាត់មានការព្រួយបារម្ភក្រោយពីរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយក្រសួងសាធារណការនិងដឹកជញ្ជូន មានគម្រោងអនុវត្តផ្លូវដែកក្នុងរាជធានីភ្នំពេញ ។ ពួកគាត់បានអះអាងថា ក្រសួងពុំបានពិគ្រោះយោបល់ជាមួយពួកគាត់ឡើយ ខណៈដែលពួកទាក់ទាមទារសុំពិគ្រោះយោបល់ម្តងហើយម្តងទៀត ។
ទីតាំងទាំង២ដែលប្រជាពលរដ្ឋមកពីសហគមន៍ដីធ្លីទាំង២ យកញត្តិមកដាក់ជូនខាងលើនេះ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ៕
ចែករំលែកព័តមាននេះ