ខេត្តប៉ៃលិន ៖ ជនសង្ស័យ២នាក់ត្រូវបាននគរបាលស្រុកសាលាក្រៅឆ្មក់ចុះចាប់ បន្ទាប់ពីពួកគេត្រូវបានដោះលែងចេញពីពន្ធនាគារឱ្យមានសេរីភាពវិញ នៅតែប្រព្រឹត្តជួញដូរថ្នាំញៀនដដែល ហើយត្រូវកម្លាំងនគរបាលចាប់ឃាត់បានជាក់ស្តែង ដែលហេតុការណ៍កើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី៣០ កញ្ញា ២០២១ នៅចំណុចផ្លូវស្រង់មានជ័យ ស្ថិតនៅក្នុងភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
តាមប្រភពព័ត៌មានពីលោក មាឃ សារ៉ន អធិការនគរបាលស្រុកសាលាក្រៅបានឱ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ ហន ភារិន ភេទប្រុស អាយុ៣៥ឆ្នាំ ទី២-ឈ្មោះ វុធ ម៉ុនថា ហៅម៉ន អាយុ៣២ឆ្នាំ ទាំងពីរនាក់រស់នៅភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ លោកបន្តទៀតថា ដោយមានការចង្អុលបង្ហាញពីលោក សេង សុគន្ធ ស្នងការនគរបាលខេត្ត និង មានការសម្រប សម្រួលពីលោក ទេព ឃុនឆៃ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តប៉ៃលិន ខាងលោកបានដឹកនាំកម្លាំង ឆ្មក់ចុះឆែកឆេរផ្ទះជនសង្ស័យភ្លាមៗ ។
លោកបញ្ជាក់ថា ករណីនេះ កម្លាំងបន្តឆែកឆេរនៅវេលាម៉ោង៥ និង០០នាទីល្ងាច រកឃើញវត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន០៣កញ្ចប់តូចថែមទៀត ទម្ងន់០.៤១ក្រាម អំពូលប្រើប្រាស់ថ្នាំញៀន០២អំពូល កាំបិត០៥ដើម កាំភ្លើងកែឆ្នៃខ្យល់១ដើម ម៉ូតូចំនួន០២គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីចាស់ ពាក់ស្លាកលេខ ប.ប 1C 09 37 និងម៉ាកហ្សូមម័រ អ៊ិច ពណ៌ខ្មៅគ្មានស្លាកលេខ ។ ប្រភពបន្ថែមថា ពួកគេទាំងនេះ ជាមុខសញ្ញាជួញដូរថ្នាំញៀន និងធ្លាប់ជាប់ពន្ធនាគារម្តងរួចទៅហើយ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន ។ បច្ចុប្បន្ន វត្ថុតាងដែលដកហូត និងជនសង្ស័យទាំង០២នាក់ ត្រូវបាននគរ បាល ចាប់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីបន្តនីតិវិធីបញ្ជូនទៅតុលាការខេត្ត ៕
ចែករំលែកព័តមាននេះ