រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនសាំស៊ុង បានបង្ហាញពីផលិតផលថ្មីបំផុតនៅក្នុងគ្រួសារ Galaxy គឺសាំស៊ុង Galaxy S7 និង Galaxy S7 edge។ Galaxy S7 និង Galaxy S7 edge ជាទូរស័ព្ទនាំមុខគេដោយសារតែមាន រូបរាងដ៏ប្រណីត កាមេរ៉ាកាន់តែទំនើបអាចថតបាននៅក្នុងទីងងឹត មានកម្មវិធីល្អៗជាច្រើន ហើយអាចប្រើប្រាស់បានច្រើនជាមួយផលិតផលផ្សេងៗទៀត។ ការបង្ហាញផលិតផលថ្មីរបស់សាំស៊ុងនេះ ធ្វើឡើងកាលពីពេលថ្មីៗនេះ ជូនអ្នកសារព័ត៌មានកម្ពុជា។
កាមេរ៉ារបស់សាំស៊ុង Galaxy S7 និង Galaxy S7 edge ត្រូវបានបំពាក់ដោយ Dual Pixel ធ្វើឱ្យរូបភាពកាន់តែភ្លឺច្បាស់ ទោះបីជាថតនៅកន្លែងដែលមិនសូវមានពន្លឺ។ ដោយសារតែវាមានបច្ចេកវិទ្យា Dual Pixel មានLens ធំជាងមុន មាន aperture និងភិចសែល កាន់តែធំជាងមុន កាមេរ៉ារបស់វាអាចចាប់យករូបភាពក្នុងទីងងឹតបានច្បាស់ហើយលឿនជាងមុន ។
ទូរស័ព្ទ Galaxy S7 មានអេក្រង់ទំហំរហូតដល់ទៅ 5,1អ៊ីន ហើយទូរស័ព្ទ Galaxy S7 edge មានអេក្រង់ទំហំ រហូតដល់ទៅ5,5អ៊ីន។ ទូរស័ព្ទទាំងពីរនេះ ត្រូវបានផលិតចេញពីកញ្ចក់ 3D និងលោហធាតុដែលភ្លឺរលោង ហើយរឹងមាំ ព្រមទាំងមានគែមកោងសងខាងងាយស្រួលកាន់ដោយដៃតែម្ខាង។ ជាមួយមុខងារ Always-On Display លោកអ្នកអាចមើលម៉ោង ប្រតិទិន ការទូរស័ព្ទចូលដែលមិនបានលើក និងសារផ្សេងៗបានគ្រប់ពេល ទោះបីអ្នកមិនប្រើម្រាមដៃប៉ះទូរស័ព្ទក៏ដោយ។
ទូរស័ព្ទទាំងពីរនេះ សុទ្ធតែអាចការពារការជ្រាបទឹកដោយមានប្រព័ន្ធការពារនៅខាងក្នុងទូរស័ព្ទតែម្តង។ ចំណែកឯ Galaxy S7 edge មានដាក់នូវ shortcut ដែលលោកអ្នកអាចប្រើអ៊ីម៉ែល ថត selfie ថតpanorama និងប្រើកម្មវីធីផ្សេងៗបានយ៉ាងសាមញ្ញភ្លាមៗ។ Galaxy S7 និង Galaxy S7 edge សាកថ្មបានលឿន ទោះជាមិនប្រើខ្សែក៏ដោយ។ លើសពីនេះទៀត វាមានកន្លែងដាក់ស៊ីមពីរ ហើយអ្នកអាចបន្ថែមអង្គចងចាំមួយទៀតរហូតដល់ទៅ 200GB ពេលដែលប្រើស៊ីមតែមួយ៕
ចែករំលែកព័តមាននេះ