ខេត្តស្ទឹងត្រែង ៖ ផ្នែកខាងលើដងទន្លេសេសានកាលពីមុនគ្រាន់តែជាខ្សែទឹកធម្មជាតិធម្មតាប៉ុណ្ណោះ ប៉ុន្តែដោយមានការគាំទ្រពីអ្នកទេសចរជាតិ និងអន្តរជាតិនោះក៏រៀបចំជារមណីយដ្ឋាន ។
សហគមន៍បានប៊ុង ឃុំភ្លុករួមគ្នាសិក្សាពីតំបន់ជួរនៅលើដងទន្លេសេសានដែលទីនោះគេហៅថាទឹកឈូជួរចាប ។ ទីកន្លែងដែលគេជ្រើសរើសជារមណីយដ្ឋានធម្មជាតិថ្មីនេះ ដោយសារពិនិត្យទៅឃើញថា មានទឹកហូរត្រជាក់ អាចសង់ខ្យូសធ្វើពីឈើប្រក់ស្បូវសម្រាប់សម្រាកលំហែកាយបាន មានជួរថ្មទឹករាក់ងាយស្រួលលេងកម្សាន្តមិនមានគ្រោះថ្នាក់ ។ ជាពិសេសនោះ គឺមានកោះ តូចៗជាច្រើន ដែលអ្នកទេសចរអាចអង្គុយលេងក្រោមម្លប់ឈើស្រូបយកខ្យល់អាកាសបរិសុទ្ធ ជួបជុំមិត្តភក្តិ និងក្រុមគ្រួសារយ៉ាងសប្បាយ ។
បើតាមការអះអាងពីគម្រោងអភិវឌ្ឍវិស័យទេសចរណ៍របស់សហគមន៍ឱ្យដឹងថា ក្រោយរដូវវស្សាទឹកឡើងសហគមន៍នឹងរៀបចំធ្វើខ្យូសនិងសង់ជាស្ពានឥន្ទធនូសម្រាប់ឆ្លងកាត់ពីខ្យូសមួយទៅកាន់ខ្យូសមួយទៀតស្ថិតនៅតាមមាត់ទន្លេដែលជាភាពទាក់ទាញមួយមិនដែលមាននៅស្ទឹងត្រែង ។
រមណីយដ្ឋានស្ថិតនៅលើដងទន្លេសេសានមានរហូតទៅដល់៣កន្លែងបូករួមជាមួយរមណីយដ្ឋានដែលទើបបង្កើតថ្មីនេះ ។ រមណីយដ្ឋានថ្មីកំពុងសាងសង់គ្រោងឲ្យរួចរាល់នៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ។ រមណីយដ្ឋានទាំង៣នោះមានរមណីយដ្ឋានបុប្ផាភ្លុក រមណីដ្ឋានកោះខ្សាច់សេកុង និងរមណីដ្ឋានទឹកឈូជួរចាប ។ រមណីយដ្ឋានទាំង៣នោះមួយកន្លែងស្ថិតនៅក្នុងក្រុងស្ទឹងត្រែង ចំណែក២ទីតាំងទៀតស្ថិតនៅឃុំភ្លុក ស្រុកសេសាន ។
លោកទួន ថាំង មេឃុំភ្លុក ស្រុកសេសាន និងជាអ្នកដឹកនាំផ្តល់បច្ចេកទេសកាលពីពេល ថ្មីៗកន្លងមកប្រាប់កោះសន្តិភាពថា រមណីយដ្ឋានទឹកឈូជួរចាបមានចំណុចល្អជាច្រើនគួរគាប់ទៅកម្សាន្ត ដូចជាមានទឹករាក់សម្រាប់លេងកម្សាន្ត និងមានខ្យូសអង្គុយលេងលើខ្សែទឹកហូរជាដើម ។
ទាក់ទងទៅនឹងឈ្មោះរបស់រមណីយដ្ឋាននេះ លោកមេឃុំបញ្ជាក់ថា នៅតំបន់នោះមានទឹកឈូ និងមានជួរថ្ម ព្រមទាំងសត្វបក្សីហើរជាហ្វូងវិលត្រឡប់មកទ្រនំលើដើមឈើនាពេលថ្ងៃរៀបលិចដែលដុះនៅតាមជួរថ្មនោះ ដូច្នេះទើបលោករួមជាមួយសហគមន៍ដាក់ឈ្មោះថារមណីយដ្ឋាន«ទឹកឈូជួរចាប» ។ រមណីដ្ឋាននោះស្ថិតនៅជួរខាងក្រោមនៃរមណីយដ្ឋានបុប្ផាភ្លុក ហើយសម្រាប់ការរៀបចំទីតាំងពីសហគមន៍បានរៀបចំខ្សែកាបដាក់ពីដុងការពារប្រព័ន្ធសុវត្ថិភាព ខណៈភ្ញៀវទៅតំបន់ជួរទឹកជ្រៅ ទីធ្លាចតរថយន្តធំទូលាយ រៀបចំទីកន្លែងទុកដាក់កាកសំណល់ និងរៀបចំបន្ទប់អនាម័យជូនអ្នកទេសចរ ។
ក្រៅពីនោះនៅពេលរាត្រីនឹងរៀបចំប្រគំតន្ត្រីកំដរអារម្មណ៍ និងច្រៀងរាំកម្សាន្ត ។ បច្ចុប្បន្នរមណីយដ្ឋានទឹកឈូជួរចាបសាងសង់បាន២០ភាគរយហើយ ដោយគ្រោងឱ្យរួចរាល់ទទួលភ្ញៀវនៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ៕
ចែករំលែកព័តមាននេះ