ខេត្តព្រះសីហនុ ៖ រឿងរ៉ាវស្នេហារវាងបុរសវ័យចំណាស់២នាក់ ដែលចង់ឃុំគ្រងបេះដូងស្ត្រីម្នាក់ បានឈានរហូតដល់មានការកាប់ប្រហារបណ្តាលឱ្យស្លាប់បាត់បង់ជីវិតក្នុងថ្លុកឈាមម្នាក់ ឯជនដៃដល់បានរត់គេចខ្លួនបាត់ ។ ជុំវិញរឿង សង្ស័យស្រឡាញ់ប្រពន្ធគេមិនបានកាប់ប្តីស្លាប់នៅនឹងកន្លែង
អំពើហិង្សានេះ បានបន្សល់ទុកនូវភាពឯកោពីសំណាក់ក្រុមគ្រួសារបុរសទាំងពីរ ដោយគ្រួសារខាងជនដៃដល់បានបាត់បុរសដែលជាប្តី ជាឪពុក ចំណែកខាងបុរសរងគ្រោះដែលជាបុរសពោះម៉ាយ បានបន្សល់ទុកកូនចំនួន៥នាក់មានប្រុសមានស្រី ឱ្យនៅកំព្រាឯកោគ្មានមេបាទីពឹង ស្របពេលដែលគ្រួសារមួយនេះ ជាគ្រួសារក្រីក្ររកព្រឹកខ្វះល្ងាចថែមទៀត ។
ចំពោះស្ត្រីចំណាស់ដែលជាស្រីកំណាន់ចិត្តរបស់បុរសទាំងពីរនាក់នេះវិញ បានត្រឹមតែមិននិយាយស្តីអ្វីទាក់ទងនឹងហេតុការណ៍ដ៏រន្ធត់ដែលបានកើតឡើងនោះ ។
គួររំឭកថា កាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី១ ខែមីនា មានករណីមនុស្សឃាតមួយបានកើតឡើងនៅភូមិចាំស្រី ឃុំកំពង់សិលា ស្រុកកំពង់សិលា បណ្តាលឱ្យបុរសម្នាក់ឈ្មោះ ភួន វិចិត្រ អាយុ៤៧ឆ្នាំ ស្លាប់ក្នុងថ្លុកឈាមនៅក្បែរផ្ទះស្ត្រីឈ្មោះ ជី គៀង អាយុ៥៣ឆ្នាំ ជាស្ត្រីមេម៉ាយ ដោយសារត្រូវបុរសឈ្មោះ ខេង វ៉ាន់ អាយុ៥៦ឆ្នាំ កាប់ក្បាលជាច្រើនពូថៅ ក្នុងជម្លោះដណ្តើមស្រីស្នេហ៍គ្នា ស្នេហ៍ជាន់លេខរៀងកាប់ប្រហារដណ្តើមធ្វើម្ចាស់បេះដូង។
ទាក់ទិននឹងករណីខាងលើនេះ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុឱ្យដឹងថា មុនពេលកើតជម្លោះនេះ ជនរងគ្រោះដែលជាបុរសពោះម៉ាយកូន៥ផងនោះ ត្រូវបានអ្នកភូមិេស្គាល់ថា ជាប្រុសកំណាន់ចិត្តរបស់ស្ត្រីឈ្មោះ ជី គៀងដែលប្រៀបដូចជាប្តីប្រពន្ធនឹងគ្នាទៅហើយ។ នៅមុនពេលកើតហេតុ ជនរងគ្រោះនិងស្ត្រីជាគូស្នេហ៍ ទើបត្រឡប់មកពីផឹកស្រានៅក្នុងភូមិ លុះពេលមកដល់ផ្ទះក៏ឃើញបុរសឈ្មោះ ខេង វ៉ាន់ នៅអង្គុយក្នុងផ្ទះរបស់ស្ត្រីចំណាស់សំបូរស្នេហ៍រូបនេះរួចជាស្រេច ហើយក៏ចាប់ផ្តើមមានការបោះពាក្យសម្តីគ្នាទៅវិញទៅមក រវាងបុរសទាំង២នាក់ ។
ដោយជម្លោះផ្ទុះចេញពីបេះដូងដ៏ក្តៅគគុកចេះតែរីកធំទៅៗ បុរសឈ្មោះ ខេង វ៉ាន់ បានដើរទៅចំហៀងផ្ទះយកពូថៅដែលគេសង្ស័យថា ជាពូថៅដែលលាក់ទុករួចជាស្រេចនោះ មកកាប់ជនរងគ្រោះរហូតស្លាប់តែម្តង ហើយក៏បានគេចខ្លួនទាំងមិនបានលាស្ត្រីចំណាស់ដែលខ្លួនស្រឡាញ់នោះឡើយ ។
រវាងបុរសទាំង២នាក់ ប្រហែលជាបុរសពោះម៉ាយដែលស្លាប់ គឺជាបុរសដែលបានខ្លួនប្រាណស្ត្រីគូស្នេហ៍មុន ព្រោះអ្នកភូមិក៏ចាត់ទុកថា ពួកគាត់ជាប្តីប្រពន្ធនឹងគ្នាដែរ ព្រោះម្ខាងពោះម៉ាយ ម្ខាងមេម៉ាយ ។ ប៉ុន្តែសម្រាប់បុរសជាជនដៃដល់ ដោយសារតែធ្លាប់បានខ្លួនប្រាណស្ត្រីរូបនេះ ក៏មិនដាច់ចិត្តបោះបង់ចោលដែរ ទោះបីខ្លួនមានប្រពន្ធនៅជ្រងោក្តី ទើបធ្វើឱ្យខ្លួនលង់នឹងជម្រៅស្នេហ៍ត្រីកោណរហូតក្លាយខ្លួនជាឃាតករ ។
ជាមួយនឹងការអាណិតអាសូរកូនៗរបស់បុរសរងគ្រោះទាំងប្រាំនាក់ ដែលបានក្លាយជាក្មេងកំព្រា លោក សំ សាមាន មេបញ្ជាការកងរាជអាវុធហត្ថស្រុកកំពង់សិលា បាននាំយកគ្រឿងឧបភោគបរិភោគ មានអង្ករ ភេសជ្ជៈ ទឹកបរិសុទ្ធ ដែលជាអំណោយរបស់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ទៅផ្ដល់ជូនដល់កូនៗរបស់បុរសរងគ្រោះដែលពេលនេះនៅជាមួយជីដូន ៕
ចែករំលែកព័តមាននេះ