ខេត្តព្រះសីហនុ ៖ បុរសម្នាក់ស្លាប់ក្នុងថ្លុកឈាម ដោយមានស្នាមរបួសកាប់នឹងពូថៅជាច្រើនកន្លែងមិនមែនកាប់ឱ្យរាងទេ គឺកាប់សម្លាប់តែម្ដង ។ ការស្លាប់នេះ ត្រុវបានប្រភពរាយការណ៍ឱ្យដឹងថា គឺបណ្ដាលមកពីមានទំនាស់ជាមួយភាគីម្ខាងទៀត ពីបញ្ហាស្នេហាត្រីកោណ ដណ្ដើមបេះដូងស្ដ្រីម្នាក់ធ្វើជាកម្មសិទ្ធិផ្ដាច់មុខរបស់ខ្លួន ។ ទីបំផុតស្នេហាជាន់លេខរៀងនេះម្នាក់ស្លាប់ ម្នាក់ក្លាយជាអ្នកទោសរត់គេចខ្លួនបាត់ចោលប្រពន្ធកូន និងផ្ទះសម្បែង។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១ មីនា វេលាម៉ោង៨និង១០នាទីយប់នៅចំណុចក្នុងភូមិចាំស្រី ឃុំកំពង់សិលា ស្រុកកំពង់សិលា ។ តាមប្រភពពីកន្លែងកើត ហេតុបានរាយការណ៍ឱ្យដឹងថា ករណីមនុស្សឃាតនេះត្រូវបានគេដឹងថា បង្កឡើងដោយបុរសម្នាក់ឈ្មោះ ខេន វ៉ាន់ អាយុ៦៥ឆ្នាំ មានទីលំនៅភូមិថ្មី ជាភូមិជាប់គ្នានឹងភូមិចាំស្រីជាកន្លែងកើតហេតុ ឃុំកំពង់សិលា ស្រុកកំពង់សិលា បានប្រើពូថៅកាប់ទៅលើឈ្មោះ ភួន វិចិត្រ ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅភូមិព្រៃប្រសិទ្ធ ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ គឺកាប់ចំក្បាលចំនួន៥កន្លែង និងស្មា១កន្លែងបណ្ដាលឱ្យ ភួន វិចិត្រ ស្លាប់ក្នុងថ្លុកឈាម ។ រីឯជនជនដៃដល់ក្រោយកាប់ប្រហារហើយ បានឡើងជិះម៉ូតូរបស់ខ្លួនសំដៅទៅផ្ទះ ហើយបានដូរដីរត់គេចខ្លួនបាត់ស្រមោលតែម្ដង ។
តាមប្រភពបានឱ្យដឹងថា ក្នុងករណីមនុស្សឃាតកាប់ប្រហារគូបដិបក្សរហូតដល់ស្លាប់បាត់បង់ជីវិតនេះ គឺកើតឡើងពីទំនាស់រឿងស្នេហារវាងបុរស២នាក់ ស្រឡាញ់ស្ដ្រីម្នាក់ ឈ្មោះ ជី គៀង អាយុ៥៣ឆ្នាំ ជាស្ត្រីមេម៉ាយ មានទីលំនៅចំណុចកើតហេតុខាងលើ ។ ចំពោះទំនាស់រវាងជនដៃដល់ និងជនរងគ្រោះដណ្តើមបេះដូងស្ត្រីម្នាក់នេះ ត្រូវបានប្រភពឱ្យដឹងថា គេមិនបានដឹងពីទំនាក់ទំនងស្នេហាត្រីកោណរវាងអ្នកទាំង៣ ដែលមានវ័យចំណាស់ទៅហើយនោះ កើតឡើងតាំងពីពេលណា ឬដោយរបៀបណានោះទេ ទើបស្ត្រីចំណាស់ត្រូវបុរសទាំង២តាមស្រលាញ់ ខណៈដែលខ្លួនមានប្រពន្ធកូនទៅហើយនោះ ។ ទោះជាបែបណា គេបានដឹងថា បុរសទាំងពីរបានទទួលខ្លួនស្ត្រីរូបនេះរៀងៗខ្លួន ដោយសារស្ត្រីមេមា៉យចំណាស់នេះគាត់នៅផ្ទះតែម្នាក់ឯង ហើយដាច់ឆ្ងាយពីគេ ។ ចំណែកកូនចៅចេញទៅរកស៊ីនៅស្រុកឆ្ងាយអស់ហើយ ។
ចំពោះការកាប់ប្រហារដល់ស្លាប់នេះ គឺអាចបណ្តាលមកពីជនដៃដល់ចង់យកស្ត្រីរូបនេះមកកាន់កាប់ផ្ទាល់ខ្លួន ដោយមិនចង់ឱ្យបុរសម្នាក់មកជ្រៀតជ្រែក ប៉ះពាល់ខ្លួន ប្រាណស្ត្រីសំណព្វចិត្តរបស់ខ្លួនតែម្នាក់ឯង ទើបឈានដល់សម្លាប់ចោលកុំឱ្យទើសមុខទើសមាត់តទៅថ្ងៃមុខទៀត។ ប្រភពបានបន្តទៀតថា ស្ត្រីដែលបុរសទាំងពីរនាក់នេបនិត្យ ចង់ទាញយកមកអង្គៀមផ្តាច់មុខ គឺជាស្ត្រីមានសតិមិនសូវល្អទេ ។ គេមិនបានដឹងថា រវាងបុរសទាំងពីរនាក់នេះ តើនរណាបានខ្លួនប្រាណស្ត្រីរូបនេះមុននោះឡើយ ។ ប៉ុន្តែបើតាមសាច់រឿងដែលបុរសចំណាស់អាយុ៦៥ឆ្នាំ ក្លាយខ្លួនជាឃាតករសម្លាប់មនុស្សមិនញញើតដៃ អាងយ៉ាងរារាំងទុកសម្រាប់តែខ្លួនឯងម្នាក់នេះ ទំនងជាគាត់បានរួមសុខជាមួយស្ត្រីរូបនេះមុន ។ ចំណែកបុរសដែលស្លាប់ទំនងជាអ្នកចូលមកចែចូវតាមក្រោយ (ហ៊ានលូកថ្លើមអញ) ទើបគាត់មានកំហឹងបែបនេះ ។
ជាការពិត ស្ត្រីទេពអប្សររបស់គាត់ ទោះបីមិនស្រស់ស្អាតសម្រាប់ភ្នែកនរណាម្នាក់ក្តី តែសម្រាប់បុរសទាំង២ គឺជាស្រីស្រស់ មិនខុសពីឃ្លានឆ្ងាញ់ស្រឡាញ់ល្អឡើយ ៕
ចែករំលែកព័តមាននេះ