ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ៖ ទោះមាន​យន្តការ​ច្រើន​ជួយដល់កុមារ​​ ​តែនៅ​មាន​កុមារ​ខ្លះ​កំពុង​រស់នៅ​ក្នុងស្ថានភាព​លំបាក

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ​មាន​ប្រសាសន៍​ថា​ ​ទោះបី​មានការ​យកចិត្តទុកដាក់​ពី​រាជរដ្ឋាភិបាល ដោយ​បាន​បង្កើត​នូវ​យន្តការ​ជា​ច្រើន​ក្នុង​ការ​គ្រប់គ្រង…

រាជធានី​ភ្នំពេញ​៖ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ​មាន​ប្រសាសន៍​ថា​ ​ទោះបី​មានការ​យកចិត្តទុកដាក់​ពី​រាជរដ្ឋាភិបាល ដោយ​បាន​បង្កើត​នូវ​យន្តការ​ជា​ច្រើន​ក្នុង​ការ​គ្រប់គ្រង និង​ផ្តល់​សេវា​ដល់​មុខសញ្ញា​កុមារ​ទូទៅ និង​កុមារ​រង​គ្រោះ​យ៉ាងណា​ក៏​ដោយ ក៏​នៅ​មាន​កុមារ​មួយ ចំនួន​កំពុង​រស់នៅ​ក្នុង ស្ថានភាព​លំបាក​រង​គ្រោះ ដែល​ត្រូវការ​ការ​គាំទ្រ និង​អន្តរាគមន៍​ជា​ចាំបាច់​។

ឯកឧត្តម វង សូត បានថ្លែងបែបនេះ នៅក្នុងកម្មវិធី​សម្ពោធ​ជា​ផ្លូវការ​នូវ «ផែនការ​អនុវត្ត​គោលនយោបាយ​ជាតិ​ស្តី​ពី​ប្រព័ន្ធ​កិច្ច​ការពារ​កុមារ ឆ្នាំ​២០១៩-២០២៩» តាម​រយៈ​កម្មវិធី​អន​ឡាញ ZOOM នៅ​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២១ រៀបចំឡើងដោយក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ (​ក​.​ជ​.​ក​) សហការ​ជាមួយ​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា អង្គការ​សកម្មភាព​ដើម្បី​កុមារ ឆាល​ហ្វា​ន​កម្ពុជា អង្គភាព​ការពារ​កុមារ និង​ដៃគូ​នឹង​រៀបចំ

ឯកឧត្តម វង សូត បានបន្ថែមថា «យើង​ត្រូវ​តែ​ពង្រឹង​យន្តការ​អនុវត្ត​ប្រព័ន្ធ​កិច្ច​ការពារ​កុមារ និង​កសាង​សមត្ថភាព​ធនធានមនុស្ស និង​ហិរញ្ញវត្ថុ​សម្រាប់​អនុវត្ត​ផែនការ​សកម្មភាព ដើម្បី​ទប់ស្កាត់ និង​ឆ្លើយ​តប​ចំពោះ​អំពើ​ហិង្សា​លើ​កុមារ ឱ្យ​មាន​ប្រសិទ្ធភាព​ស្រប​តាម​ស្ថានភាព​ជាក់ស្តែង​នៅឡើយ​។ ម្យ៉ាងវិញទៀត បច្ចុប្បន្ន​ការ​អន្តរាគមន៍​ចំពោះ​កុមារ​រង​គ្រោះ​របស់​យើង នៅ​ដាច់​ដោយឡែក ដោយ​ដុំ មិន​ទាន់​មាន​ក្របខ័ណ្ឌ​ការងារ និង​ប្រព័ន្ធ​គ្រប់គ្រង​ច្បាស់លាស់​នៅឡើយ​។ ដូច្នេះ គោលនយោបាយ​ជាតិ​ស្តី​ពី​ប្រព័ន្ធ​កិច្ច ការពារ​កុមារ​នេះ មាន​សារៈសំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​ជួយ​ដោះស្រាយ បញ្ហា​កុមារ​ឱ្យ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​» ។

គោលនយោបាយ​ជាតិ​ស្តី​ពី​ប្រព័ន្ធ​កិច្ច​ការពារ​កុមារ​ត្រូវ​បាន​ចុះហត្ថលេខា​ដាក់​ឲ្យ​ប្រើប្រាស់​ដោយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធានកិត្តិយស​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ នៅ​ថ្ងៃ​ទី​២៩ ខែឧសភា​ឆ្នាំ ២០២០​។ ដើម្បី​ជំរុញ​ការ​អនុវត្ត​គោលនយោបាយ​ជាតិ​ស្ដី​ពី​ប្រព័ន្ធ​កិច្ច​ការពារ​កុមារ​នេះ ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ​បាន​រៀបចំ «​ផែនការ​អនុវត្ត​គោលនយោបាយ​ជាតិ​ស្តី​ពី​ប្រព័ន្ធ​កិច្ច​ការពារ​កុមារ ឆ្នាំ​២០១៩-២០២៩» ក្នុង​គោលបំណង​ដើម្បី​ជំរុញ​ឲ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​អនុវត្ត​ផែនការ​នេះ​ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​។

ការ​រក​ឃើញ​ពី​ការ​ស្ទង់​មតិ​អំពើ​ហិង្សា​លើ​កុមារ​នៅ​កម្ពុជា​ពី​ក្រសួង​កិច្ចការ​នារី​ក្នុង​ឆ្នាំ​២០១៤ បាន​បង្ហាញ​ថា ស្ត្រី និង​បុរស​ប្រហែល ៦​នាក់​ក្នុង​ចំណោម ១០​នាក់​នៅ​គ្រប់​វ័យ​បាន​ជួប​ប្រទះ​យ៉ាង​ហោច​ណាស់​នូវ​ទម្រង់​នៃ​អំពើ​ហិង្សា​រាង​កាយ​អារម្មណ៍ និង ឬ​ផ្លូវភេទ​ក្នុង​កំឡុង​កុមារភាព​របស់​ពួក​គេ​។ ជិត​មួយ​ភាគ​បួន​នៃ​ស្ត្រី និង​បុរស​ដែល​មាន​អាយុ​ពី ១៣ ទៅ ១៧​ឆ្នាំ​ត្រូវ​បាន​រាយការណ៍​ថា​បាន​ជួប​ប្រទះ​អំពើ​ហិង្សា​ច្រើន​ទម្រង់​។ ស្ត្រី​ម្នាក់​ក្នុង​ចំណោម ៥ នាក់ (២០%) និង​បុរស ២៥% បាន​រាយការណ៍​ពី​ការ​រំលោភ​បំពាន​ផ្លូវចិត្ត​ដោយ​ឪពុក​ម្តាយ ឬ​មនុស្ស​ពេញវ័យ​មុន​អាយុ ១៨​ឆ្នាំ​។

គោលនយោបាយ​ជាតិ​ស្តី​ពី​ប្រព័ន្ធ​កិច្ច​ការពារ​កុមារ គឺជា​យុទ្ធសាស្ត្រ​បង្ហាញ​អំពី​ការ​ប្តេជ្ញា​ចិត្ត​ខិតខំ​ជាក់ស្តែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ទៅ​លើ​ការ​អនុវត្ត​កិច្ច​ការពារ​កុមារ​ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​កម្ពុជា និង​ជា​បណ្តុំ​នៃ​វិធាន​បង្កើត​ឡើង​ក្នុង​គោលបំណង​ជំរុញ និង​លើកកម្ពស់​ការ​ការពារ​កុមារ​ពី​ការ​រំលោភ​បំពាន និង​ការ​កេងប្រវ័ញ្ច​គ្រប់​រូបភាព ដោយ​ផ្អែក​លើ​សសរស្តម្ភ​៣ គឺ (១)​ការ​បង្ការ​ទប់ស្កាត់ (២)​ការ​អន្តរា​គម (៣)​ការ​ផ្តល់​សេវា​និង​ការ​ឆ្លើយ​តប ដែល​យើង​ត្រូវ​បំពេញ​ជា​លក្ខណៈ​ប្រព័ន្ធ​មួយ​។

លោក​ជំទាវ​ក​ត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន​ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​ថ្លែង​ថា​ «​ការ​លើកកម្ពស់​សិទ្ធិ​កុមារ និង​កិច្ច​ការពារ កុមារ ជា​ការងារ​របស់​យើង​ទាំងអស់​គ្នា ដែល​តម្រូវ​ឱ្យ​យើង​រួបរួម​គ្នា​បំពេញការងារ​ជា​ពហុ​វិស័យ​ប្រទាក់ក្រឡា​គ្នា​។ លើស​ពី​នេះ​ទៀត កិច្ច​ការពារ​កុមារ ក៏​ត្រូវ​បាន ពិភពលោក​កំពុង​តែ​យកចិត្តទុកដាក់ និង​រួម​គ្នា ដើម្បី​បង្ការ ទប់ស្កាត់ និង​ឆ្លើយ​តប​ការ​រំលោភ​បំពាន​គ្រប់​ទម្រង់​ផង​ដែរ ហើយ​កម្ពុជា ជា​ប្រទេស​ដែល​កំពុង​បោះ​ជំហាន​ទៅ​មុខ ក្នុង​ការ​ចួ​ល​រួម​លើ​កិច្ច​ការងារ​នេះ យ៉ាង​សកម្ម សំដៅ​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​ការ​លើកកម្ពស់​កិច្ច​ការពារ​កុមារ ដើម្បី​ជា​ឧត្តម​ប្រយោជន៍​របស់​កុមារ​គ្រប់​រូប​»​។

ប្រព័ន្ធ​ការពារ​កុមារ​គឺជា​ការ​ប្តេជ្ញា​ចិត្ត​ជាក់ស្ដែង​មួយ​ចំពោះ​ការ​អនុវត្ត​ការ​ការពារ​កុមារ​ជា​ប្រព័ន្ធ​នៅ​កម្ពុជា​រួម​មាន​៖
១ – ​ភាព​ចាំបាច់​ក្នុង​ការ​ការ​វិនិយោគ​បន្ថែម​លើ​មន្ត្រី​សង្គម ឬ​បុគ្គលិក​សង្គមកិច្ច​នៅ​ថ្នាក់​ក្រោម​ជាតិ​ដើម្បី​លើក​ ​កម្ពស់​សេវា​គាំពារ​កុមារ​ប្រកបដោយ​ប្រសិទ្ធភាព ប្រសិទ្ធ​ផល សង្គតិភាព និង​ទាន់​ពេលវេលា​សម្រាប់​កុមារ និង​ ​គ្រួសារ​នៅ​ក្នុង​សហគមន៍​។
២ – ​ការ​បន្ត​ធានា​ថា​កុមារ​អាច​ទទួល​បាន​សេវា​ផ្លូវច្បាប់ និង​សមធម៌​សង្គម តាម​រយៈ​ការ​ផ្តល់​នូវ​កញ្ចប់ អប្បបរមា​នៃ​ ​សេវា​សង្គមកិច្ច​សម្រាប់​កុមារ និង​គ្រួសារ​ដែល​ត្រូវការ​កិច្ច​ការពារ​។
៣ – ​ការ​ឆ្លើយ​តប​ទៅ​នឹង​កុមារ និង​គ្រួសារ​របស់​ពួក​គេ​ដែល​រង​ផល​ប៉ះពាល់​ដោយ​គ្រោះ​មហន្តរាយ​។
៤ – ​ការ​បន្ត​ប្រមូលផ្តុំ ពង្រឹង និង​ពង្រីក​កម្មវិធី​ដែល​មាន​ស្រាប់​សម្រាប់​កិច្ច​ការពារ​កុមារ សំដៅ​បង្កើន​ប្រសិទ្ធភាព ​តម្លាភាព និង​ស្ថិរភាព​ឱ្យ​បាន​ទូលំទូលាយ​។
៥ – ​ការ​ធានា​ឱ្យ​បាន​នូវ​ស​ង្គិ​ត​ភាព​នៃ​នីតិវិធី វិធានការ និង​យន្តការ​ដែល​មាន​ស្រាប់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​កុមារ​ ​ដើម្បី​បំពេញតម្រូវការ និង​ធានា​ការពារ​កុមារ ប្រកប​បរិយាកាស​គ្រួសារ ក្តី​ស្រឡាញ់ ការ​យកចិត្ត​ទុក​មាន​ ​លក្ខណ​កុមារ​មេត្រី និង​ធានា​នូវ​ឧត្តម​ប្រយោជន៍ របស់​កុមារ​។

នាយិកា​ប្រចាំ​ប្រទេស​នៃ​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា អ្នកស្រី គ្វី​ន​នេ​ត វ៉ង បាន​លើក​ឡើង​ថា​៖ “​ផែនការ​អនុវត្ត​គោលនយោបាយ​ជាតិ​ស្តី​ពី​ប្រព័ន្ធ​កិច្ច​ការពារ​កុមារ​គឺជា​សម​ទ្ធិ​ផល​ដ៏​អស្ចារ្យ​មួយទៀត​ដើម្បី​លើកកម្ពស់​កិច្ច​ការពារ​កុមារ​នៅ​កម្ពុជា​។ នេះ​គឺជា​ការ​ប្តេជ្ញា​ចិត្ត​ជាក់លាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លើ​ការ​ពង្រឹង​ការ​អនុវត្ត​កិច្ច​ការពារ​កុមារ​ជា​ប្រព័ន្ធ​នៅ​កម្ពុជា​។ វិធីសាស្ត្រ​ជា​ប្រព័ន្ធ​ស្តី​ពី​ការ​អនុវត្ត​កិច្ច​ការពារ​កុមារ​ទាមទារ​ឱ្យ​យើង​ម្នាក់​ៗ​ធ្វើការ​រួម​គ្នា និង​ធានា​ឲ្យ​បាន​នូវ​កិច្ច​ការពារ​កុមារ និង​សំលេង​របស់​ពួក​គេ ជា​ពិសេស​ក្មេង​ស្រី​ដែល​ជា​បេះដូង​នៃ​ការងារ​របស់​យើង​”​។

លោកស្រី​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​៖ “​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា ហើយ​ខ្ញុំ​ជឿជាក់​ថា​ដៃគូ​អភិវឌ្ឍន៍​ជា​ច្រើន​ទៀត​បាន​ត្រៀមខ្លួន​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​ធ្វើ​ឱ្យ​ផែនការ​សកម្មភាព​ជាតិ​រយៈពេល ១០ ឆ្នាំ​ខាង​មុខ​នេះ​ទទួល​បាន​ជោគជ័យ​សម្រាប់​កុមារ​រាប់​លាន​នាក់ ជា​ពិសេស​កុមារី នៅ​កម្ពុជា​”​។

ពិធី​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ “​ផែនការ​អនុវត្ត​គោលនយោបាយ​ជាតិ​ស្តី​ពី​ប្រព័ន្ធ​កិច្ច​ការពារ​កុមារ​” នឹង​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ ឯកឧត្តម លោក​ជំទាវ រដ្ឋមន្ត្រី ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា អនុប្រធាន សមាជិក​សមាជិកា​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ អភិបាល នៃ​គណៈ​អភិបាល រាជធានី ខេត្ត តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​ក្នុង​ជាតិ​និង​អន្តរជាតិ និង​តំណាង​អង្គការ​ដៃគូ​អភិវឌ្ឍន៍​ពាក់ព័ន្ធ ៕

អត្ថបទសរសេរ ដោយ