ខេត្តសៀមរាប ៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនឹត បានអះអាងកាលពីព្រឹកថ្ងៃទី០១ មីនា ២០១៦ នេះថា ពួកខ្លួនកំពុងប្រឹងប្រែងអនុវត្តបទបញ្ជាយ៉ាងតឹងរឹងរបស់លោកអភិបាលខេត្ត ក្នុងការតាមប្រមាញ់វែកមុខថៅកែ និងអ្នកនៅពីក្រោយខ្នងកាស៊ីណូអត់ច្បាប់មួយកន្លែង នៅក្នុងបុរីប្រឹមប្រិយកណ្តាលបេះដូង ក្រុងទេសចរណ៍សៀមរាប-អង្គរ ដែលត្រូវដួលរលំរលាយ ដោយការបង្ក្រាបយ៉ាងជោគជ័យ កាលពីល្ងាចថ្ងៃទី២៨ កុម្ភៈ ២០១៦ កន្លងទៅថ្មីៗ ។ បង្ក្រាបកាស៊ីណូអត់ច្បាប់ នៅកណ្តាលក្រុងទេសចរណ៍
ការថ្លែងយ៉ាងដូច្នេះ ធ្វើឡើងខណៈមានការត្រៀមបញ្ជូនជនជាប់សង្ស័យស្រី-ប្រុសចំនួន១០នាក់ ក្នុងចំណោម១៤នាក់ ដែលត្រូវកម្លាំងកងរាជអាវុធហត្ថក្រសោប បាននៅក្នុងប្រតិបត្តិការបង្គ្រាបទីតាំងកាស៊ីណូលាក់បំពួនខាងលើ ទៅកាន់អង្គភាពស្ថាប័នអយ្យការ ដើម្បីចំណាត់ការទៅតាមផ្លូវច្បាប់ ។
លោកមេបញ្ជាការបានថ្លែងបែបនេះថា «ចំពោះសំណុំរឿងបង្ក្រាបទីតាំងកាស៊ីណូហ្នឹង លោកអភិបាលខេត្ត លោកបានដុតដៃដុតជើងណាស់ ហើយបានដាក់បទបញ្ជាឲ្យតាមវែកមុខថៅកែ រួមទាំងអ្នកនៅពីក្រោយអំពើល្មើសច្បាប់នោះឱ្យឃើញ ដើម្បីប្រគល់ទៅឱ្យច្បាប់ចាត់ការ » ។
លោកបានអះអាងបន្ថែមថា នៅក្នុងប្រតិបត្តិការបង្ក្រាបនេះ កម្លាំងរបស់លោកបានចាប់ឃាត់ខ្លួនជនសង្ស័យស្រី-ប្រុសចំនួន១០ នាក់ ក៏ប៉ុន្តែក្នុងចំណោមជនទាំងនោះ ពុំមានចម្លើយសារភាពថា ខ្លួនជាថៅកែទីតាំងនោះទេ គឺក្រៅពីសារភាពថា ជាអ្នកគ្រប់គ្រងតាមផ្នែកអ្នកចែកបៀរ អ្នកអនាម័យ និងអ្នកការពារតែប៉ុណ្ណោះ ។ រីឯថៅកែ និងអ្នកនៅពីក្រោយខ្នងអាជីវកម្មខុសច្បាប់ហ្នឹង នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ។
យ៉ាងនេះក្តី ក្រុមអ្នកមានបទពិសោធន៍ខាងស៊ើបអង្កេតស៊ីវិលបានផ្តល់ជាទស្សនៈទាន ដើម្បីជាតម្រុយនៃការវែកមុខអ្នកទទួលខុសត្រូវកំពូលនៃរបរល្មើសច្បាប់នោះយ៉ាងដូច្នេះ «ករណីនេះ ការវែកមុខថៅកាស៊ីណូនោះ វាមិនមែនអ្វីពិបាកពេកទេ ខណៈការដឹងថាកាស៊ីណូនោះ ជ្រោកក្រោមស្លាកភោជនីយដ្ឋានមួយ ដែលមានយីហោ (សាន់ ស៊ាំង) ។ ដូច្នេះ គេសនិដ្ឋានថា ឈ្មោះថៅកែអាចមានបន្សល់នៅលើឯកសារ ស្នើសុំបើកទីតាំង ឬកិច្ចសន្យាជួលទៅតាំង ក៏ថាបាន ។
ចែករំលែកព័តមាននេះ