ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ផ្តល់​វ៉ាក់សាំង ស៊ី​ណូ​វ៉ា​ក់ ២០​ម៉ឺន​ដូ​ស ​ជូន​ដល់​រដ្ឋាភិបាល​ឡាវ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​-​ទីក្រុង​វៀងចន្ទន៍ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២១​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ផ្តល់​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​ចំនួន​២០​ម៉ឺន​ដូ​ស ជូន​ដល់​រដ្ឋាភិបាល​ឡាវ ដើម្បី​បង្ការ​ជម្ងឺ​កូ​វី​ដ​១៩ ។…

រាជធានី​ភ្នំពេញ​-​ទីក្រុង​វៀងចន្ទន៍ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២១​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ផ្តល់​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​ចំនួន​២០​ម៉ឺន​ដូ​ស ជូន​ដល់​រដ្ឋាភិបាល​ឡាវ ដើម្បី​បង្ការ​ជម្ងឺ​កូ​វី​ដ​១៩ ។

ពី​ធី​ប្រគល់​-​ទទួល​វ៉ាក់សាំង​នេះ​បាន​ធ្វើ​ឡើង​នៅ​ច្រកព្រំដែន​អន្តរជាតិ​ត្រពាំង​ក្រៀល ក្នុង​ខេត្តស្ទឹងត្រែង ជាប់​ព្រំដែន​ខេត្ត​ចម្ប៉ា​ស័ក របស់​ឡាវ ដោយ​មានការ​ចូលរួម​ដោយ ឯកឧត្តម អ៊ុ​ច បូ​រឹទ្ធ រដ្ឋលេខាធិការ​ប្រចាំការ ក្រសួងការបរទេស តំណាង​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​បាន​ប្រគល់​ជូន ឯកឧត្តម​បណ្ឌិត ប៊ុ​ន​ហ្វេ​ង ភូមិ​ម៉ា​ឡៃ​ស៊ិ​ត (Bounfeng Phommalaysith) រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ជា​អនុប្រធាន​គណ​:​កម្ម​ការ ការពារ​គ្រប់គ្រង​ទប់ស្កាត់​ការ​រីក​រាលដាល នៃ​ជំងឺ​កូ​វី​ដ​១៩ នៃ​ប្រទេស​ឡាវ ។

ការ​ផ្ដល់​វ៉ាក់សាំង​របស់​កម្ពុជា ជូន​រដ្ឋាភិបាល​ឡាវ នៅ​ពេល​នេះ គឺជា​ការ​បង្ហាញ​នូវ​ការ​យកចិត្តទុកដាក់​ដ៏​ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ចំពោះ​សុខមាលភាព ប្រជាពលរដ្ឋ នៃ​ប្រទេស​ទាំង​ពីរ ដែល​រស់នៅ​ជាប់​ព្រំដែន​ជាមួយ​គ្នា ។

ការ​ផ្ដល់​វ៉ាក់សាំង​ជូន​រដ្ឋាភិបាល​ឡាវ នៅ​ពេល​នេះ នឹង​សំដៅ​ការ​លើកកម្ពស់​ផ្នែក​សុខមាលភាព កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​សម្រាប់​ប្រជាជន​ឡាវ ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​នាម​ជា​ប្រទេស​ជិតខាង​ភូមិ​ផង​របង​ជាមួយ​គ្នា ។

កាលពី​ពេល​កន្លង​ទៅ ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​បរិច្ចាគ​បរិក្ខា​ការពារ​ជំងឺ​កូ​វី​ដ​-១៩ ជូន​ប្រទេស​មួយ​ចំនួន​ផង​ដែរ តាម​លទ្ធភាព​ជាក់ស្ដែង ដូច​ជា ប្រទេស​មី​យ៉ា​ន់​ម៉ា ទី​ម័​រ​ខាងកើត ឡាវ វៀតណាម និង​ប្រទេស​នេ​ប៉ា​ល់​ជាដើម ៕