កូឡេស្តេរ៉ូលគឺជាប្រភេទខ្លាញ់ពិសេសម្យ៉ាងស្ថិតនៅក្នុងឈាមរបស់មនុស្សគ្រប់រូប ។ វាជាផ្នែកមួយយា៉ងសំខាន់ជួយដល់ការបំពេញមុខងារច្រើនយ៉ាងរបស់រាងកាយ ប៉ុន្តែមនុស្សភាគច្រើនក្នុងសម័យបច្ចុប្បន្នផ្ទុកខ្លាញ់នេះច្រើនលើសកម្រិត ។ គេត្រូវដឹងថា កម្រិតខ្លាញ់កូឡេស្តេរ៉ូលខ្ពស់ជាកត្តាចម្បងនៃការកើតជំងឺបេះដូង។ ទោះជាយ៉ាងនេះក្តី ដំណឹងល្អគឺថា គេអាចបញ្ចុះខ្លាញ់នេះបានក្នុងរយៈពេលត្រឹម៣ខែដោយគ្រាន់តែដាក់បញ្ចូលអាហារមួយចំនួនក្នុងរបបអាហារប្រចាំថ្ងៃ ។
១-បណ្តាអាហារទទួលទានបានភ្លាមៗ ៖ អាហារទាំងនេះមានដូចជា យ៉ាអួ Flora pro-activ និង Benecol ក៏ដូចជាផលិតផលដទៃទៀតដែលមានផ្ទុក Stanols & Sterols។ បណ្តាម៉ូលេគុលសរីរាង្គដែលកើតពីធម្មជាតិទាំងនេះបានរាំងខ្ទប់ការស្រូបយកកូឡេស្តេរ៉ូលក្នុងរបបអាហារ ដែលបន្ទាប់មកត្រូវបញ្ចេញចោលពីរាងកាយតាមរយៈកាកសំណល់ផ្សេងៗ ។
ការសិក្សាស្រាវជ្រាវមួយចំនួនបានរកឃើញថា Sterols របស់រុក្ខជាតិអាចបញ្ចុះខ្លាញ់កូឡេស្តេរ៉ូលបានពី៧%-១០%អំឡុងពេល៣សប្តាហ៍ ។ ចូរទទួលទានត្រឹម២ក្រាមសម្រាប់មួយមុខអំឡុងពេលបរិភោគអាហារ៣ពេល ។
២-ពពួកអាហារសម្បូរដោយសារធាតុសរសៃ ៖ អាហារប្រភេទនេះតួយ៉ាងដូចជា សណ្តែក(ធ្វើនំនិងប្រើជាបន្លែ)ក៏ដូចជាបណ្តាគ្រាប់ធញ្ញជាតិផ្សេងទៀតមិនអាចនឹងត្រូវបានរំលាយដោយងាយស្រួលពីពោះវៀននោះទេ។ សារធាតុសរសៃក្នុងអាហារទាំងនេះបានចងរឹតកូឡេស្តេរ៉ូល រួចបញ្ចេញទៅក្រៅតាមរយៈលាមក។ ដោយឡែកនំប៉័ងដែលសម្បូរដោយសារធាតុសរសៃ(នំប៉័ងខ្មៅ)និងបន្លែ-ផ្លែឈើក៏ជាផ្នែកមួយដែលគេគួរដាក់បញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃផងដែរ ។
របកគំហើញវិទ្យាសាស្ត្រមួយចំនួនបង្ហាញថា ការទទួលទានបណ្តាអាហារសម្បូរដោយសារធាតុសរសៃជួយទប់ស្កាត់ការឡើងទម្ងន់ និងជំងឺបេះដូង ។ ចំពោះកម្រិតទទួលទានគឺ១៨ក្រាមក្នុងមួយថ្ងៃ(នំប៉័ងខ្មៅ=១ចំណិតស្តើង សណ្តែក=២ស្លាបព្រាកាហ្វេ) ។
៣-អាហាររុក្ខជាតិមានជាតិប្រេង ៖ គ្រាប់អាល់ម៉ុន វ៉លណាត់ និងសណ្តែកដីជាជម្រើសល្អជួយបញ្ចុះកូឡេស្តេរ៉ូល ។ ប៉ុន្តែ សូមជៀសវាងការដាក់អំបិលច្រើន ជាពិសេសប្រសិនជាអ្នកមានបញ្ហាលើសឈាម ។ ចូរទទួលទានអាហារទាំងនេះរវាងពី២៥ក្រាមទភ៥០ក្រាមក្នុងមួយថ្ងៃ ។
៤-ប្រេងអូលីវនិងប្រេង Rapeseed ៖ ចូរប្រើប្រាស់២ស្លាបព្រាកាហ្វេក្នុងមួយថ្ងៃពេលចម្អិនអាហារ ។ ការសិក្សាមួយកាលឆ្នាំ២០០២រកឃើញថា ប្រើប្រេងខាងដើមប្រភេទណាមួយក្នុងចំនួនដូចបានកំណត់នេះរាល់ថ្ងៃរយៈពេល៦សប្តាហ៍អាចបន្ថយកូឡេស្តេរ៉ូលសរុបបាន៨ភាគរយ ។
៥-ស្រូវសាឡីអាវ័ន ៖ ស្រូវសាឡីប្រភេទនេះផ្ទុកទៅដោយសមាសធាតុឈ្មោះ beta glucans ។ អំឡុងការរំលាយអាហារ សមាសធាតុនេះបង្កើតជាជាតិអន្ធិល(ជែល)ហើយបានចងរឹតកូឡេស្តេរ៉ូលនៅក្នុងពោះវៀនទប់មិនឱ្យរាងកាយស្រូបយកបាន ។ បន្ទាប់មក ទាំងជាតិអន្ធិលទាំងកូឡេស្តេរ៉ូលត្រូវបានបញ្ចេញចោលក្នុងនាមជាលាមក។
ឯកម្រិតនៃការប្រើប្រាស់គឺ៣ក្រាមក្នុងមួយថ្ងៃ ។ ចំនួននេះស្មើនឹងបបរមួយចានគោមខ្នាតតូច នំប៉័ងធ្វើពីស្រូវសាឡីអាវ័ន២ចំណិត ឬនំ Cakeធ្វើពីស្រូវសាឡីអាវ័ន៣ដុំ ៕
ចែករំលែកព័តមាននេះ