ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈដែលចូលព្រៃរកកាប់ឈើយកមកធ្វើផ្ទះ ចៃដន្យក៍ជាន់ចំគ្រាប់មីនដែលកប់ក្នុងដីកាលពីសម័យសង្គ្រាមបណ្ដាលឲ្យផ្ទុះ កាលពីវេលាម៉ោង២និង១៥នាទីរសៀលថ្ងៃទី២៨ កុម្ភៈ ២០១៦ ស្ថិតនៅក្នុងភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ។
លោកអនុសេនីយ៍ឯក ចាន់ សុខា មេបញ្ជាការកងរាជអាវុធហត្ថស្រុកភ្នំក្រវាញ បានប្រាប់កោះសន្តិភាពឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជា ហេង អាយុ៥៨ឆ្នាំ ជាកសិកររស់នៅភូមិឃុំកើតហេតុខាងលើ នៅថ្ងៃកើតហេតុ ជនរងគ្រោះបានចេញដំណើរចូលព្រៃដើម្បីរកកាប់ឈើមកសង់លំនៅឋានដែលនៅឆ្ងាយពីផ្ទះប្រហែល១០គីឡូម៉ែត្រ។ ពេលកំពុងដើរប្រមើលមើលដើមឈើនោះ ស្រាប់តែចៃដន្យជាន់ចំគ្រាប់មីនបណ្ដាលឲ្យផ្ទុះឡើងកក្រើកដីស្លាប់ភ្លាមៗមួយរំពេច ។ ក្រោយកើតហេតុ សពជនរងគ្រោះ ត្រូវបានអ្នកស្រុកដែលទៅជាមួយគ្នាដឹកយកមកប្រគល់ឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ។
លោក ចាន់ សុខា បានបញ្ជាក់ឲ្យដឹងថា គ្រាប់មីនដែលបង្កឱ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋខាងលើនេះ ជាមីនដែលកប់ក្នុងដីកាលពីសម័យសង្គ្រាមក្នុងអំឡុងទសវត្សឆ្នាំ៨០និង៩០ ដែលនៅតំបន់នោះជាសមរភូមិប្រយុទ្ធគ្នារវាងកងទ័ពខ្មែរក្រហមជាមួយកងទ័ពរដ្ឋកម្ពុជា ។ លោកឲ្យដឹងដែរថា នៅតំបន់ស្រុកភ្នំក្រវាញប៉ែកខាងឃុំរកាត និងឃុំសន្ទ្រែនោះ សម្បូរគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះកប់ក្នុងដីដែលបន្សល់ទុកកាលពីសម័យសង្គ្រាមច្រើនណាស់ មកដល់ពេលនះក្រុមស៊ីម៉ាក់ក៍មិនទាន់បានបោសសម្អាតដែរ ដែលទាមទារឲ្យបងប្អូនកាប់គាស់ដីធ្វើស្រែចម្ការមានការប្រុងប្រយ័ត្នជានិច្ច ៕


ចែករំលែកព័តមាននេះ