ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នករកស៊ីប្រឆំាងការលក់របស់ក្លែងក្លាយ ខូចគុណភាព

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ «យើងសង្កេតឃើញថា ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ នេះជួយឱ្យប្រជាជនគាត់មានការយកចិត្តទុកដាក់ ក្នុងការទិញសម្ភារៈណា មានការត្រួតពិនិត្យនូវគុណភាព សុវត្ថិភាព និងអនាម័យ ។…

រាជធានីភ្នំពេញ ៖ «យើងសង្កេតឃើញថា ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ នេះជួយឱ្យប្រជាជនគាត់មានការយកចិត្តទុកដាក់ ក្នុងការទិញសម្ភារៈណា មានការត្រួតពិនិត្យនូវគុណភាព សុវត្ថិភាព និងអនាម័យ ។ ក្នុងនាមខ្ញុំជាអ្នកផលិតនៅពេលដឹងថា មានច្បាប់ការពារអ្នកប្រើប្រាស់ ហើយយើងយល់ថា អាចបង្កើតសមាគមការពារអ្នកប្រើប្រាស់ដើម្បីចូលរួមការពារ សុខភាពរាងកាយរបស់អ្នកប្រើប្រាស់បាន» នេះជាការលើកឡើងរបស់ឧកញ៉ា កែវ មុំ ពាណិជ្ជករ និងជាម្ចាស់សហគ្រាសផលិតចំណីអាហារម្នាក់នៅកម្ពុជា ។

លោកស្រីឧកញ៉ា លើកឡើងថា ក្នុងនាមជាអ្នកប្រើប្រាស់ និងជាអ្នកផលិតនៅក្នុងស្រុកមួយរូប មានការសារទរនៅច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ។ «ក្នុងនាមជាអ្នកប្រើប្រាស់ យើងយល់ឃើញថា ទំនិញមួយចំនួនផលិតមិនមានគុណភាព សុវត្ថិភាព និងគ្មានអនាម័យវាអាចនឹងប៉ះពាល់ដល់សុខភាពរាង្គកាយរបស់អ្នកប្រើប្រាស់» ។

ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ត្រូវបានប្រកាសឱ្យប្រើតាមព្រះរាជក្រមចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅពេលដែលគេមើលឃើញថា ទំនិញខូចគុណភាព ទំនិញក្លែងបន្លំ មានលក់ច្រើននៅលើទីផ្សារបង្ករផលប៉ះពាល់សុខភាពពលរដ្ឋ ។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានសម្តែងការគាំទ្រដល់ច្បាប់ការពារអ្នកប្រើប្រាស់ ។ លោកថា ច្បាប់នេះនឹងជួយបញ្ជ្រាបការយល់ដឹង និងការពារដល់ធុរជន អ្នកប្រើប្រាស់ ក្នុងប្រទេសកម្ពុជា កំឡុងពេលដែលប្រទេសកម្ពុជានឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយ ជារឿងមួយដែលធ្វើឱ្យប្រទេសកម្ពុជា និងប្រទេសជាសមាជិកអាស៊ាន និងសកលលោក នឹងមានការទំនាក់ទំនងគ្នា បង្កើនការទាក់ទាញអ្នកវិនិយោគ ធុរជនជាតិ-អន្តរជាតិ មកធ្វើធុរកិច្ច និងវិនិយោគក្នុងប្រទេសកម្ពុជា ។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ការការពារអ្នកប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព តម្រូវឱ្យអាជីវកម្មទទួលបានការជូនដំណឹងអំពីកាតព្វកិច្ចរបស់ខ្លួនចំពោះអ្នកប្រើប្រាស់ និងចៀសវាងសកម្មភាពណាមួយដែលអាចភូតកុហក ពង្វាងការពិត ឬធ្វើឱ្យខូចប្រយោជន៍ដល់អ្នកប្រើប្រាស់ ទាំងក្នុងប្រតិបត្តិការជាទម្លាប់ប្រពៃណី ឬក្នុងពាណិជ្ជកម្មអេឡិចត្រូនិក ។

លោកបន្តថា ការការពារផលប្រយោជន៍ និងសិទ្ធិរបស់អ្នកប្រើប្រាស់មិនគួរត្រូវបានចាត់ទុកថា ជាឧបសគ្គដល់អាជីវកម្មឡើយ ។ ផ្ទុយទៅវិញ អាជីវកម្មដែលលក់ផលិតផល ឬសេវាកម្មទៀងត្រង់ និងបម្រើអតិថិជនរបស់ពួកគេដោយស្មើភាព ជាឧទាហរណ៍ ដោយការគោរពតាមការធានាអះអាង និងការធានាលើផលិតផល អាចពង្រីកមូលដ្ឋានអតិថិជន និងការប្រកួតប្រជែងរបស់ពួកគេ ។ អ្នកតំណាងមកពីសហគមន៍ពាណិជ្ជកម្ម ក៏អាចដើរតួជាដៃគូដែលទុកចិត្តសម្រាប់រដ្ឋាភិបាលក្នុងការគាំទ្រដល់ការការពារអ្នកប្រើប្រាស់ ។

លោកស្រី ឧកញ៉ា កែវ មុំ មានប្រសាសន៍ថា ក្រុមហ៊ុនលោកស្រី ផលិតនូវផលិត ផលតំាងពីដើមមកគិតអំពីគុណភាព សុវត្ថិភាព និងអនាម័យ ជាធំសម្រាប់ផ្តល់នូវផលិត ផលមានគុណភាពទៅដល់អ្នកប្រើប្រាស់ ។ លោកស្រី សង្ឃឹមថា អ្នកផលិតនៅក្នុងស្រុក ដទៃទៀត នឹងពង្រឹងគុណភាពផលិតផលរបស់ខ្លួនឱ្យបានកាន់តែប្រសើរថែមទៀត ជូនដល់អ្នកប្រើប្រាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ